បេក្ខជនសំខាន់២រូបសម្រាប់ការបោះឆ្នោតប្រធានាធិបតីអីុរ៉ង់ លោកអាក់បា ហាសេមី រ៉ាហ្វ សាន់ហ្សានី និងលោកអេស្វាន ឌីយ៉ា រ៉ាហ៊ីម ម៉ាសៃអីុ កាលពីថ្ងៃទី២១ ឧសភា ពុំត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតនាថ្ងៃទី១៤ មិថុនាខាងមុខនេះឡើយ ។
លោករ៉ាហ្វសាន់ហ្សានី អតីតប្រធានាធិបតី(១៩៨៩ទៅ១៩៩៧) អាយុ៧៨ឆ្នាំ ពុំមានឈ្មោះក្នុងបញ្ជីបេក្ខជន៨រូបដែលរក្សាទុកដោយក្រុមប្រឹក្សាឆ្មាំរដ្ឋធម្មនុញ្ញទទួលបន្ទុកផ្តល់សុពលភាពដល់បណ្តាបេក្ខភាពក្នុងចំណោមឥស្សរជនចុះឈ្មោះទាំង៦៨៦រូបឡើយ។
លោកអេស្វាន ឌីយ៉ា រ៉ាហ៊ីម ម៉ាសៃអីុ ជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីចប់អាណត្តិលោកម៉ាមូដអាម៉ាឌីណឺហ្សាដ ក៏ត្រូវដកឈ្មោះចេញពីបញ្ជីដែរ តែគេពុំបានបញ្ជាក់ពីហេតុផលនៃការដកនេះឡើយ ។អ្នកទាំង២រូបនោះជាអ្នកប្រឆាំងនឹងបណ្តាអ្នកទទួលខុសត្រូវអភិរក្សនិយមជ្រុលដែលទាមទារឱ្យដកឈ្មោះពួកគេចេញតាំងពីពេលចុះឈ្មោះកាលពីថ្ងៃទី១១ ឧសភាមកម៉្លេះ ។ ពួកអ្នកអភិរក្សនិយមទាំងនេះចោទជាពិសេសដល់លោករ៉ាហ្វសាន់ហ្សានីថា ជាអ្នកជួយទ្រទ្រង់ដល់បាតុកម្មនានា ក្រោយការជាប់ឆ្នោតជាថ្មីរបស់លោកម៉ាមូដអាម៉ា ឌីណឺហ្សាដកាលពីខែមិថុនា ឆ្នាំ២០០៩ ។
ចំណែកលោកអេស្វាន ឌីយ៉ារ៉ាហ៊ីម ម៉ាសៃអីុ វិញ ជាមនុស្សដកខ្លួនឆ្ងាយពេកពីខ្សែបន្ទាត់ការពារដោយមេដឹកនាំកំពូលអីុរ៉ង់ លោកអាយ៉ាតុលឡាហ៍អាលី ខាមីនី ។ លោកក៏ត្រូវគេចាត់ទុកជាមនុស្សស្និទ្ធប្រធានាធិបតីបច្ចុប្បន្នពេក ខណៈប្រធានាធិបតីរូបនេះរងការរិះគន់ដោយពួកអភិរក្សនិយមជ្រុលក្នុងអាណត្តិទី២របស់លោក ៕


ចែករំលែកព័តមាននេះ