រាជធានីភ្នំពេញ ៖ តារាកំប្លែងពូកែវោហារមិនសំចៃមាត់ នាងម៉ក់ សុគន្ធស្រីនិច ហៅប្រិមប្រិយ មានឱកាសចេញទៅសម្ដែងជាលើកដំបូងនៅប្រទេសអូស្រ្ដាលី កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ ។ តារាកំប្លែងក្មេងខ្ចីស្រស់ស្អាតរូបនេះ ធ្វើឱ្យបុរសៗដែលរស់នៅក្នុងទឹកដីសត្វកង់ហ្គូរូមួយនេះខកបំណងទៅវិញ ដោយសារនាងវិលមកប្រទេសកម្ពុជាមុនការកំណត់ បើទោះបីជាម្ចាស់កម្មវិធីកំណត់ឱ្យនាងនៅសម្ដែងរយៈពេលជាងមួយខែក៏ដោយ ។
ការវិលមកកាន់ទឹកដីកំណើតវិញទាំងតក់ក្រហល់នេះនាំឱ្យគេសង្ស័យថា តារាកំប្លែងដែលមានប្រភពចេញពីក្រុុមល្ខោនបាសាក់រូបនេះ មិនបានទទួលជោគជ័យក្នុងការសម្ដែងលើកដំបូងនៅក្នុងទឹកដីដ៏ទាន់សម័យមួយនេះឡើយ ទើបនាងប្រញាប់ប្រញាល់វិលមកវិញ ។ ប្រិមប្រិយបានបដិសេធចំពោះការលើកឡើងដោយនាងបញ្ជាក់ថាមានមូលហេតុចំនួនពីរដែលធ្វើឱ្យនាងសម្រេចចិត្ដវិលពីអូស្រ្ដាលីមកប្រទេសកម្ពុជាវិញទាំងតក់ក្រហល់បែបនេះ ។
មូលហេតុដ៏សំខាន់ទីមួយដែលធ្វើឱ្យនាងមិនអាចបន្ដការសម្ដែងនៅបរទេសទៀតបាន គឺដោយសារតែម្ដាយរបស់នាងឈឺដែលចាំបាច់ត្រូវមើលថែពីរូបនាងដោយខានមិនបាន ។ បើទោះបីការសម្ដែងនៅបរទេសអាចទទួលបានទឹកប្រាក់ទាំងដុំក៏ដោយ ប៉ុន្ដែសុខភាពម្ដាយគឺជារឿងសំខាន់ ហេតុនេះចង់ ឬមិនចង់នាងត្រូវបង្ខំចិត្ដសុំម្ចាស់កម្មវិធីដើម្បីវិលត្រឡប់មកវិញមុនការកំណត់ ក្នុងពេលដែលនាងទើបតែបានសម្ដែងនៅទីនោះបានជាងមួយសប្ដាហ៍ប៉ុណ្ណោះ ។
ចំណែករឿងទី២ដែលធ្វើឱ្យប្រិមប្រិយមិនអាចបន្ដការសម្ដែងនៅបរទេសបានយូរទៀតនោះ គឺដោយសារតែនាងនឹករលឹកដល់ម្ចាស់ស្នេហ៍នាង ដែលជារឿយៗនាងមិនដែលបែកពីគូស្នេហ៍ក្នុងរយៈពេលយូរបែបនេះឡើយ ។
ប្រិមប្រិយនិយាយថា «កន្លងមកនាងខ្ញុំ និងគូស្នេហ៍មិនដែលបែកគ្នាយូរឡើយ ពោលគឺត្រឹមមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ ហើយបើមានការរវល់ខ្លាំងយ៉ាងហោចណាស់មួយថ្ងៃបានឃើញមុខគ្នាបន្ដិចក៏អស់ចិត្ដដែរ» ។ តាមការអះអាងរបស់តារាកំប្លែងនាងប្រិមប្រិយនេះពិតជាអាចបញ្ជាក់បានយ៉ាងច្បាស់ថា ចំណងស្នេហ៍ចាស់វស្សារបស់នាង និងថៅកែហាង «បុប្ផាជាយដែន» កំពុងតែមានភាពស្អិតរមួតយ៉ាងខ្លាំង បើទោះបីកន្លងមកនាងព្យាយាមលាក់បាំងពីចំណងស្នេហ៍នេះក៏ដោយ ។
តាំងពីចាប់ផ្ដើមសាងស្នេហ៍ជាមួយថៅកែហាងដ៏ស្ដុកស្ដម្ភមក តារាកំប្លែងមេម៉ាយកូនមួយទាំងវ័យក្មេងរូបនេះកាន់តែមានភាពហ៊ឺហាទ្វេដង ដោយពេលខ្លះតារារូបនេះបានសម្ញែងរថយន្ដម៉ាកថ្លៃៗតម្លៃរាប់សិបម៉ឺនដុល្លារជិះទៅសម្ដែងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដងម្កាល ។ បើទោះបីជាចំណងស្នេហ៍រវាងអ្នកសិល្បៈ និងបុរសអ្នកជំនួញមួយនេះបានអូសបន្លាយអស់ជាច្រើនឆ្នាំក៏ដោយ តែរហូតដល់ពេលនេះ គេនៅមិនទាន់ឮដំណឹងល្អពាក់ព័ន្ធនឹងពេលវេលាកំណត់ណាមួយ ដែលអ្នកទាំងពីរក្រាបផ្ទឹមទទួលយកផ្កាស្លាពីមេបាចាស់ទុំនៅឡើយទេ ។
ប្រិមប្រិយអះអាងពីភាពមិនច្បាស់លាស់នៃថ្ងៃវេលាជ័យមង្គលរបស់នាង ពោលគឺនាងបញ្ជាក់ដដែលៗថា ពេលវេលាដែលនាងនឹងត្រូវក្លាយជាកូនក្រមុំដ៏ពិតប្រាកដនោះ គឺមិនមែនជាពេលនេះឡើយ ដោយសារតែនាងនៅមិនទាន់ដាច់អាល័យពីសិល្បៈដែលកំពុងតែហុចផ្លែផ្កា ។ ទោះជាយ៉ាងណាក្ដី តារាកំប្លែងរូបនេះមិនបានសម្ដែងការព្រួយបារម្ភពីការប្រេះឆាណាមួយរវាងនាង និងគូស្នេហ៍ឡើយ បើទោះបីជាអូសបន្លាយពេលយ៉ាងយូរដូច្នេះក៏ដោយ ព្រោះនាងយល់ថា សម្ព័ន្ធភាពស្នេហាចាស់ឆ្នាំរបស់នាងគឺយល់ចិត្ដគ្នាទាំងសងខាង ហើយតែងតែផ្ដល់ឱកាសឱ្យគ្នាទៅវិញទៅមក ៕





ចែករំលែកព័តមាននេះ