កីឡាករប្រដាល់ជាតិដាណឺម៉ាក មីកគែល កេសស្ល៊័រ បានថ្លែងថា ខ្លួនបានត្រៀមរួចស្រេចបាច់អស់ហើយ ដើម្បីជួបប្រកួតឯកភាពខ្សែប្រវាត់ក្នុងប្រភេទទម្ងន់ Super-middieweight ជាមួយកីឡាករប្រដាល់អស់គ្លេសខាល ហ្វ្រច់ ។ ម្ចាស់ខ្សែក្រវាត់ស្ថាប័នWBA រូបនេះបានថ្លែងថា «ខ្ញុំពេលនេះមានអារម្មណ៍ស្រស់ថ្លាល្អណាស់។ ខ្ញុំគិតថា ខ្ញុំបានត្រៀមខ្លួនជួបខាល ហ្វ្រច់ រួចរាល់ហើយ ។ ខ្ញុំគិតថាគ្មានអ្នកណាម្នាក់អាចផ្តួលខ្ញុំបានទេ » ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបន្តថា «ខ្ញុំកាន់តែស្រេកឃ្លានការប្រកួត ហើយខ្ញុំដឹងថា ហ្រ្វច់ស្រេកឃ្លានខ្លាំងជាងខ្ញុំទៀត ។ ខ្ញុំធ្លាប់ឈ្នះការប្រកួតក្នុងជំនួបលើកទី១» ។
សូមបញ្ជាក់ថា កេសស្ល័រនិងខាលហ្វ្រច់នឹងឡើងសង្វៀនប្រកួតដណ្តើមនិងការពារខ្សែក្រវាត់របស់ខ្លួនផងនៅរាត្រីថ្ងៃសៅរ៍ទី២៥ ឧសភា ចុងសប្តាហ៍នេះ ។ ការប្រកួតគ្រោងធ្វើនៅសង្វៀន 02 Arena ស្ថិតក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។ ការជួបគ្នាកាលពីលើកទី១ នៅប្រទេសដាណឺម៉ាកនាឆ្នាំ២០១០ ហ្វ្រច់ដែលបច្ចុប្បន្នគ្រងខ្សែក្រវាត់ស្ថាប័ន IBF ចាញ់ដោយពិន្ទុយ៉ាងប្រផិតប្រផើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករវ័យ៣៥ឆ្នាំរូបនេះ បានបញ្ជាក់ថា «បន្ទាប់ពីការជួបគ្នាលើកទី១មកខ្ញុំសម្រេចបានសមិទ្ធផលជាច្រើន គិតមកទល់នឹងពេលនេះដូចជាយូរហើយ ។ ខ្ញុំនឹងមានប្រៀបលើគូប្រកួតច្រើនសម្រាប់ជំនួបលើកទី២នេះ ។ ប្រៀបធៀបទៅនឹងការប្រកួតលើកទី១ជាមួយកេសស្ល៊័រ ខ្ញុំឥឡូវនេះរីកចម្រើនច្រើនណាស់ គឺខ្ញុំបានឆ្លងកាត់ការប្រកួតអស់ជាង៤០ទឹក ក្នុងនោះក៏ធ្លាប់ជួបជាមួយជើងខ្លាំងពិភពលោកមានដូចជាអាទ័រ អាប្រាហាំ, អ៊ែនឌ័រវ៉ត និងលូសា៊ន ប៊ូតជាដើម » ។
ដោយឡែកមើលលើឯតទគ្គកម្មប្រកួតវិញ កេសស្ល៊័រ៤៨ប្រកួតចាញ់២លើក មិនដែលស្មើ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន៣៥លើក ខណៈខាលហ្វ្រច់ ៣២ប្រកួតគឺចាញ់២លើកដូចគ្នា និង២២លើកផ្តួលដៃគូឱ្យសន្លប់ ៕



ចែករំលែកព័តមាននេះ