ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមរបាំ​ខ្មែរ​ជោគជ័យ​នៅ​តូក្យូ​ដ្បិត​ទស្សនិក​ជន​តស៊ូ​ទស្សនា​កណ្ដាល​ភ្លៀង​ការ​សម្ដែង​អបអរ​សាទរ​ខួប​លើក​ទី​60​នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​-ជប៉ុន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖  ​ក្រុម​សិល្បៈ​របាំ​បុរាណ​ និង​ប្រពៃ​ណី​ខ្មែរ​ចំនួន​៣៥​នាក់​បាន​ទៅ​សម្ដែង​នៅ​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​នៃ​ការ​ទាក់​ទង​ការ​ទូត​កម្ពុជា​-ជប៉ុន​ កាល​ពី​ថ្ងៃទី​១៣​ ឧសភា​ ឆ្នាំ​២០១៣​ ។​ ជោគ​ជ័យ​គួរ​ឱ្យ​រំភើប​រីក​រាយ​សម្រាប់​ការ​សម្ដែង​របស់​ក្រុម​របាំ​កម្ពុជា​ ដ្បិត​ថ្វី​បើ​មាន​ភ្លៀង​ធ្លាក់​ពេល​សម្ដែង​ តែ​មិន​ធ្វើ​ឱ្យ​ទស្សនិក​ជន​ជប៉ុន​ប្រមាណ​ជិត​២.០០០​នាក់​ ចាក​ចេញ​ទេ​ គឺ​ពួក​គេ​ស៊ូ​នៅ​ទស្សនា​ដោយ​ទទូរឆត្រ​ និង​ពាក់​អាវភ្លៀង​រហូត​ដល់​ចប់​ ។​

កម្មវិធី​សម្ដែង​របាំ​បុរាណ​ និង​ប្រពៃ​ណី​ខ្មែរ​នៅ​ក្រុង​តូក្យូ​នោះ​ក្រោម​ការ​ផ្ដួច​ផ្ដើម​គំនិត​ពី​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​លោក​ហោ​ មុន្នី​រ័ត្ន​ ដោយ​មាន​ការ​សហការ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​លោក​បណ្ឌិត​ហារូហ៊ី​សា ហាន់​ដា​​​ ប្រធាន​មូល​និធិអន្ដរជាតិ​ដើម្បី​សិល្បៈ​ និង​វប្បធម៌​នៃ​ទី​ក្រុង​តូក្យូ​ ។​

លោក​ម៉ៅ​ កេង​​ ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ជា​អ្នក​ដឹក​នាំ​សិល្បករ​ សិល្បការិនី​​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​ ប្រាប់​កោះ​សន្ដិភាព​ថា​ សិល្បករ​ សិល្ប​ការិនីកម្ពុជា​យើង​បាន​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​តាំង​ពី​ថ្ងៃ​ទី​១៣​ ឧសភា​ និង​ថ្ងៃទី​១៨​ ឧសភា​ ទើប​ត្រឡប់​មក​វិញ។​

នេះ​ជា​លើក​ទី​៥​ហើយ​ ដែល​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ដឹក​នាំ​សិល្បករ​ចេញ​ទៅ​សម្ដែង​នៅ​​​ប្រទេស​ជប៉ុន​ខាង​ផ្នែក​របាំ​បុរាណ​ និង​ប្រពៃ​ណី​ ។​ លើក​ទី​៥​នេះ​ការ​សម្ដែង​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​រាល់​ដង​ ព្រោះ​សិល្បករ​មាន​រហូត​ដល់​៣៥​នាក់​ឯណោះ​ ។​ កន្លង​មក​ មិន​ងាយ​មាន​សិល្បករ​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ក្រៅ​ច្រើន​បែប​នេះ​ទេ​ ។​

អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយភាព​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​ ខណៈ​ពេល​ក្រុម​របាំ​កម្ពុជា​សម្ដែង​ ស្រាប់​តែ​មេឃ​ចាប់​ផ្ដើម​ធ្លាក់​ភ្លៀង​ធ្វើ​ឱ្យ​លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ តែ​ជន​ជាតិ​ជប៉ុន​ដែល​អង្គុយ​ទស្សនា​ប្រមាណ​ជិត​២.០០០​នាក់​ មិន​បាន​ដើរ​ចេញ​ពី​មុខ​វេទិកា​ទេ​​ គឺ​ពួក​គេ​អង្គុយ​ទទូរ​ឆត្រ​ និង​ពាក់​អាវ​ភ្លៀង​នៅ​ទស្សនា​រហូត​ដល់​ចប់​ ។​ ជា​ពិសេស​នៅ​​ពេល​ក្រុម​របាំ​ចេញ​សម្ដែង​​ ទស្សនិក​ជន​ទះ​ដៃ​អប​អរ​សាទរ​យ៉ាង​ខ្លាំង​​ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ ជនជាតិ​ជប៉ុន​គាំ​ទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សិល្បៈ​របាំ​បុរាណ​ខ្មែរ​យើង​ ។​ ខណៈ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នោះ​ ទស្សនិក​ជន​ជប៉ុន​មិន​ព្រម​ងើប​ដើរ​ចេញ​ទេ​​ ពួក​គេ​នៅ​តស៊ូ​ទស្សនា​រហូត​ដល់​ចប់​ ធ្វើ​ឱ្យ​សិល្បករ ព្រម​ទាំង​មន្ដ្រី​ទូត​ខ្មែរ​យើង​​ដែល​បាន​ចូល​រួម​ទស្សនា​មាន​ការ​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ ។​

លោក​ម៉ៅ​ កេង​ ថ្លែង​ថា​ តាម​សម្ដី​លោក​បណ្ឌិត​ហារូហ៊ី​សា ហាន់​ដា​ ដែល​ជា​ប្រធាន​មូលនិធិ​អន្ដរជាតិ​ ដើម្បី​សិល្បៈ​ និង​វប្បធម៌​នៃ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ប្រាប់​លោក​ថា​ មាន​ជន​ជាតិ​ជប៉ុន​ខ្លះ​អង្គុយ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ពួក​គេ​ទស្សនា​របាំ​របស់​កម្ពុជា​​យើង​ ។​ នៅ​ពេល​ឮ​សម្ដី​បែប​នេះ ​ចំពោះ​លោក​ផ្ទាល់​មិន​ដឹង​ថា​ ពួក​គេ​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​មូល​ហេតុ​អ្វី​ទេ ​តែ​តាម​ប៉ាន់​ស្មាន​គឺ​ប្រហែល​ជា​ពួក​គេ​រំភើប​ពេល​បាន​ឃើញ​ទស្សនីយភាព​ដ៏​អស្ចារ្យ​របស់​ក្បាច់​របាំ​បុរាណ​ខ្មែរ​យើង​ ។​

លោក​ម៉ៅ​ កេង​ ឱ្យ​ដឹង​ថា​ នៅ​ពេល​ចប់​ការ​សម្ដែង​ លោក​បណ្ឌិត​ហារូស៊ី​សា​ ហាន់​ដា​ បាន​នាំ​ក្រុម​សិល្បករ​ខ្មែរ​យើង​ទស្សនា​ទី​ក្រុង​តូក្យូ​ និង​នាំ​ទៅ​ទទួល​ទាន​អាហារ​ដ៏​វិសេស​វិសាល​ ដែល​ជា​ស្នា​ដៃ​របស់​ភរិយា​លោក​នៅ​គេហដ្ឋាន​របស់​លោក​ថែម​ទៀត​ផង​ ។​នេះ​គឺ​ជា​មោទនភាព​បំផុត​របស់​ប្រទេស​កម្ពុជា​ និង​សិល្បករ​-សិល្បការិនី​ រួម​ទាំង​រូប​លោក​ផ្ទាល់​ផង​ដែរ​​ ។​
លោ​ក​ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព​សង្ឃឹម​ថា​ ទៅ​​ថ្ងៃអនាគត​សិល្បៈ​ខ្មែរ​នឹង​មាន​មុខ​មាត់​នៅ​លើ​ឆាក​តន្ដ្រី​អន្ដរជាតិ​មិន​ចាញ់​ប្រទេស​នានា​ទេ​ ៕​