ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​95​​កៀរ​កាមរី​បាឡែន​ហើយ​បើក​រត់​ជ្រុល​ទៅ​បុក​ម៉ូតូ​

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​កាម​រី​ស៊េរី​ឆ្នាំ​១៩៩៥​មួយ​គ្រឿង​ បើក​បរ​​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​២​លើក​បន្ត​បន្ទាប់​គ្នា​ភ្លាម​ៗ​ នៅ​លើ​​ផ្លូវ​​បេតុង​មួយ​លើក​ និង​លើក​ផ្លូវ​ជាតិ​លេខ​៥​មួយ​លើក​ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​យប់​ថ្ងៃ​ទី​២១​ ឧសភា ។

ប្រភព​ពី​មន្ត្រី​អាវុធ​ហត្ថ​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​លើក​ទី​១​ កើត​ឡើង​នៅ​លើ​ផ្លូវ​បេ​តុង​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ ដោយ​រថ​យន្ត​កាមរី​ស៊េ​រី​ឆ្នាំ​១៩៩៥​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហនុ​ 2A-0313 បើក​ជ្រុល​កៀរ​រថ​យន្ត​កាមរី​បាឡែន​ក្នុង​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​រថ​យន្ត​បាឡែន​បែក​កញ្ចក់​ខាង​ឆ្វេង​ នៅ​វេលា​ម៉ោង​ជិត​៨​យប់​ រួច​រថ​យន្ត​កាមរី​ខាង​លើ​ បើក​រត់​ទៅ​ទិស​ខាង​កើត​ ដោយ​រថ​យន្ត​បាឡែន​បើក​ដេញ​​ពី​ក្រោយ​ឱ្យ​ទទួល​ខុស​ត្រូវ​ ។ ពេល​នោះ​រថ​យន្ត​កាមរី​ស៊េរី​ឆ្នាំ​១៩៩៥​ បើក​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មា៉ក​សង់​ស៊េ​រី​ឆ្នាំ​២០០៣​ ពណ៌​ខ្មៅ​ ចំ​ពី​ក្រោយ​ ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​អូរ​ជ្រៅ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​២​នាក់​ឪ​ពុក​កូន​ ​ដួល​រង​របួស​ ត្រូវ​រថ​យន្ត​ឯក​ជន​ទៅ​ព្យា​បាល​នៅ​​គ្លីនិក​​ក្រុង​សេរី​សោ​ភ័ណ​ ។

ជន​រង​គ្រោះ​ដែល​បើក​ម៉ូតូ​ឈ្មោះ​ ស៊ីន​ សិរី​រិទ្ធ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ និង​កូន​ស្រី​ឈ្មោះ​ រ៉ាទី​ អាយុ​១២​ឆ្នាំ​ មាន​លំនៅ​ភូមិ​បាលិ​លេយ្យ​២​ ​។ រថ​យន្ត​កាមរី​ក្រោយ​ពី​កៀរ​រថ​យន្ត​បាឡែន​ និង​បុក​ម៉ូតូ​​​ហើយ​ បាន​បើក​រត់​ទាំង​បែក​កង់​មុខ​ខាង​ស្តាំ​យក​ទៅ​ចត​ចោល​ ចម្ងាយ​ពី​កន្លែង​កើត​ហេតុ​​ជិត​៣​គី​ឡូ​ម៉ែត្រ​ ត្រូវ​មន្ត្រី​អាវុធ​ហត្ថ​ក្រុង​ប្រទះ​ឃើញ​ និង​ស្ទូច​​យក​ទៅ​រក្សា​ទុក​នៅ​ទី​បញ្ជា​ការ​អាវុធ​ហត្ថ​ក្រុង​ ដើម្បី​ឱ្យ​អ្នក​បើក​បរ​ចូល​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕