ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ជ្រុល​បុក​ស្លាក​សញ្ញា​គណបក្ស​របួស​2​នាក់​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖​ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​សូនិក​ ស៊េរី​ចាស់​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ឌុប​គ្នា​ចេញ​ពី​កន្លែង​ផឹក​ស៊ី​ ពី​ត្បូង​ទៅ​ជើង​ ក្នុង​បំណង​ទៅ​លេង​ចម្ការ​មិត្ត​ភក្តិ​បន្ត​ទៀត​នៅ​ភូមិ​ភ្នំ​កុយ​ ស្រុក​សាលា​ក្រៅ​ តែ​ជិះ​ដល់​ពាក់​កណ្តាល​ផ្លូវ​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​គណបក្ស​មួយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​ ត្រូវ​បង​ប្អូន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​២០ ឧសភា​ នៅ​ចំណុច​ក្បែរ​ស្ពាន​តារាប​ ភូមិ​ទួល​ល្វា​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន​ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មាន ឈ្មោះ​ ឃិន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​អ្នក​បើក​ម៉ូតូ​ រង​របួស​បែក​ក្បាល​រយះ​ដៃ​ជើង​ សន្លប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​ឈ្មោះ​ យ៉ង ថៃ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រង​របួស​ស្រាល​ រលាត់​ដៃ​ជើង​តិច​តួច​ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​បហ៊ុយ​ សង្កាត់​បយ៉ា​ខា​ ក្រុង​ប៉ៃលិន ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ បុរស​ទាំង​ពីរ​នាក់​ ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​ចំនួន​៥​នាក់​ ពី​ព្រឹក​ដល់​យប់​ជ្រៅ​ទើប​ចប់​ ហើយ​យក​ម៉ូតូ​ជិះ​ទាំង​ស្រវឹង​ ដើម្បី​បន្ត​ដំណើរ​ទៅ​លេង​ចម្ការ​មិត្ត​ភក្តិ​បន្ត​ទៀត​ តែ​ជិះ​បាន​ពាក់​កណ្តាល​ផ្លូវ​ ក៏រេ​ចង្កូត​ជ្រុល​ទៅ​បុក​ស្លាក​គណបក្ស​នៅ​ខាង​ស្តាំ​ដៃ​ បណ្តាល​ឱ្យ​ទ្រេត​ ចំណែក​ជន​រងគ្រោះ​ផ្លោង​ទៅ​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​ ។ ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ក្រុង​ប៉ៃលិន​ រង់​ចាំ​ម្ចាស់​មក​ទទួល​វិញ​ ៕