ខេត្តព្រះវិហារ ៖ វិធានការនានាត្រូវបានរឹតបន្តឹងមែនទែន ដោយមិនមានការអនុញ្ញាតឱ្យក្រុមអ្នករាយការណ៍ព័ត៌មានអាចចូលទៅកាន់ចំណុចរណ្តៅរ៉ែមាសដែលល្បីថា បាក់កប់មនុស្សទៅក្នុងរូងដ៏ជ្រៅនៅតំបន់ភ្នំអន្លង់ ចំណុចតំបន់រារាំងនោះឡើយ ។ ភូមិសាស្ត្រដែលអាជ្ញាធរព្យាយាមបិទបាំងនោះស្ថិតក្នុងភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ជាកន្លែងឈ្មួញយួនកើបយកមាស អត់មានច្បាប់ ។
ការហាមឃាត់មិនឱ្យមានការយកព័ត៌មានពី ការបាក់រណ្តៅរ៉ែមាសនេះ គេមិនដឹងថាអាជ្ញាធរស្រុករវៀងទទួលបទបញ្ជាពីអ្នកមានអំណាចណាម្នាក់នោះទេ តែបំរាមបែបនេះកាន់តែធ្វើឱ្យប្រភពព័ត៌មានមិនច្បាស់ការណ៍ទាំងឡាយ អាចបង្កឱ្យមានការយល់ច្រឡំទៅវិញ ដូចជាការល្បីថា មានអ្នកស្លាប់កប់ក្នុងអណ្តូងរ៉ែច្រើននាក់ជាដើម ។ ក្រៅពីហាមក្រុមអ្នកកាសែតមិនឱ្យចូលទៅកាន់ទីនោះ ក៏មានការហាមអ្នកភូមិមិនឱ្យផ្តល់ព័ត៌មានដល់អ្នកកាសែតថែមទៀតផង ព្រោះសង្ស័យជារឿងសម្ងាត់ដែលគេធ្លាប់បានឱ្យឈ្មួញយួនរកស៊ីក្រៅច្បាប់ ។
ឧបទ្ទវហេតុបាក់រណ្តៅរ៉ែមាសមួយកន្លែងនោះបានកើតឡើងនៅវេលាម៉ោង១០យប់ កាលពីថ្ងៃទី១៩ ឧសភា បន្ទាប់ពីមានមនុស្ស៦នាក់ចូលទៅក្នុងរូងរ៉ែមាស ក៏ស្រាប់តែមានការបាក់ដី ហើយក្មេងប្រុសម្នាក់ត្រូវបាត់ខ្លួនតែម្តងទៅក្នុងរណ្តៅរ៉ែមាសនោះ ។ ឪពុកម្តាយក្មេងប្រុសដែលបាត់ខ្លួននោះ បានទៅតាមរកកូន តែរកមិនឃើញ ហើយត្រូវអ្នកទៅជាមួយនិយាយថា មានការបាក់ដីនៅក្នុងរណ្តៅរ៉ែមាស ធ្វើឱ្យមនុស្សជាប់នៅក្នុងនោះជាច្រើននាក់ តែគេមិនដឹងថាចំនួនពិតប្រាកដប៉ុន្មាននោះទេ ។ ប្រជាពលរដ្ឋជាអ្នករកមាសទាំងនោះបានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយ ទើបសមត្ថកិច្ចធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរស្រុករវៀងចាត់វិធានការរុករកតាំងពីយប់កើតហេតុ រហូតមកទល់នឹងថ្ងៃ២១ ឧសភា នៅតែមិនទាន់សង្គ្រោះបានជនរងគ្រោះណាម្នាក់នៅឡើយទេ ។
លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរស្រុករវៀង និងកងកម្លាំងត្រូវបានបញ្ជាឱ្យបន្តការជីកដីដើម្បីធ្វើការសង្គ្រោះមនុស្ស ប្រសិនបើមានអ្នកជាប់ក្នុងរូងដ៏ជ្រៅនោះមែន ។ លោកនិយាយថា បើគិតពីពេលដែលមានការបាក់ដីនោះ រហូតមកដល់ពេលនេះពួកគេប្រហែលជាគ្មានជីវិតរស់រាននោះឡើយ ។ សូមបញ្ជាក់ផងដែរថា តាមការបញ្ជាក់ឱ្យដឹងពីប្រជាពលរដ្ឋអ្នករុករកមាសបាននិយាយថា រណ្តៅដែលជួបឧបទ្ទវហេតុបាក់ដីនេះគឺជារណ្តៅដែលបន្សល់ទុកពីឈ្មួញយួន ដែលកាលពីឆ្នាំមុនរណ្តៅនេះត្រូវគេជីកលុងចូលទៅដល់បាតភ្នំមានប្រវែងប្រហែល១០០ម៉ែត្រ គឺដេញតាមខ្សែមាសដល់ចំណុចបាតភ្នំ ។ គេបានជីកលុងជារណ្តៅមូលដូចអណ្តូងមានទំហំផ្ទៃដីប្រហែលជា៥០ម៉ែត្រ៤ជ្រុងខាងក្រោមមាត់រូង ហើយគេជញ្ជូនដីរ៉ែចេញក្រៅដើម្បីចម្រាញ់យកមាស ។ ក្រោយមកថៅកែយួនបានបោះបង់រណ្តៅនេះទៅវិញ ទើបពលរដ្ឋខ្មែររាប់រយនាក់តែងនាំគ្នាចូលទៅផ្សងនឹងគ្រោះថ្នាក់ក្នុងរណ្តៅរ៉ែមាសចាស់នោះ ។
តាមប្រភពបានឱ្យដឹងដែរថា ការដែលប្រជាពលរដ្ឋហ៊ានចូលទៅរកមាសនៅក្នុងចំណុចនោះសង្ស័យមានការឃុបឃិតជាមួយអាជ្ញាធរ ព្រោះនៅតំបន់នោះមានការហាមឃាត់ខ្លាំងណាស់ ពេលដែលមានការឃុបឃិតជាមួយឈ្មួញយួនរុករករ៉ែមាសដោយខុសច្បាប់នោះ ។ ក្រោយពីឈ្មួញយួនកើបយកមាសចេញអស់ទៅ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងប្រទេស និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះនៅតែអាចចូលទៅរុករកមាសបានរាប់រយនាក់ ដែលផ្សងនឹងគ្រោះថ្នាក់ជាយថាហេតុ ក្នុងរណ្តៅរ៉ែមាសសល់ពីគេនេះ ។
អាជ្ញាធរខេត្តអះអាងថា ឧបទ្ទវហេតុខាងលើនេះបានកើតឡើង ខណៈពេលមានមនុស្សចំនួន៦នាក់បានចូលទៅលួចជីកកកាយរ៉ែមាស ហើយនៅក្នុងឧបទ្ទវហេតុនោះមនុស្សចំនួន៥នាក់បានរត់រួច គឺមានតែម្នាក់ទេដែលបាត់ខ្លួន ។ ជនរងគ្រោះដែលបាត់ខ្លួនឈ្មោះ ធី ណាត ភេទប្រុស អាយុ៧ឆ្នាំ មានទីលំនៅក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង ។ ប៉ុន្តែប្រភពព័ត៌មានដោយឡែកពីប្រជាពលរដ្ឋក្នុងតំបន់នោះនិយាយថា ការបាត់ខ្លួនដោយសារបាក់រណ្តៅរ៉ែមាស កាលពីយប់ថ្ងៃទី១៩ ឧសភា កន្លងទៅនេះគឺពិបាកសន្និដ្ឋានណាស់ ព្រោះអ្នកប្រកបមុខរបររុករកមាសនៅក្នុងតំបន់ភ្នំអន្លង់ជាប្រចាំ ជាប្រជាពលរដ្ឋចំណាកស្រុករាប់រយនាក់ទៅកាន់តំបន់នោះ ហើយចូលទៅក្នុងរូងទាំងក្រុមៗ ។
បើតាមការបញ្ជាក់ប្រាប់ពីប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និងជាអ្នករស់នៅតំបន់នោះបាននិយាយថា រណ្ដៅដែលបានបាក់នោះកន្លងទៅបើគិតទាំងរូបគាត់ផងគឺមានមនុស្សចាប់ពី៥០នាក់ទៅ៦០នាក់ដែលបានចូលទៅក្នុងរណ្ដៅនោះដើម្បីដណ្ដើមគ្នាជីកយករ៉ែមាស គឺជីកលុងតាមខ្សែរ៉ែ ។ ពលរដ្ឋដដែលនេះបានអះអាងទៀតថា រណ្ដៅដ៏ជ្រៅដែលគេនាំគ្នាប្រថុយចូលទៅជីកអាចម៍ដីមករែងយកមាសនេះ គឺជារណ្ដៅដែលបានបន្សល់ទុកពីឈ្មួញយួន ដែលបានដាក់ម៉ាស៊ីនរែងមាសកន្លែងនេះកាលពីឆ្នាំមុន ។ ពេលនោះសូម្បីតែពួកគាត់ជាខ្មែរចូលទៅសុំកាកសំណល់អាចម៍ដីពីឈ្មួញយួន ក៏ត្រូវគំរាមកំហែងពីសមត្ថកិច្ចស៊ីឈ្នួលយាមឱ្យឈ្មួញយួនដែរ ដោយប្រមាថបាញ់ពួកគាត់ចោលទៀតផង ។ ក្នុងករណីនេះបើមានមែន ពិតជាគំរក់ពេកណាស់ ៕


ចែករំលែកព័តមាននេះ