ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​បង្ក​ការ​កក​ស្ទះ​ចរា​ចរណ៍​ទាំង​ព្រឹក​នៅ​ផ្លូវ​លេខ​271​ជាង​1​ម៉ោង​ សាលា​រាជ​ធានី​គប្បី​រក​ចន្លោះ​វេលា​វិកាល​សម្រាប់​រថយន្ត​ធំ​កន្ទុយ​វែង​ធ្វើ​ចរាចរណ៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ យាន​យន្ត​គ្រប់​ប្រភេទ​ប្រមាណ​រាប់​រយ​គ្រឿង​បាន​កក​ស្ទះ​ចរា​ចរណ៍​យ៉ាង​តាន់​តាប់​ដែល​ដើម​ហេតុ​មក​ពី​រថយន្ត​ធុន​យក្ស​២គ្រឿង​បើក​ឆ្លង​ផ្លូវ​ផ្ទុយ​ក្បាល​គ្នា​សណ្តូក​ខ្លួន​កាត់​ទទឹង​ផ្លូវ​ ដូច​គេ​ចាប់​វាស់​ កាល​ពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២០ ឧសភា​ លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ត្រង់​ចំណុច​កែង​ផ្លូវ​លេខ​៤៣២​ ។ នេះ​ជា​សារ​មួយ​សម្រាប់​សាលា​រាជ​ធានី​ភ្នំពេញ​ គប្បី​រក​ចន្លោះ​ (វេលា​វិកាល​) ពេល​សម​ស្រប​ណា​មួយ​សម្រាប់​រថយន្ត​ប្រភេទ​នេះ​ចេញ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរា​ចរណ៍​រំខាន​ដល់​អ្នក​ដំណើរ​ដែល​កំពុង​មមា​ញឹក​ឆ្ពោះ​ទៅ​គោល​ដៅ​ ។

នៅ​លើ​ដង​ផ្លូវ​លេខ​២៧១​នេះ​ គេ​សង្កេត​ឃើញ​តែង​កក​ស្ទះ​ចរា​ចរណ៍​ស្ទើរ​មិន​លស់​ថ្ងៃ​ពិសេស​នៅ​ចំណុច​ខាង​លើ​ និង​នៅ​ម្តុំ​មុខ​វត្ត​សន្សំ​កុសល​ ដោយ​សារ​ការ​បើក​បរ​មិន​យោគ​យល់​គ្នា​ ក្នុង​នោះ​រថយន្ត​ធុន​ធំ​កន្ទុយ​វែង​ក៏​ជា​ដើម​ហេតុ​ក្នុង​ករណី​នេះ​ដែរ​ ។ ជា​ភស្តុតាង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា​ គេ​ឃើញ​យាន​យន្ត​គ្រប់​ប្រភេទ​រាប់​រយ​គ្រឿង​បាន​កក​ស្ទះ​ចរា​ចរណ៍​យ៉ាង​ណែន​ណាន់​តាន់​តាប់​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ កែង​ផ្លូវ​លេខ​៤៣២​ បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​២គ្រឿង​ ដែល​មួយ​គ្រឿង​មាន​កន្ទុយ​វែង​ប្រវែង​ជាង​១០​ម៉ែត្រ​ ពណ៌​ខៀវ​ ដឹក​ទំនិញ​គ្រប​តង់​ជិត​ និង​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ត​បាញ់​ស៊ីម៉ងត៍​ធ្វើ​អគារ​ ។

មុន​ពេល​កក​ស្ទះ​ចរា​ចរណ៍​ រថយន្ត​ដឹក​ទំនិញ​បើក​លើ​កំណាត់​ផ្លូវ​លេខ​៤៣២​ ពី​កើត​ទៅ​លិច​ពេល​បើក​ជិត​ដល់​ផ្លូវ​លេខ​២៧១​ ក៏​បន្ថែម​ល្បឿន​ដើម្បី​ឡើង​ចំណោត​ដោយ​ចុច​ស៊ីប្លេ​ឱ្យ​យាន​យន្ត​ទាំង​ឡាយ​ចៀស​ និង​ប្រុង​ប្រយ័ត្ន​ ។ ពេល​នោះ​ម៉ូតូ​ និង​រថយន្ត​គ្រប់​ប្រភេទ​បើក​ផ្លូវ​ឱ្យ​រថយន្ត​ធំ​នោះ​ឡើង​តាម​សម្រួល​ តែ​ដោយ​ចន្លោះ​នៃ​ការ​បើក​ផ្លូវ​តូច​ចង្អៀត​ល្មម​តែ​តួ​រថយន្ត​ត្រង់​កាត់​ទទឹង​ផ្លូវ​ធ្វើ​ឱ្យ​អ្នក​បើក​បរ​មិន​អាច​យក​ចង្កូត​ឡើង​ជា​ចំណិត​ត្រសក់​ ដើម្បី​ស្រួល​បត់​ក្បាល​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​បាន​ស្រួល​ ធ្វើ​ឱ្យ​តួ​រថយន្ត​ច្រងាង​នៅ​ទទឹង​ផ្លូវ ។

ស្រប​ពេល​នោះ​ ស្រាប់​តែ​រថយន្ត​ធុន​ធំ​ជា​ប្រភេទ​រថយន្ត​បាញ់​ស៊ីម៉ងត៍​បើក​លើ​ផ្លូវ​លេខ​២៧១​ ពី​ត្បូង​ទៅ​ជើង​រុល​មក​ដល់​ទៅ​មុខ​មិន​រួច​ ក៏​បួង​ចង្កូត​បត់​មក​ខាង​ស្តាំ​ដៃ​ចុះ​ចំណោត​ឆ្ពោះ​មក​ផ្លូវ​លេខ​៤៣២​ តែ​ដោយ​ខ្លាច​ជាន់​លើ​យាន​យន្ត​ដទៃ​ទៀត​ពេល​បត់​ក្បាល​មក​ដល់​ចិញ្ចើម​ផ្លូវ​ ក៏​ឈប់​ទ្រឹង​ធ្វើ​ឱ្យ​កន្ទុយ​រថ​យន្ត​ទាំង​ពីរ​នៅ​ទន្ទឹម​គ្នា​ ដូច​គេ​ចាប់​វាស់​ ឯ​ក្បាល​រថយន្ត​មួយ​គ្រឿង​បែរ​ទៅ​លិច​ និង​មួយ​ទៀត​បែរ​ទៅ​កើត​ផ្ទុយ​ទិស​គ្នា​ ។ ពេល​នោះ​ម៉ូតូ​ រ៉ឺម៉ក​និង​រថ​យន្ត​តូច​ធំ​រាប់​រយ​គ្រឿង​ ដែល​កំពុង​ប្រញាប់​ប្រញាល់​ទៅ​កាន់​គោល​ដៅ​បាន​កក​ស្ទះ​យ៉ាង​ណែន​តាន់​តាប់​ប្រជ្រៀត​គ្នា​ច្របូក​ច្រ​បល​់​លែង​គិត​ពី​គ្រោះ​ថ្នាក់​ ឬ​គោ​រព​ច្បាប់​ចរាចរណ៍​ទេ​ ធ្វើ​យ៉ាង​ណា​គេច​ឱ្យ​ផុត​ពី​ចំណុច​កក​ស្ទះ​នេះ​ ដោយ​ទិស​ដៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២៧១​ ពី​ជើង​ទៅ​ត្បូង​ក៏​ជាប់​គាំង​ និង​ពី​ត្បូង​ទៅ​ជើង​ក៏​ស្ទះ​ រី​ឯ​យាន​យន្ត​មួយ​ផ្នែ​ក​ធំ​ទៀត​ដែល​ចរាចរ​តាម​ផ្លូវ​លេខ​៤៣២​ ក៏​បើក​សម្រុក​ឡើង​ផ្លូវ​២៧១ទៀត​ ធ្វើ​ឱ្យ​ស្ថាន​ភាព​កក​ស្ទះ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​។

ដោយ​សារ​តែ​ជាប់​គាំង​ដោយ​រថ​យន្ត​ធំ​២​គ្រឿង​ឈប់​ច្រងាង​កាត់​ទទឹង​ផ្លូវ​បែប​នេះ​អ្នក​បើក​បរ​យាន​យន្ត​មួយ​ចំនួន​បើក​គេ​ច​ទៅ​ផ្លូវ​៤៣២​ ហើយ​ចូល​ទៅ​តាម​ផ្លូវ​ផ្សេង​ៗ​ ដើម្បី​បើក​ផ្លូវ​ឱ្យ​រថ​​យន្ត​បាញ់​ស៊ី​ម៉ងត៍​អាច​រង្កិល​ខ្លួន​ចុះ​ទៅ​ផ្លូវ​៤៣២​នោះ​បាន​ ចំណែក​រថ​យន្ត​ដឹក​ទំនិញ​ឃើញ​ចន្លោះ​សម​ល្មម​អាច​បត់​ខ្លួន​បាន​ក៏​បត់​ក្បាល​សន្សឹម​ៗ​ឆ្ពោះ​ទៅ​ត្បូង​ធ្វើ​ហី​ ។ ដោយ​ឡែក​ម៉ូតូ​ រ៉ឺម៉ក​ និង​រថ​យន្ត​តូច​ធំ​បាន​ចាប់​ផ្តើម​បើក​ប្រជ្រៀត​គ្នា​ទៅ​មុខ​រៀង​ខ្លួន​លែង​គិត​ពី​ចំណែក​ផ្លូវ​ឡើយ​ ឱ្យ​តែ​មាន​ចន្លោះ​គឺ​រុល​ចូល​ភ្លែត​តែ​ម្តង​ជាង​១​ម៉ោង​ទើប​ស្បើយ​ ធ្វើ​ឱ្យ​អ្នក​បើក​បរ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំខាន​នេះ​ ។

ករណី​ខាង​លើ​ជា​សារ​មួយ​សម្រាប់​សា​លា​រាជ​ធានី​ភ្នំពេញ​ គួរ​ប្រើ​ធម៌​ក្តៅ​ចំពោះ​រថ​យន្ត​ធំ​កន្ទុយ​វែង​ ថែម​ទាំង​ផ្ទុក​ទំនិញ​លើស​តោន​ដើម្បី​ឱ្យ​ត្រូវ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ។ ជា​ការ​ល្អ​គប្បី​រក​ចន្លោះ​ពេល​វេលា​សម​ស្រប​ណា​មួយ​ ដែល​ស្បើយ​យាន​យន្ត​ដទៃ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរា​ចរណ៍​តែង​តែ​កើត​មាន​ស្ទើរ​មិន​លស់​ថ្ងៃ​ ដែល​ករណី​នេះ​កន្លង​មក​ក៏​មាន​ប្រតិ​កម្ម​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ដែរ​ ចំពោះ​រថ​យន្ត​ប្រភេទ​នេះ​ឱ្យ​កាត់​កន្ទុយ​ចេញ​ និង​ទម្លាក់​ទំនិញ​ទុក​ឱ្យ​ត្រឹម​ត្រូវ​តាម​ប្រភេទ​រថ​យន្ត​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើ​ផ្លូវ​សា​ធា​រណៈ​ជា​យថា​ហេតុ​ ៕