លោកម៉ាន់ ឈឿន ដឹកនាំមន្ដ្រីចុះសួរសុខទុក្ខមន្ដ្រីក្រីក្រជួបការលំបាក
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៤:៤៧

ប៊ុនរី
លោកនង ចាន់ធី ជាមេភូមិ មានជំងឺ
រាជធានីភ្នំពេញ ៖ លោកម៉ាន់ ឈឿន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ, លោកសុខ សម្បត្ដិ អភិបាលខណ្ឌដូនពេញ, លោកហែម អាន ប្រធានក្រុមប្រឹក្សា និងលោកឈឹម ឌីណា ព្រមទាំងសមាជិកក្រុមប្រឹក្សាជាច្រើនរូបទៀតបានចុះសួរសុខទុក្ខដល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលជួបការលំបាកកាលពីព្រឹកថ្ងៃទី ១៤ កក្កដា នៅសង្កាត់បឹងរាំង និងសង្កាត់ជ័យជំនះ ។លោកនង ចាន់ធី អាយុ៥០ឆ្នាំ ជាមេភូមិ ទី១០ សង្កាត់បឹងរាំង មានជំងឺបេះដូង បណ្ដាលឱ្យស្ទះសរសៃឈាមរហូតឈានដល់ធ្វើការវះកាត់ជើងខាងឆ្វេង ហើយកំពុងជួបការលំបាកក្នុងជីវភាព ត្រូវបានលោកម៉ាន់ ឈឿន ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀល, លោកសុខ សម្បត្ដិ អភិបាលខណ្ឌដូនពេញ ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀល ។
កន្លងមកសាលាខណ្ឌដូនពេញ ក៏បានចុះសួរសុខទុក្ខ លោកនង ចាន់ធី ចំនួន៣លើករួចមកហើយ ហើយឧបត្ថម្ភជាទឹកប្រាក់ចំនួន៥០ម៉ឺនរៀល។នៅព្រឹកថ្ងៃដដែលនេះដែរ លោកម៉ាន់ ឈឿន និងលោកអភិបាលខណ្ឌដូនពេញ ព្រមទាំងក្រុមប្រឹក្សាក៏បានចុះសួរសុខទុក្ខអ្នកស្រីស្វាយ សុខេម អាយុ៥៥ឆ្នាំ ជាអនុប្រធានសមាគមនារីសង្កាត់ជ័យជំនះ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាភូមិទី៧ ដែលជួបការលំបាកបន្ទាប់ពីប្ដីស្លាប់ និងកូនរបួសក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦A ៕