ខេត្តកំពត ៖ ស្ត្រីម្នាក់ដែលជិះកង់មកផ្សារតានី ស្រុកអង្គរជ័យ ត្រូវបានជនមិនស្គាល់មុខស្ទាក់កាប់ត្រូវជាច្រើនកាំបិតបណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ ឧសភាកន្លងមកនោះ ប៉ុន្តែឥឡូវនេះត្រូវបាននគរបាលស្រុកសហការជាមួយនគរបាលនៃស្នងការដ្ឋានខេត្តស្រាវជ្រាវវែកមុខរកឃើញហើយ គឺជនសង្ស័យជាឃាតករនោះត្រូវជាក្មួយប្រុសរបស់ស្ត្រីរងគ្រោះ ហើយត្រូវបាននគរបាលឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ឧសភា ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្ត្រីឈ្មោះ ពៅ អ៊ុត អាយុ៤៥ឆ្នាំ នៅភូមិព្រៃផ្គាំ ឃុំភ្នំកុង ស្រុកអង្គរជ័យនោះគឺឈ្មោះ យុង មីនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ មន្ត្រីនគរបាលបន្តទៀតថា បើតាមសម្តីរបស់ជនសង្ស័យបានសារភាពថា រូបគេបានខឹងនឹងម្តាយមីងកាលពី៤ឆ្នាំមុន កាលនោះម្តាយបង្កើតរបស់គេមានជំងឺឈឺធ្ងន់ ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ហើយម្តាយមីងរូបនេះបានទៅថែទាំមើលម្តាយខ្លួននៅមន្ទីរពេទ្យ ហើយបានជេរនិងវាយធ្វើបាបរូបគេ។
ឃាតករជាក្មួយរូបនេះបានសារភាពបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ មីង ពៅ អ៊ុត បានបាត់លុយជិត៥០ម៉ឺនរៀល ហើយបានចោទប្រកាន់ថាក្រុមគ្រួសាររបស់គេជាអ្នកលួចលុយគាត់ ។ ចាប់តាំងពីពេលនោះមក រូបគេបានចងគំនុំជាប់នៅក្នុងខ្លួនរហូតមក លុះមកដល់ថ្ងៃកើតហេតុ នាវេលាម៉ោង៤ទៀបភ្លឺ រូបគេជាក្មួយបានឃើញម្តាយមីងជិះកង់ទៅផ្សារតានី នៅពេលឃើញឱកាសល្អខ្លួនក៏បានយកកាំបិតផ្គាក់មួយទៅពូនចាំនៅក្នុងគុម្ពោតព្រៃ ។ នៅពេលម្តាយមីងជិះកង់មកដល់ចំណុចភូមិពោធិ៍ ឃុំភ្នំកុង គេក៏ស្ទុះមកកាប់សំដៅទៅត្រូវម្តាយមីងបណ្តាលឱ្យដួល ហើយគេក៏កាប់បន្ថែមទៀត បន្ទាប់មកគេក៏ត្រឡប់ទៅផ្ទះហើយយកកាំបិតទៅទុកនៅក្នុងផ្ទះវិញ ។
នៅពេលចាប់ខ្លួន ឃាតករជាក្មួយនេះបានបង្ហាញកាំបិតដែលខ្លួនបានកាប់សម្លាប់ ។ ទោះជាបែបណា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តកំពត កាលពីព្រឹកថ្ងៃទី២១ ឧសភា បាននាំជនសង្ស័យទៅបង្ហាញទីតាំងសម្លាប់ និងប្រមូលវត្ថុតាងផ្សេងៗទៀតសម្រាប់ធ្វើជាភស្តុតាងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ