ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិទ្យា​សាស្រ្ដ​រក​ឃើញ​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​គ្រប់​គ្រងភាព​ចាស់​បាន​

13 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្រ្ដ​និយាយ​ថា​​ គេ​បាន​រក​ឃើញ​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​ដែល​អាច​គ្រប់​គ្រង​ភាព​ចាស់​ជរា​នៃ​រាងកាយ​បាន​ ។​ នេះ​គឺ​ជា​ការ​បើក​ចំហភាព​អាច​ទៅ​រួច​មួយ​ ដែល​នៅ​ថ្ងៃណា​មួយ​អាច​នឹង​យក​វា​មក​ប្រើ​ដើម្បី​ធ្វើ​ជា​សម្មិត​កម្ម​ថា​តើ​មនុស្ស​វិវឌ្ឍ​ទៅ​រក​ភាព​ចាស់​យ៉ាង​ដូច​ម្ដេច​?​

ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​ The Nature បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​ផ្នែក​ខាង​មុខ​នៃ​ខួរ​ក្បាល​ ឬ​ហៅ​ថា​ Hypothalamus ជា​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​ដែល​កំណត់​ការ​លូត​លាស់​ ការបន្ដ​ពូជ​ និង​ការ​បំលែង​អាហារ​ទៅ​ជា​ថាមពល​ ។​ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ គេ​អាច​បង្កើន​ ឬ​បន្ថយ​ភាព​ចាស់​ជរា​លើសត្វ​កណ្ដុរ​ដោយ​ការ​ធ្វើ​ឱ្យ​សកម្ម​ឡើង​ ឬ​រារាំង​ខួរ​ក្បាល​ដែល​ឱ្យ​សញ្ញា​ម៉ូលេគីល​ NF-kB នៅ​ក្នុង​ផ្នែក​មុខ​នៃ​ខួរ​ក្បាល​ដែល​បាន​ជះ​ឥទ្ធិពល​លើ​កម្រិត​នៃ​អ៊័រម៉ូន​ដែល​ហៅ​ថា​ GnRH មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​បង្កើត​កោសិកា​ប្រសាទ​ ។​

តាម​រយៈ​ការ​ភ្ញោច​ម៉ូលេគីល​​ NF-kB គេ​បាន​ធ្វើ​ឱ្យ​អ៊័រម៉ូន​ GnRH ធ្លាក់​ចុះ​ដែល​នាំ​ទៅ​ដល់​ការ​កកើត​ និង​ការ​វិវឌ្ឍ​ជា​លិកា​ប្រសាទ​ និង​រោគ​សញ្ញា​ចាស់​ជរា​ដូច​ជា​ ខ្សោយ​សាច់​ដុំ​ ស្បែក​ជ្រីវជ្រួញ​ ពុក​ឆ្អឹង​ និង​បាត់​បង់​ការ​ចង​ចាំ​ ។​

លោក​ Dongsheng Cai អ្នក​និពន្ធ​ការ​សិក្សា​ស្រាវជ្រាវ​ និង​ជា​សាស្រ្ដាចារ្យ​ផ្នែក​ឱ​សថ​ម៉ូលេគីល​នៃ​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ដ​ Albert Einstein បាន​ថ្លែង​ប្រាប់​​ AFP តាម​អីុម៉េល​ថា​ «ការ​សិក្សា​របស់​យើង​បាន​ផ្ដល់​នូវ​យុទ្ធ​សាស្រ្ដ​នៃ​ការ​ព្យា​បាល​ដើម្បី​បន្ថយ​ភាព​ចាស់​ជរា​តាម​រយៈ​ការ​កំណត់​មុខ​ព្រួញ​ផ្នែក​ខាង​មុខ​នៃ​ខួរ​ក្បាល​ ។​ លទ្ធផល​ដែលពិសោធន៍​លើ​សត្វ​កណ្ដុរ​នឹង​អាច​យក​ពិសោធន៍​លើ​មនុស្ស​បាន​ បើ​ទោះ​បី​ជា​វា​ត្រូវ​ការ​ខិត​ខំប្រឹង​ប្រែង​នា​​ពេល​អនាគត​ដើម្បី​វិវឌ្ឍ​វិធី​សាស្រ្ដ​ដែល​មាន​សុវត្ថិភាព​ និង​អាច​អនុវត្ដ​បាន​ចំពោះ​មនុស្ស​»​ ៕​