រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ឧសភា ២០១៣ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី លោកស្រី Claire Vander Vaeren ជាអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ និងអ្នកតំណាងមកពីក្រសួងពាក់ព័ន្ធ អង្គការធ្វើការពាក់ព័ន្ធនឹងស្រ្តី និងដៃគូអភិវឌ្ឍន៍នានា បានចូលរួមក្នុងព្រឹត្តការណ៍ពិនត្យតាមដានក្នុងថ្ងៃនេះ ស្តីពីលទ្ធផលដែលគួរអោយកត់សម្គាល់នៃកិច្ចប្រជុំទី៥៧ របស់គណៈកម្មការលើកកំពស់ស្ថានភាពស្រ្តី ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ។
កិច្ចប្រជុំជាប្រវត្តិសាស្រ្ត បានបង្កើតកិច្ចព្រមព្រៀងមួយដោយមានការឯកភាពពីប្រទេសចំនួន ១២៣ ដែលបានត្រួសត្រាយផ្លូវ ដើម្បីឱ្យមានវិធានការទប់ស្កាត់ និងបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅទូទាំងពិភពលោក ។ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទអន្តរជាតិ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងញូវយ៉ក ក្នុងខែមីនា ឆ្នាំ២០១៣ ។
នៅក្នុងព្រឹត្តការណ៍ពិនិត្យតាមដានថ្នាក់ជាតិនៅប្រទេសកម្ពុជា ដែលបានរៀបចំឡើងនៅក្នុងថ្ងៃនេះ លោកជំទាវ អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា «ប្រទេសកម្ពុជា នឹងធ្វើដំណើរឆ្ពោះទៅមុខព្រមជាមួយនឹងផែនការសកម្មភាពជាតិលើកទីពីរ ស្តីពីរការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៣-២០១៧ ដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ និងការប្តេជ្ញាចិត្ត ដែលបានលើកនៅក្នុងកិច្ចប្រជុំលើកទី៥៧ គណៈកម្មាធិការលើកកម្ពស់ស្ថានភាពស្រ្តីជាដើម ។ យើងនឹងធានាឱ្យបានថា អ្នកប្រព្រឹត្តអំពើហិង្សាលើស្រ្តីទាំងឡាយត្រូវបានចាប់ឱ្យទទួលខុសត្រូវនៅលើបទល្មើស ដែលខ្លួនបានប្រព្រឹត្ត ហើយធានាថា គ្រោះថ្នាក់ដោយអំពើហិង្សានឹងទទួលបានជំនួយគាំទ្រ ដែលចាំបាច់» ៕
ចែករំលែកព័តមាននេះ