រាជធានីភ្នំពេញ ៖ តារាចម្រៀងសំឡេងរដឺននាងអឿន ស្រីមុំ បន្ទាប់ពីចេញពីប្រទេសកាណាដា វិលមករស់នៅក្នុងស្រុកវិញ អាជីពសិល្បៈរបស់នាងនៅមិនទាន់មានសន្ទុះលឿនដូចមុនឡើយ ។ គេគិតថា អឿន ស្រីមុំកំពុងតែស្ថិតនៅលើផ្លូវទាល់ទីផ្សារមិនដូចមុនទេ ។
អ្នកសិល្បៈមួយចំនួនទទួលស្គាល់ថា តារាដែលកំពុងតែល្បី ឡើងកូដខ្លាំង លុះបាត់មុខរាប់ខែឆ្នាំ គេចទៅនៅក្រេៅប្រទេស ព្រោះតែចង់ថ្នមចិត្ដគូស្នេហ៍បណ្ដូលចិត្ដ រួចវិលមកស្រុកវិញគ្រងការងារដែលខ្លួនធ្លាប់មានពីមុនមកនោះ គឺមិនសូវបានដូចមុនប៉ុន្មានទេ ដាច់ខាតត្រូវតែរលកថ្មីឬអ្នកល្បីៗនឹងធឹងនៅក្នុងស្រុកឆក់ឱកាសបាត់ហើយ ។ អីុចឹងហើយ ទើបនាងអឿន ស្រីមុំ ដែលធ្លាប់តែជាតារាមានយីអ៊ុនក្នុងការប្រកួតប្រជែងជាមួយតារាល្បីឈ្មោះផ្សេងទៀត កាលពីប៉ុន្មានឆ្នាំមុននេះហាក់នៅទ្រឹង ខណៈតារាថ្មីក៏មានទីផ្សារវាយគ្របលើនាង ។ ការប្រែប្រួលនេះ ដោយសារតែអឿន ស្រីមុំ សម្ងំរស់នៅជាមួយគូស្នេហ៍យ៉ាងត្រជាក់ចិត្ដនៅទឹកដីកាណាដា ហើយគេគិតថានាងលែងវិលមកស្រុកខ្មែរច្រៀងរាំទៀតហើយ។
អឿន ស្រីមុំ បញ្ជាក់ប្រាប់អ្នកស្គាល់នាងជិតដិតកាលពីពេលថ្មីៗនេះថា ឱកាសលេចមុខញឹកញាប់របស់នាងនាពេលដែលវិលមកវិញនេះ មិនដូចកាលពីមុន តែនាងមិនបណ្ដែតបណ្ដោយឱ្យខ្លួនឯងជ្រុះបាត់ប្រជាប្រិយភាពទេ ដ្បិតមួយរយៈដែលនាងមកកាន់វិថីសិល្បៈគឺមើលឃើញថា នៅតែមានអ្នកចង់ស្ដាប់ ចង់ឃើញកាយវិការសម្ដែងរបស់នាង ពិសេសនៅតែពេញនិយមសំឡេងច្រៀងបែបរដឺនរបស់នាង ដែលធ្វើឱ្យចិត្ដនាងកក់ក្ដៅ ។
អឿន ស្រីមុំ ទទួលស្គាល់ថា ពិភពសិល្បៈមិនដូចពីមុនទេ មានភាពជឿនលឿនខ្លាំង ឯតារាចម្រៀងក៏សម្បូរ និងមានសមត្ថភាពសម្ដែងស្ទើរតែគ្រប់ជ្រុង ហើយនាងសប្បាយចិត្ដទៅវិញនៅពេលនៅពេលឃើញភាពលេចធ្លោក្នុងសង្គមសិល្បៈ ។ ការលើកឡើងរបស់អឿន ស្រីមុំ ហាក់បំបែកការយល់ឃើញរបស់មហាជនមួយចំនួនថានាងធ្លាក់កូដ និងកំពុងស្ថិតនៅលើផ្លូវទាល់ និងហ៊ុមព័ទ្ធដោយការបរាជ័យ ខណៈដែលនាងបញ្ជាក់ថា នៅតែចង់ល្បីឈ្មោះដូចមុន ប្រណាំងប្រជែងជាមួយតារាក្មេងៗ ។
នាងអឿន ស្រីមុំ បានទៅរស់នៅប្រទេសកាណាដាជាច្រើនឆ្នាំ ទើបតែត្រឡប់មករស់នៅកម្ពុជាវិញកាលពីប៉ុន្មានខែមុន ។ ការត្រឡប់មកនៅស្រុកវិញនេះ លេចឮថាមិនមែនអឿន ស្រីមុំ ចង់មកទេ តែដោយសារនាងរស់នៅប្រទេសគេមិនស្របច្បាប់ ទើបគេបង្ខំឱ្យត្រឡប់មកស្រុកវិញ ។ ផ្ទុយពីការលេចឮនោះអឿន ស្រីមុំ អះអាងថានាងត្រឡប់មករស់នៅក្នុងស្រុកវិញនេះ ព្រោះតែចង់នៅជួបជុំក្រុមគ្រួសារ ។
ការចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះនៅក្នុងស្រុកវិញរបស់អឿន ស្រីមុំនៅពេលនេះគេមើលឃើញថាជួបការលំបាកមិនខាន ព្រោះអ្នកមានទេពកោសល្យសិល្បៈលេចឡើងច្រើន ។ គេនឹងចាំមើលថាតើអឿន ស្រីមុំអាចកសាងកេរ្ដិ៍ឈ្មោះបានដូចដើមទេ ៕
ចែករំលែកព័តមាននេះ