ខេត្តព្រះសីហនុ ៖ ដោយមើលឃើញពីការខ្វះខាតសម្ភារប្រើប្រាស់សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត នារសៀលថ្ងៃទី២០ ឧសភា លោកថេង ហុក និងលោកស្រីទិន ណៃខេង ម្ចាស់ផ្សារសាម៉ូដឺរ៉ា ព្រមទាំងក្រុមគ្រួសារ រួមជាមួយបុគ្គលិក បាននាំយកអំណោយជាសម្ភារប្រើប្រាស់មាន ភួយ មុង កន្ទេល ខ្នើយទៅផ្តល់ជូនលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទុកសម្រាប់ផ្តល់ជូនអ្នកជំងឺដែលខ្វះខាត ជាពិសេសអ្នកជំងឺអនាថា គ្មានសាច់ញាតិ ។
លោកថេង ហុក និងលោកស្រីទិន ណៃខេង មានប្រសាសន៍ថា បន្ទាប់ពីលោកនិងភរិយាទៅសួរសុខទុក្ខកម្មកររបស់លោកដែលមានជំងឺ ហើយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឃើញថា នៅមានការខ្វះខាតសម្ភារសម្រាប់អ្នកជំងឺប្រើប្រាស់ ទើបលោកនិងភរិយាសម្រេចចិត្តជួយឧបត្ថម្ភសម្ភារមួយចំនួនមាន ភួយចំនួន១០០ ខ្នើយ១០០ និងកន្ទេលចំនួន១០០ សម្រាប់ឱ្យអ្នកជំងឺប្រើប្រាស់ ។ លោកបានបន្តថា អំណោយទាំងនេះថ្វីដ្បិតមានចំនួនតិចតួច ប៉ុន្តែវាបានផ្តើមចេញពីទឹកចិត្តសប្បុរសធម៌ និងជាសិល្បៈនៃការចែករំលែកអាចជួយដោះស្រាយការខ្វះខាតបានមួយចំនួនដែរ ។
លោក និងលោកស្រីម្ចាស់ផ្សារសាម៉ូដឺរ៉ាបញ្ជាក់ថា កន្លងមកលោក និងលោកស្រីធ្លាប់បានចូលរួមចំណែកឧបត្ថម្ភសកម្មភាពមនុស្សធម៌កាកបាទក្រហម ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អំពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថានៅទីប្រជុំជនឬជនបទដាច់ស្រយាលយ៉ាងណាក្តី ដូចពាក្យស្លោកពោលថា ទីណាជួបការលំបាក ទីនោះតែងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
លោកសេង ណុង ប្រធានមន្ទីរពេទ្យខេត្តព្រះសីហនុ និងលោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកថេង ហុក និងលោកស្រីទិន ណៃខេង ម្ចាស់ផ្សារសាម៉ូដឺរ៉ា ដែលបាននាំយកអំណោយមកផ្តល់ជូនមន្ទីរពេទ្យខេត្តនាពេលនេះ ជាការរួមចំណែកកាត់បន្ថយការខ្វះខាតរបស់មន្ទីរពេទ្យដែលកំពុងត្រូវការចាំបាច់ ។ លោកប្រធានមន្ទីរពេទ្យខេត្ត ក៏ដូចជាលោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា នឹងយកសម្ភារប្រើប្រាស់ទាំងនេះទុកសម្រាប់ប្រើឱ្យចំគោលដៅ ជាពិសេសការខ្វះខាតរបស់អ្នកជំងឺពេលមកសម្រាកព្យាបាល ៕


ចែករំលែកព័តមាននេះ