បណ្តារថយន្តត្រូវខ្យល់បោកក្រឡាប់ បណ្តាអគាររងការបំផ្លាញ បណ្តាវិថីរាយប៉ាយដោយបំណែក និងកម្ទេចកម្ទី នៅក្រុង MOORE រដ្ឋអូក្លាហូម៉ា ជិត២៤ម៉ោង ក្រោយព្យុះកំបុតត្បូងដ៏កំណាច ពួកអ្នកជួយសង្គ្រោះកាលពីថ្ងៃទី២១ ឧសភា បន្តកាយរុករកក្រោមគំនរបាក់បែកទាំងឡាយនូវមនុស្សមួយចំនួនដែលបាត់ខ្លួន ។
ប្រមុខប៉ូលិសក្រុងអូក្លាហូម៉ាស៊ីធី លោក BILL CITTY ក្នុងសន្និសីទសារព័ត៌មានមួយនិយាយថា ពេលនេះយើងអាចអះអាងពីចំនួនអ្នកសា្លប់ដោយសារព្យុះកំបុតត្បូងនេះ២៤នាក់ ហើយអាចមានច្រើនជាងនេះទៀត ។ កាលពីយប់មុន មនុស្សប្រមាណជា៤៨នាក់បាត់ខ្លួន ។ ក្នុងចំណោមអ្នកទាំងនេះ ភាគច្រើនកាយរកឃើញ លើកលែងមនុស្សមួយចំនួននៅក្រុង MOORE ។ យើងបន្តរុករកពួកគេរហូតដល់រកឃើញមនុស្សទាំងអស់ ។
កាលពីថ្ងៃទី២១ ឧសភា វេលាព្រឹកអ្នកទទួលខុសត្រូវម្នាក់នៃអាជ្ញាធរសុខាភិបាលអូក្លាហូម៉ាអះអាងតុល្យការបណ្តោះអាសន្នពីមនុស្សស្លាប់ថាមាន២៤នាក់ ក្នុងនោះមានកុមារ៩នាក់។ តុល្យការផ្លូវការមុននេះនិយាយពីមនុស្សស្លាប់ថាមានដល់៩១នាក់ឯណោះ ក្នុងនោះមានកុមារ២០នាក់ ។
ព្យុះកំបុតត្បូងមានមុខ៣គីឡូម៉ែត្របានកម្ទេចក្រុង MOORE ជាយក្រុងអូក្លាហូម៉ាស៊ីធីបោកប៉ើងរថយន្តតូចធំ ផ្តួលរំលំដើមឈើ ធ្វើឱ្យបាក់អគារ កាត់ផ្តាច់ភ្លើង និងទឹកក្នុងទិដ្ឋភាពមួយមើលទៅគួរឱ្យព្រឺព្រួចបំផុត ៕
ចែករំលែកព័តមាននេះ