រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២១ ឧសភា សាលាដំបូងរាជធានីបានសម្រេចឃុំខ្លួនសមាជិកក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នដើម្បីរង់ចាំសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ជនសង្ស័យដែលត្រូវឃុំខ្លួនឈ្មោះ ធៀប តុលា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃគ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ឧសភា ខណៈពេលគេជិះម៉ូតូឌុបបម្រុងចូលផ្ទះសំណាក់ម៉ីហួរ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីការស៊ើបអង្កេត និងស្រាវជ្រាវ និងយោងតាមចម្លើយសារភាពរបស់បក្សពួកគេដែលត្រូវចាប់ឃុំខ្លួនកន្លងទៅឆ្លើយដាក់ និងមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣ មករា ឆ្នាំ២០១៣ ឈ្មោះ រី ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ ជាអ្នកលក់ដូរ បានចេញពីហាង៩៩៩ ដោយជិះរថយន្តជាមួយមិត្តភក្តិទៅផ្ទះ ។ នៅពេលរថយន្តឈប់មុខផ្ទះស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ជនរងគ្រោះបានដើរទៅចាក់សោទ្វាររបងបំណងចូលផ្ទះ ស្រាប់តែមានជនល្មើសចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម បានទៅធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបប្រាក់ ក្នុងនោះមាន៣៥ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង រួចបានជិះម៉ូតូគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី៦ មីនា ឆ្នាំ២០១៣ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដែលល្បាតតាមដងផ្លូវ ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជ្រី ទីហាប់ ភេទប្រុស អាយុ២៣ឆ្នាំ នៅម្តុំអតីតកៅដាយ ពាក់ព័ន្ធនឹងជិះម៉ូតូម៉ាកហ្វ៊ីណូ១គ្រឿង ពាក់ស្លាកលេខក្លែងក្លាយ ។
តាមចម្លើយសារភាពរបស់ឈ្មោះ ជ្រី ទីហាប់ បានបញ្ជាក់ថា គេមានបក្សពួក៣នាក់ ដែល២នាក់ទៀត គឺម្នាក់ឈ្មោះ ដែន និងម្នាក់ទៀតឈ្មោះ តុលា ធ្លាប់បានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ។ ចំណុចនេះហើយបានធ្វើឱ្យសមត្ថកិច្ចតាមប្រមាញ់រកចាប់ខ្លួនបក្សពួកបន្ត ទើបបានជាជនសង្ស័យឈ្មោះ ធៀប តុលា ត្រូវចាប់ខ្លួន ។
សមត្ថកិច្ចបានឱ្យដឹងថា ទោះបីជនសង្ស័យមិនបានឆ្លើយសារភាពយ៉ាងណាក្តី ក៏សមត្ថកិច្ចទទួលបានព័ត៌មានជាក់លាក់ថា ជនសង្ស័យឈ្មោះ ធៀប តុលា និងបក្សពួក៥នាក់ ដែលបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃសមុន គឺជាក្រុមប្លន់យ៉ាងសកម្ម ។ ក្នុងនោះកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១២ វេលាម៉ោង៣ទៀបភ្លឺ បានធ្វើសកម្មភាពប្លន់យករថយន្តម៉ាករ៉ង់រ៉ូវែរ ១គ្រឿង ដែលជនរងគ្រោះបានឈប់នៅមុខភោជនីយដ្ឋានតាយតាយ តាមមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានភ្ជង់រុញម្ចាស់ឱ្យចុះពីក្នុងរថយន្ត ។ ពេលធ្វើសកម្មភាពប្លន់នោះ ពួកគេមានបក្សពួក៥នាក់ ដោយជិះម៉ូតូ២គ្រឿង និងប្រដាប់អាវុធខ្លី២ដើម ។
នៅពេលប្លន់រថយន្តបានហើយ ពួកគេក៏ជិះសំដៅទៅទិសខាងលិច លុះដល់គល់ស្ពានស្ទឹងមានជ័យ រថយន្តត្រូវបែកកង់ ពួកគេបង្ខំចិត្តទុករថយន្តនោះចោល ប៉ុន្តែត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីនាំយកទៅរក្សាទុកឱ្យម្ចាស់វិញ ។ សមត្ថកិច្ចបន្តថា ១ករណីទៀតបានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ មីនា ឆ្នាំ២០១៣ បក្សពួកទាំង៥នាក់ដដែល បានទៅស្ទាក់ប្លន់នារីម្នាក់ដែលជិះរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ នៅក្បែរផ្សារសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ករណីប្លន់នេះ ពួកគេបានយកទាំងរថយន្តទាំងម្ចាស់ទៅទម្លាក់ចោលនៅម្តុំវត្តសំរោងអណ្តែត ក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលនារីរងគ្រោះត្រូវបានគេយកស្គុតបិទមាត់ និងចងដៃទៀតផង ។
ការប្លន់រថយន្តនោះបានសម្រេចហើយ គេយកទៅលក់បានប្រាក់ចែកគ្នាចាយវាយអស់ ។ រីឯនារីរងគ្រោះ ក្រោយពីចោរប្លន់យករថយន្តទៅបាត់ នាងខំស្រវាដើររកផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យគេជួយ ប៉ុន្តែហួសពេលទៅហើយ និងចាត់ទុកថាសំណាងណាស់ហើយដែលក្រុមចោរទុកជីវិតឱ្យ ៕
ចែករំលែកព័តមាននេះ