ខេត្តបន្ទាយមានជ័យ ៖ សំរាមនៅមុខផ្សារសិរីសោភ័ណកណ្តាលទីរួមខេត្ត កំពុងមានការកកស្ទះនិងជះក្លិនស្អុយអសោចិ៍រយៈពេលជិត១សប្តាហ៍មកហើយ មិនឃើញមានរថយន្តក្រុមហ៊ុនប្រមូលសំរាមមកដឹកឡើយ ។ប្រជាពលរដ្ឋដែលជាអាជីវករនៅជុំវិញផ្សារសិរីសោភ័ណនិយាយថា គំនរសំរាមនៅខាងកើតផ្សារ ដោយសាររយៈពេលជិតមួយសប្តាហ៍ហើយមិនឃើញគេមកប្រមូលធ្វើឱ្យកកស្ទះពេញធុងនិងដាក់គរក្រៅធុងថែមទៀត កំពុងជះក្លិនស្អុយដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋដែលលក់ដូរ និងរស់នៅជុំវិញផ្សារនេះ ។ ប្រជាពលរដ្ឋបានចំអកនិងចោទថា បើនិយាយពីថ្លៃសំរាមវិញរកតែដាច់ខែមិនទាន់ក្រុមហ៊ុនដើរទារលុយហើយ តែសំរាមវិញទុកឱ្យកកស្ទះ ដោយមិនគិតគូរប្រមូលឱ្យទាន់ពេលវេលាទេ ។
លោក ទ្រី ណារិន អភិបាលខេត្តថ្លែងថា ចំពោះបញ្ហាសំរាមដែលកកស្ទះនៅមុខផ្សារសិរីសោភ័ណនេះ លោកមិនដឹងទេព្រោះនៅមុខផ្សារ គឺក្រុមហ៊ុនផ្សារជាអ្នកគ្រប់គ្រងជាមួយក្រុមហ៊ុនសំរាម ។ ទោះជាយ៉ាងណាមិនត្រូវឱ្យមានការកកស្ទះទេ ព្រោះផ្សារជាកន្លែងលក់ដូរ ហើយជុំវិញផ្សារមានប្រជាពលរដ្ឋរស់នៅ គួរក្រុមហ៊ុនប្រមូលសំរាមមានវិធានការយ៉ាងណាដឹកជញ្ជូនឱ្យទាន់ពេល៕


ចែករំលែកព័តមាននេះ