ឧបទ្វីបស៊ីណាយ(Sinai)ដែនដីតភ្ជាប់រវាងអេហ្សុីប និងអីុស្រាអែល ពេលនេះក្លាយជាដែនដីគ្រោះថ្នាក់បំផុតសម្រាប់មនុស្សរាប់ពាន់នាក់ ដែលផ្សងព្រេងភៀសខ្លួនពីតំបន់សមុទ្រខ្សាច់សាហារ៉ា ពីប្រទេសអេរីត្រេ ប្រទេសម៉ាលី ឬស៊ូដង់ខាងទ្វីបអាហ្វ្រិក ។ អ្នកទាំងនោះផ្សងព្រេងរកកន្លែងមានជីវភាពប្រសើរនៅក្នុងប្រទេសអីុស្រាអែល ឬអឺុរ៉ុប តែអ្នកឆ្លងផុតឧបទ្វីបស៊ីណាយមានតិចតួចណាស់ ភាគច្រើនត្រូវធ្លាក់ក្នុងដៃក្រុមជួញដូរមនុស្ស ខ្លះត្រូវបាញ់ស្លាប់ដោយទាហានព្រំដែន ខ្លះទៀតជាប់ឃុំឃាំង ហើយត្រូវធ្វើទារុណកម្មរហូតដល់ស្លាប់ឥតអំពើ ។
ជាប់គាំងនៅដែនដីលែងមានច្បាប់ទម្លាប់តាំងពីផ្ទុះបដិវត្ដន៍ផ្ដួលរំលំអតីតប្រធានាធិបតីអេហ្សុីបមូបារ៉ាក់ ដែនដីចំហៀងខាងជើងឧបទ្វីបស៊ីណាយ ក្លាយជាដែនដីលែងមានការត្រួតពិនិត្យពីរដ្ឋាភិបាល ជាដែនដីលែងមានច្បាប់ទម្លាប់ ជាជម្រកក្រុមឧក្រិដ្ឋជនចាប់ជម្រិតមនុស្ស ជួញដូរមនុស្ស និងពួកភេរវករ ។
Mhretab អាយុ២៧ឆ្នាំ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៣នាក់ ដែលនៅរស់រានមានជីវិតនិយាយរៀបរាប់ថា «ពួកខ្ញុំសឹងថាលែងបានស៊ីចុកអ្វីទាំងអស់ ហើយគេថែមទាំងមិនឱ្យដេកទៀត ។ ពួកវាធ្វើទារុណកម្មបងប្អូនខ្ញុំសាហាវបំផុត ដុតជ័រសម្រក់លើខ្លួនក៏មាន កេះដែកកេះដុតផ្ទាល់ក៏មាន ប្រសិនបើធ្វើខុសបញ្ជាពួកវា» ។ Mhretab ចង្អុលស្នាមទារុណកម្មត្រង់កមុនពេលនិយាយតទៅទៀត «ពួកវាចងព្យួរជើងបងប្អូនខ្ញុំ ហើយវាយវាត់យ៉ាងសប្បាយដៃ រួចហើយដាក់ទូរស័ព្ទក្បែរមាត់បងប្អូនខ្ញុំ ឱ្យបងប្អូនខ្ញុំយំសោកអង្វរករទៅគ្រួសារ សុំឱ្យជួយលោះជីវិតផង បើមិនដូច្នោះទេ មុខជាស្លាប់មិនខាន»។
ជនរងគ្រោះទាំង៣រូបដែលរួមមានMhretab ,Zeae និងនារីជំទង់ឈ្មោះ Lem Lem ជាប់កុនក្នុងក្រញាំក្រុមចាប់ជម្រិតមនុស្សនៅឧបទ្វីបស៊ីណាយជាងមួយឆ្នាំហើយ ដោយដំបូងត្រូវបង្ខាំងក្នុងរណ្ដៅក្រោមដី ទាល់តែប៉ុន្មានខែក្រោយ ទើបយកឡើងបង្ខាំងលើផ្ទៃដីវិញ ។ ដំបូងជនរងគ្រោះមានគ្នារហូតដល់២២នាក់ឯណោះ តែត្រូវធ្វើទារុណកម្មស្លាប់ជាបន្ដបន្ទាប់តាំងពីនៅក្រោមដីរហូតដល់លើដី មុនពេលគ្រួសារប្រមូលប្រាក់ផ្ញើទៅដល់ដើម្បីលោះជីវិត ។ ប្រាក់លោះខ្លួនសម្រាប់ម្នាក់ៗ៣០.០០០ដុល្លារអាមេិក ។ គ្រួសារនីមួយៗលក់តាំងពីដីធ្លីរហូតដល់សត្វចិញ្ចឹម និងរបស់ផ្សេងៗ ទើបប្រមូលប្រាក់បានគ្រប់៣០.០០០ដុល្លារ ទម្រាំប្រមូលគ្រប់ត្រូវប្រើពេលយ៉ាងយូរ ធ្វើឱ្យជនរងគ្រោះខ្លះស្លាប់បាត់ទៅហើយ ។ ជនរងគ្រោះខ្លះ ក្រុមចាប់ជម្រិតទទួលប្រាក់រួច លក់ពួកគេឱ្យក្រុមចាប់ជម្រិតផ្សេងទៀត ម៉្លោះហើយគ្រួសារត្រូវរកប្រាក់បន្ដដើម្បីលោះជីវិតជាថ្មី ។ ជនរងគ្រោះ៣នាក់ក្នុងក្រុមជាមួយMhretab ដែលនៅរស់រានមានជីវិត ដោយសារទីបំផុតសហគមន៍វិហារកាតូលិកក្នុងតំបន់រស់នៅរបស់ខ្លួនឯស្រុកកំណើតរៃអង្គាសគ្នាប្រមូលប្រាក់សង្គ្រោះជាលើកចុងក្រោយ កុំអីក៏បាត់ស្រមោលដូចគេដែរ។
នរកលោកិយនាងLem Lem អាយុ១៥ឆ្នាំ អង្គុយកំប្រោនដូចដុំដីត្រង់ជ្រុងរោងដែលមុននេះ គេប្រើប្រាស់ដាក់មនុស្សត្រូវចាប់ជម្រិត ។ Lem Lem ប្រាប់ថានាងត្រូវពួកឧក្រិដ្ឋជនចាប់រំលោភរហូត ត្រូវការពេលណា ពួកវាទៅអូសដៃនាងយកទៅពេលនោះ ។ តាំងពីត្រូវក្រុមឧក្រិដ្ឋជនចាប់ខ្លួន ហើយក្លាយជា «របស់រំលោភតាមចិត្ដ» Lem Lem ហាក់ដូចក្លាយជាមនុស្សឆ្កួត គិតតែអង្គុយធ្មឹងអត់និយាយស្ដី ។ មានតែម្ដងគត់ដែលនាងនិយាយ គឺពេលអង្គការសិទ្ធិមនុស្សទៅដល់កន្លែងនោះ នាងសួរអ្នកយកព័ត៌មានថា ជួយរកខោទ្រនាប់មួយឱ្យនាងបានទេ ។
រឿងរ៉ាវជនរងគ្រោះទាំងបីរូបនេះ មិនខុសពីរឿងរ៉ាវមនុស្សរាប់ពាន់នាក់ដែលអង្គការHuman Right Watch ប្រមូលព័ត៌មានបានក្នុងឧបទ្វីបស៊ីណាយឡើយ ។ ករណីជាច្រើននិយាយហើយនិយាយទៀតក្នុងរបាយការណ៍ថាប្រើខ្សែភ្លើងឆក់ ,រំលោភ ,មិនឱ្យដេក ,ដុតជ័រសម្រក់លើខ្នង ,ទ្រូង ,ជួនកាលសម្រក់លើប្រដាប់ភេទនារីទៀត ។ មានរូបថតជាច្រើនដែលអ្នកមូលដ្ឋានលួចថតបាន បង្ហាញឱ្យឃើញស្នាមរបួសខ្លះខូងជ្រៅក្លាយជាដំបៅមានដង្កូវចោះ ,អ្នកខ្លះទៀតមុខមាត់ហើមពោរមើលលែងស្គាល់ថាជាមនុស្ស។
កាសែតNew York Times ប៉ាន់ប្រមាណថា មនុស្សប្រហែល៧.០០០នាក់ហើយដែលធ្លាក់អន្លុងនរកពេលទៅដល់ឧបទ្វីបស៊ីណាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។ ចំណោមអ្នកទាំងនោះ មនុស្សប្រមាណ៤.០០០នាក់បានស្លាប់ ។ តួលេខនេះដកស្រង់ចេញពីរបាយការណ៍របស់អង្គការមនុស្សធម៌នៅអីុស្រាអែល បស្ចិមប្រទេស និងសហរដ្ឋអាមេរិក ។ អ្នកស្រុកក្នុងតំបន់នោះឧស្សាហ៍ប្រទះសាកសពជនភៀសខ្លួនត្រូវបោះបង់ចោលតាមវាលខ្សាច់ ជួនកាលប្រទះដៃជើងពួកគេលៀនចេញពីខ្សាច់ ៕
ចែករំលែកព័តមាននេះ