ចាន់ រតនា ឈ្នះ ម៉ា ឆៃមឿត ក្រោម សម្រែកជំទាស់ ខណៈពេលដែល កាន់ សុវណ្ណ យកមុខ វ៉ាន់ ចាន់វ៉េត ធ្វើជា បាវសាក់នៅលើរេញបាយ័ន
ដោយ ៖ឈិត គឹមឆុន
ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:០០

ដាណេ
លោក ទ្រឿង សុសសាយ លើកដៃ ចាន់ រតនា ឈ្នះ ម៉ា ឆៃមឿត នៅរេញបាយ័ន
រាជធានីភ្នំពេញ:សម្រែកចំអកចេញពីស្រទាប់ទស្សនិកជនលាន់ឮឡើងយ៉ាងទ្រហឹង បន្ទាប់ពីប្រកាសលើកដៃកីឡាករចាន់ រតនា ឱ្យឈ្នះម៉ា ឆៃមឿត ក្នុងការប្រកួតនៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័ន កាលពីរសៀលថ្ងៃ ទី២២ ឧសភា ឆ្នាំ២០១០ ។
ក្នុងការជួបប្រកួតជាលើកដំបូងរវាងគូនេះ ចាន់ រតនា មកពីក្លឹបខេមរខ្លាហោះ ដែលធ្លាប់តែប្រើស្នៀតចម្លែកៗបំបាក់គូប្រកួត នោះនៅតែព្យាយាមប្រើស្នៀតរបៀបនេះ ទៀតប៉ុន្ដែមិនទទួលបានផលទេ ។ ម៉ា ឆៃ មឿត នៃក្លឹបឃ្លាំងមឿងកីឡា នៅពេលដៃគូ ប្រើស្នៀតនាគវាត់បន្ទុយ ឬលោតទាត់ផ្កាប់ ចាន គេមានវិធីគេចបានល្អ ហើយបន្ទាប់ពី នោះមកគេទាត់ ឬដាល់សងវិញភ្លាមៗ រហូត ពេលខ្លះធ្វើឱ្យចាន់ រតនា ស្ថិតក្នុងសភាពមិន ប្រក្រតីទៀតផង ។
ការប្រកួតរវាងគូនេះគេ មើលឃើញថា ទឹកទី៤ ចាន់ រតនា ជាអ្នក មានប្រៀប ប៉ុន្ដែទឹកទី៥ ម៉ា ឆៃមឿត ជាអ្នក មានប្រៀបវិញម្ដង ចំណែក៣ទឹកដំបូងអាច ស្ថិតក្នុងភាពប្រដំប្រសងគ្នា។ ទោះបីបែបណា លទ្ធផលចុងក្រោយបំផុតត្រូវបានប្រកាសឱ្យចាន់ រតនា ជាអ្នកឈ្នះ ធ្វើឱ្យមានសម្រែក ចំអកពីមជ្ឈដ្ឋានអ្នកទស្សនាដែលគាំទ្រពេញចិត្ដខាងម៉ា ឆៃមឿត ។ ពួកអ្នកគាំទ្រទាំង នោះនិយាយថា គូនេះបើសំរេចឱ្យស្មើគ្នាពិត ជាត្រឹមត្រូវបំផុត ។ សូមបញ្ជាក់ថា ចាន់ រតនា ជាអ្នកប្រដាល់ដ៏ល្បីប្រចាំប៉ុស្ដិ៍បាយ័ន ចំណែកម៉ា ឆៃមឿត ទើបតែមកជាន់សង្វៀន នេះជាលើកដំបូងប៉ុណ្ណោះ ដែលកន្លងមកគេ ជាជើងខ្លាំងប្រចាំនៅប៉ុស្ដិ៍ CTN ។
កាន់ សុវណ្ណ មកពីក្លឹបតាខ្មៅមានឫទ្ធិ ខេត្ដកណ្ដាល ប្រកួតឈ្នះពិន្ទុវ៉ាន់ ចាន់វ៉េត មកពីក្លឹបសិង្ហកីឡា ។ ស្ទើរតែទាំង៥ទឹកគេ ឃើញកាន់ សុវណ្ណ បានប្រើកណ្ដាប់ដៃដាល់ ទៅលើផ្ទៃមុខរបស់វ៉ាន់ ចាន់វ៉េត រហូត ហើយវ៉ាន់ ចាន់វ៉េត ក៏បានប្រើជង្គង់អុកទៅ លើពោះទឹករបស់សុវណ្ណ រហូតដែរតែ ស្រាលៗមិនបានធ្វើឱ្យសុវណ្ណ ព្រួយបារម្ភនោះ ទេ ។ កាន់ សុវណ្ណ មិនត្រឹមតែប្រើកណ្ដាប់ដៃ ប៉ុណ្ណោះទេ ក្នុងទឹកទី៣ គេប្រើកែងវាយត្រូវ ចិញ្ចើមខាងឆ្វេងរបស់ចាន់វ៉េត បណ្ដាលឱ្យ បែកពេទ្យដេរ៤ថ្នេរទៀតផង ។ កាន់ សុវណ្ណ មានប្រវត្ដិជួបប្រកួតជាមួយវ៉ាន់ ចាន់វ៉េត ចំនួន៤ដង ប៉ុន្ដែមិនដែលមានឱកាសឈ្នះម្ដង ណាឡើយ គឺក្នុងនោះមានម្ដងទទួលបានលទ្ធ ផលស្មើគ្នា និង៣ដងទៀតចាញ់វ៉ាន់ ចាន់វ៉េត ទាំងអស់មានទាំងសន្លប់ទៀតផង ។
លើកទី ៥នេះ មុនពេលប្រកួតក៏គេមិនមានជំនឿថា សុវណ្ណ ជាអ្នកឈ្នះដែរ មជ្ឈដ្ឋានអ្នកលេង ភ្នាល់លុយក្រៅសង្វៀនបានចាប់យកចាន់ វ៉េត តឱ្យសុវណ្ណ ក្នុង១០ស៊ីតែ៥ប៉ុណ្ណោះ ។ មានការសង្ស័យលើចាន់វ៉េត ក្នុងការប្រកួត មិនអស់ពីសមត្ថភាព ពីព្រោះគេឃើញរូបគេ ដើរចូលប្រើជង្គង់ស្រាលៗ ហើយបើកមុខឱ្យ សុវណ្ណ វាយដូចបាវសាក់រហូត ។
ឈឿន ឆៃដែន មកពីក្លឹបនិរោធមានជ័យ ប្រើជង្គង់ផង កណ្ដាប់ដៃផង ផ្ដួលសូយ សុផាត មកពីក្លឹបអូដឹមកីឡាឱ្យសន្លប់ក្នុងទឹក ទី៣ ។ ពេលការប្រកួតឈានចូលដល់ទឹកទី ៣ នោះ សូយ សុផាត ត្រូវអាជ្ញាកណ្ដាលរាប់ ៨ដល់ទៅ២លើក ហើយចុងក្រោយសន្លប់តែម្ដង ។ ឈិត ង៉ុយ មកពីក្លឹបក្រសួងការពារជាតិ ប្រកួតឈ្នះពិន្ទុហេង សុវណ្ណារ៉ា មកពី ក្លឹបក្រុងប៉ោយប៉ែត ។ ពៅ រស្មី មកពីក្លឹប វី អាយភី ចំការមន ប្រើស្នៀតកែងផ្ដួល សាត វណ្ណៈ មកពីក្លឹបតាឡីដំរីមានឫទ្ធិ បណ្ដាលឱ្យ សន្លប់ក្នុងទឹកទី២ ។ សាត វណ្ណៈ ត្រូវពៅ រស្មី វាយ១កែងត្រូវចិញ្ចើមខាងឆ្វេងបណ្ដាលឱ្យ បែករយះយ៉ាងធំ ត្រូវគ្រូពេទ្យដេរចំនួន៥ ថ្នេរ។ ចំណែកពុទ្ធ ជាសុខគង់ មកពីក្លឹបពុទ្ធ សេរីវង់ព្រែកតាទែន ប្រើរន្ទះជើងទាត់ត្រូវ កណ្ដៀតក្អមរបស់សាន ចាន់ថន មកពីក្លឹបឃុំជ្រៃ ខេត្ដបាត់ដំបង បណ្ដាលឱ្យសន្លប់ធំក្នុង ទឹកទី២ ៕