និស្សិតមហាវិទ្យាល័យមួយរូបដែលគេដាក់ឈ្មោះថា «បុរសសាច់ដុំ» បានស្លាប់ជួយមិនទាន់ដោយសារផឹកថ្នាំជំនួយវប្បកម្ម ។ សាម៉ាដ អាឡាឌីន ជានិស្សិតម្នាក់ងប់ងុរការហាត់កាយវប្បកម្ម(ហាត់សាច់ដុំ)។ ដោយប្រើប្រាស់ថ្នាំ និងអាហារជាជំនួយជាប់ជានិច្ច និស្សិតរូបនេះខំហាត់រាល់ថ្ងៃ ធ្វើឱ្យរាងកាយអណ្តែតសាច់ដុំឃើញគាប់ភ្នែកគួរឱ្យសរសើរ មិត្តភក្តិក្នុងសាលានាំគ្នាហៅរូបគេថា«ប្រុសសាច់ដុំ» ។ ប្រុសសាច់ដុំរូបនេះពេលខ្លះបង្អួតសាច់ដុំតាមអីុនធើរណេតទៀតផង ។ ប៉ុន្តែគ្រាន់តែប៉ុន្មានម៉ោងក្រោយការប្រើថ្នាំបន្ថយទម្ងន់ DNP ស្រាប់តែរូបគេត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
អាឡាឌីន ជាកូនប្រុសសេដ្ឋីឥណ្ឌា ។ នាយរៀនជំនាញខាងសិល្បៈ និងគម្រោងផែនការនៅប្រទេសអង់គ្លេស។ សប្តាហ៍មុនស្លាប់នាយឃើញការព្រមានដែរ តែមិនអើពើ ។ ពេលនោះមហាវិទ្យាល័យ The University for the creative Arts ចេញផ្សាយការព្រមានចំពោះនិស្សិតរបស់ខ្លួនដូចតទៅ ៖ «ពួកយើងបង្ខំចិត្តត្រូវតែចាប់អារម្មណ៍ថា ថ្នាំជំនួយមួយចំនួនសម្រាប់សម្រកទម្ងន់ និងបង្កើនសាច់ដុំដែលជាថ្នាំគ្រោះថ្នាក់នោះវាអាចកំពុងចរាចរក្នុងចំណោមនិស្សិតសាលាយើង ។ បើមិត្តមានថ្នាំ Dinitrophenol ឬ Dymetadrine ទោះទិញពីទីណាក៏ដោយ សូមឈប់ប្រើប្រាស់ជាបន្ទាន់ ។ ថ្នាំជំនួយហាត់សាច់ដុំប្រភេទនោះ ករណីខ្លះបែរជាសម្លាប់យើងទៅវិញ» ។
ថ្នាំប្រភេទនោះមានពណ៌លឿង អត់ក្លិន ដែលពីដើមពេលខ្លះគេប្រើកម្ចាត់ស្មៅ និងកម្ចាត់ជំងឺផ្សិត ។ គេលក់វាជាសំខាន់ចំពោះអ្នកហាត់កាយវប្បកម្មដែលត្រូវការបន្ថយទម្ងន់ ។ កាលពីទសវត្ស១៩៣០ អ្នកធាត់ៗនៅអាមេរិកប្រើជាជំនួយសម្រកខ្លាញ់, លុះដល់ឆ្នាំ១៩៣៨ គេហាមប្រើប្រាស់ទាំងស្រុង ព្រោះវាផ្តល់ផលវិបាកបន្ទាប់បន្សំច្រើនពេក ។ ផ្នែកវេជ្ជសាស្ត្រអាមេរិកចេញសេចក្តីព្រមានហាមប្រើប្រាស់ថ្នាំគ្រាប់ប្រភេទណាក៏ដោយដែលមានផ្ទុកសារធាតុDNP បន្ទាប់ពីការស្លាប់របស់ជនទីពីរពាក់ព័ន្ធសារធាតុ DNP ។ លទ្ធផលស្រាវជ្រាវមួយចេញផ្សាយដើមឆ្នាំ២០១៣នេះ បង្ហាញឱ្យឃើញមានការស្លាប់ដោយសារ DNP សរុប២៦ករណីមកហើយ ។ អ្នកស្រាវជ្រាវសរសេរថា«ពីមុនគេគិតថា DNP ជួយសម្រកទម្ងន់បានទាន់ចិត្ត ប៉ុន្តែស្មានមិនដល់សោះថាវានាំមកនូវផលវិបាកធ្ងន់ពេក» ។
ឆ្នាំ២០០៨ នាង Selena Walrond អាយុ២៦ឆ្នាំ នៅ Croydon ខាងត្បូងទីក្រុងឡុងដ៍ បានស្លាប់ក្រោយពេលផឹកថ្នាំDNP មួយរយៈខ្លី។ ថ្នាំពណ៌លឿងដែលមានផ្ទុក ២,៤សារធាតុ Dinitrophenol នោះ ធ្វើឱ្យចង្វាក់បេះដូងលោតញាប់ខ្លាំង ហើយកម្តៅក៏ឡើងខ្ពស់ភ្លាមៗ។ ថ្ងៃបន្ទាប់ អ្នកស្រី Anjennis ម្តាយរបស់នាងក៏ភ័យស្លន់ស្លោពេលឃើញកូនស្រីកំពុងព្យាយាមបញ្ចុះកម្តៅដោយខ្លួនឯង ។ គាត់ស្ទុះស្ទាបញ្ជូនកូនទៅមន្ទីរពេទ្យភ្លាម ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ គឺនាងស្លាប់ដោយគ្មានអ្នកណាអាចជួយអ្វីបាន ។
ថ្នាំសម្រកទម្ងន់ DNP មានផ្ទុក ២,៤ Dinitrophenol ត្រូវបានគេប្រើប្រាស់ផលិតថ្នាំជ្រលក់, ផលិតសារជាតិការពារសាច់ឈើ និងចាត់ទុកវាដូចប្រភេទថ្នាំកម្ចាត់ដង្កូវ ។២,៤ Dinitrophenol ជ្រាបចូលរាងកាយតាមផ្លូវរំលាយអាហារ, ក្រោយមកចែកចាយចូលក្នុងឈាម ទឹកនោម…។ សញ្ញាពុលដែលវាបង្ហាញឱ្យឃើញគឺក្អួត បែកញើស វិលមុខ ឈឺក្បាល ។ ក្រៅពីនោះវាបង្កផលវិបាកធ្ងន់ដល់ស្បែក និងធ្វើឱ្យស្រកទម្ងន់ភ្លាមៗ, ផ្តល់ផលអាក្រក់ដល់ខួរក្បាល ប្រព័ន្ធសរសៃប្រសាទ ក៏ដូចជាបេះដូង… ។
ការពិសោធចំពោះស្ត្រីផឹក ២,៤ Dinitrophenol រកឃើញថា នាងអាចជួបផលអាក្រក់ចំពោះលទ្ធភាពបង្កើតកូន ។ ការពិសោធថ្មីៗនេះដែលធ្វើចំពោះសត្វ ឃើញថា ២,៤ Dinitrophenol ធ្វើឱ្យអាយុខ្លី ៕


ចែករំលែកព័តមាននេះ