ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍នៅក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៤ទៅ៥ថ្ងៃកន្លងមកនេះ ខាងអាជ្ញាធរថៃគ្រប់គ្រងដោយទាហានឈុតខ្មៅនៅច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពលួចចាក់ដីលុបមាត់អូរព្រំដែននៅចំណុចខាងត្បូងក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ចម្ងាយប្រមាណ១៥០ម៉ែត្រ ដែលមានទទឹងប្រមាណ២ទៅ៥ម៉ែត្រ និងបណ្តោយប្រមាណ២៥០ម៉ែត្រ ស្ថិតនៅខាងក្រោយកាស៊ីណូហូលីដេ ក្រុងប៉ោយប៉ែត ។
តាមប្រភពព័ត៌មានពីសន្តិសុខកាស៊ីណូហូលីដេក្នុងក្រុងប៉ោយប៉ែតឱ្យដឹងថា ខាងភាគីថៃដែលគ្រប់គ្រងដោយទាហានឈុតខ្មៅថៃនៅចំណុចច្រកខ្លងលឹកនេះ បានលួចចាក់ដីលុបអូរព្រំដែននៅចំណុចខាងលើនាពេលយប់រយៈពេលប្រមាណ៤ទៅ៥ថ្ងៃមកហើយ ។ សកម្មភាពរបស់ភាគីថៃធ្វើនេះមានចេតនាមិនល្អនោះ ទេ ព្រោះពួកគេធ្វើសកម្មភាពតែពេលយប់ប៉ុណ្ណោះ ឯនៅពេលថ្ងៃពួកគេមិនមានធ្វើសកម្មភាពអ្វីឡើយ គឺធ្វើជាលក្ខណៈធម្មតា ។
តាមប្រភពព័ត៌មានពីក្រុមមន្ត្រីយោធាទំនាក់ទំនងព្រំដែនប្រចាំក្រុងប៉ោយប៉ែតឱ្យដឹងថា ការលួចចាក់ដីលុបអូរព្រំដែនរបស់ភាគីថៃនៅពេលយប់នេះ គឺទាល់តែនៅរសៀលថ្ងៃទី២០ ខែឧសភា ទើបក្រុមការងាររបស់លោកដឹង ហើយចុះទៅពិនិត្យមើលឃើញជាក់ស្តែងប្រាកដមែន ដោយឃើញមានស្នាមអាចម៍ដីថ្មីៗទើបតែចាក់លុបតាមមាត់អូរព្រំដែន ។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ឧសភាថា ជុំវិញការចាក់ដីលុបតាមមាត់អូរព្រំដែនកម្ពុជា-ថៃ នៅចំណុចខាងលើនេះ លោកបានទទួលព័ត៌មានពីក្រុមមន្ត្រីយោធាទំនាក់ទំនងព្រំដែនដែលរាយការណ៍មកហើយ តែលោកមិនអាចបកស្រាយឱ្យបានច្បាស់នៅឡើយទេ ដោយសារលោកមិនទាន់បានចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុនោះនៅឡើយ ។
គួររំលឹកថា កន្លងមក កាស៊ីណូហ្គោលឌិនក្រោនធ្លាប់បានចាក់ដីធ្វើកន្លែងផលិតទឹកបរិសុទ្ធនៅជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ និងធ្វើឱ្យអាចម៍ដីហូរចូលក្នុងអូរព្រំដែនបន្តិចបន្តួចត្រូវទាហានឈុតខ្មៅថៃដែលឈរជើងនៅតាមខ្សែក្រវាត់ព្រំដែនមករារាំង និងហាមឃាត់មិនឱ្យខាងកម្ពុជាចាក់អាចម៍ដី លុបអូរព្រំដែននោះឡើយ ដោយពួកគេនិយាយថា អូរព្រំដែននេះជាតំណាងឱ្យព្រំដែនរវាងកម្ពុជា-ថៃផងដែរ ដូច្នេះមិនអនុញ្ញាតឱ្យភាគីណាមួយចាប់ដីរំលោភបំពានតាមមាត់អូរព្រំដែននេះឡើយ ។ ការចាក់ដីនេះដែរ ក្នុងអំឡុងទសវត្សឆ្នាំ៩០សម័យលោកឈួន លឹកផៃ ធ្វើជានាយករដ្ឋមន្ត្រី ធ្លាប់បានទាមទារឱ្យកាយដីចេញពីមាត់អូរព្រំដែនទៀតផង ពេលមានការចាក់ដីធ្វើកាស៊ីណូ ដូចគ្នានេះដែរមិនទាន់ដឹងថា ភាគីថៃមានឥរិយាបថបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ