សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០១៣ បានផ្សាយពីលទ្ធផលរៀបចំចំណាត់ថ្នាក់បុគ្គលមានទ្រព្យសម្បតិ្តស្តុកស្តម្ភបំផុតនៅលើពិភពលោករបស់ Bloomberg Billionaires Index ឃើញថា លោកប៊ីល ហ្គេត អ្នកបង្កើតក្រុមហ៊ុនរ៉េដម៉ុន និងម៉ៃក្រូសហ្វ កា្លយជាបុគ្គលមានទ្រព្យបំផុតនៅលើពិភពលោកនាំមុខលោក កាឡូសស្លុីម អ្នកវិនិយោគទុនម៉ិកស៊ិក ជាលើកដំបូងក្នុងអំឡុងពេល៦ឆ្នាំ ដោយមានទ្រព្យសម្បត្តិសរុប៧,៣៧ម៉ឺនលានដុល្លារ ។
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនអាមេរិក ម៉ូវីល អេសអេប៊ី អ្នកបម្រើផ្នែកទូរស័ព្ទចល័តដ៏ធំនៅម៉ិកស៊ិករបស់លោកកាឡូស ស្លុីម អាយុ៧៣ឆ្នាំ ភាគហ៊ុនបានធ្លាក់ដល់ទៅ១៤ភាគរយ ក្រោយពីសភាម៉ិកស៊ិកឆ្លងច្បាប់ហាមលោកស្លុីម ផ្តាច់មុខនៅលើទីផ្សារ ធ្វើឱ្យតម្លៃទំនិញសរុបរបស់លោកធ្លាក់ចុះដល់ទៅ៣ពាន់លានដុល្លារ នៅសល់ទ្រព្យសម្បត្តិត្រឹមតែ៧,១៤ម៉ឺនលានដុល្លារ ។ផ្ទុយទៅវិញ ក្រុមហ៊ុនម៉ៃក្រូសហ្វរបស់លោកប៊ីល ហ្គេត អាយុ៥៧ឆ្នាំ ថ្លៃភាគហ៊ុនបានកើនដល់២៨ភាគរយក្នុងឆ្នាំនេះ ដោយគ្រប់គ្រងលើថ្លៃទំនិញ និងការជួញដូរ ក្រោមស្ថានភាពនៃតម្រូវការកុំព្យូទ័រ ។
ចំណែកលំដាប់ទី៣ក្នុងឆ្នាំ២០១៣ បានទៅលើលោកវ័ររ៉េន បាហ្វហ្វេត អាយុ៨២ឆ្នាំ ជាម្ចាស់ និងអ្នកកាន់ភាគហ៊ុនដ៏ធំក្នុងក្រុមហ៊ុនវិនិយោគទុន«ប៊ើកស៊ែ ហាថាវ៉េ» មានទ្រព្យសម្បត្តិ៥,៩៧ម៉ឺនលានដុល្លារ ។ លំដាប់ទី៤ គឺលោកអាម៉ាន់គីអូ អ៊័រតេហ្គា អាយុ៧៦ឆ្នាំ អ្នកបង្កើតសាខាសារ៉ា និងជាអ្នកចូលរួមបង្កើតក្រុមហ៊ុនអីុនឌីថេក នៅអេស្ប៉ាញ មានទ្រព្យសម្បត្តិសរុប៥,៧ម៉ឺនលានដុល្លារ។ចំណែកចំណាត់ថ្នាក់ទី៥ គឺលោកអីុងវ៉ា ហ្គាមប្រាត អាយុ៨៧ឆ្នាំ អ្នកបង្កើតក្រុមហ៊ុនផលិតឧបករណ៍តុបតែងលម្អលំនៅឋាន(Ikea) មានទ្រព្យសម្បត្តិ៥,៥៦ម៉ឺនលានដុល្លារ ៕
ចែករំលែកព័តមាននេះ