ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​កិច្ច​ប្រធានាធិបតី​​ភូមា​​នៅ​អាមេរិក​លោកអូបាម៉ា​អប​អរ​សាទរ​​ការ​កែ​ទម្រង់​​​​តែ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ជន​ជាតិ​ភាគ​តិច​

13 ឆ្នាំ មុន

​ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់​អូ​បា​ម៉ា​ បាន​សម្តែង​​ការ​អប​អរ​សាទរ​ចំពោះ​​ការ​កែ​ទម្រង់​​នយោ​បាយ​ និង​សេដ្ឋ​កិច្ច​​នៅ​ប្រទេ​ស​​មី​យ៉ាន់​ម៉ា​(ភូមា​)​ ពេល​​លោក​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​២០ ឧសភា ជាមួយ​​សម​ភាគី​ភូមា​ លោក​ថេន សេន ដែល​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នៅ​សេត​វិមាន​ ក៏​ប៉ុន្តែ​លោក​អូ​បាម៉ា​ ទាម​ទារ​​ឱ្យ​បញ្ចប​់​អំពើ​ហិង្សា​​ប្រឆាំង​ពួក​អ៊ិ​ស្លាម​​ក្នុង​ប្រទេស​​នេះ។

៦​ខែ​ក្រោយ​ពី​លោក​​ទៅ​កាន់​ក្រុង​​រ៉ង់​ហ្គូន​ លោក​​អូ​​បា​ម៉ា​ កត់​សម្គាល់​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​មាន​ការ​កែ​លម្អ​​ដោយ​សារ​សកម្ម​ភាព​នានា​របស់​លោក​ប្រធានាធិបតី​ថេន​ សេន ដើម្បី​​ធ្វើ​ឱ្យ​​មាន​ការ​រីក​ចម្រើន​នៅ​ភូមា​លើ​ផ្លូវ​នៃ​ការ​កែ​ទម្រង់​នយោ​បាយ​ ព្រម​ទាំង​សេដ្ឋ​កិច្ច ។

ចំណែក​លោក​ថេន សេន​ វិញ​អះ​អាង​ថា លោក​ចង់​បន្ត​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​​របស់​លោក​ក្រោយ​របប​យោធា ។
ជា​ភាសា​អង់​គ្លេស​​​ លោក​អូបាម៉ា​បាន​ពោល​ពាក្យ​ថា មីយ៉ាន់​ម៉ា​ជា​ច្រើន​​​​លើក​ ជា​ជាង​ប្រើ​ពាក្យ​ថា ភូមា ។ លោក​ក៏​បាន​ពោល​ផងដែរ​ថា លោកថេន​ េសន បាន​ធ្វើ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ​​​នានា​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​​ចំពោះ​អំពើ​ហិង្សា​​ជន​ជាតិ​ភាគ​តិច ដែល​ប៉ះ​ពាល់​ដល់​ប្រទេស​​ ប៉ុន្តែ​លោក​ផ្តោត​ពិសេស​លើ​​​ជន​ជាតិ​ភាគ​តិច​​រ៉ូ​ហ៊ីញ​យ៉ា​ ​កាន់​សាសសនា​​អ៊ិស្លាម​។

ប្រធានាធិបតី​​​អាមេរិក​​​បាន​សម្តែង​ពី​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​របស់​លោក​ចំពោះ​អំពើ​ហិង្សា​​រវាង​សហ​គមន៍​ ដែល​សំដៅ​លើ​​បណ្តា​​ក្រុម​អ៊ិស្លាម​​នៅ​ភូមា ។ លោក​ទទូច​ថា ​ការ​ជម្លៀស​​មនុស្ស​ ព្រម​ទាំង​​អំពើ​ហិង្សា​​​សំដៅ​លើ​​ក្រុម​​អ៊ិ​ស្លាម​​ទាំង​នេះ​ត្រូវ​បញ្ឈប់ ។
ចំណែក​​លោក​ថេន សេន វិញ ទទួល​ស្គាល់​ថា ប្រទេស​​របស់​លោក​ត្រូវ​​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ច្រើន​ ហើយ​លោក​​បាន​សម្តែង​​ការ​ដឹង​គុណ​ចំពោះ​​លោក​អូបា​ម៉ា​ ដោយ​សារ​​ជំហរ​របស់​លោក​ក្នុង​សំណុំ​រឿង​​មីយ៉ាន់​ម៉ា​ ដែល​លោក​ថា​​ជា​ការ​ជួយ​សម្រួល​ដល់​ដំណើរ​ការ​កែ​ទម្រង់​​ដែល​​កំពុង​ប្រព្រឹត្ត​ទៅ ។

លោក​ថេន សេន មាន​ប្រសាសន៍ថា ដើម្បី​​ឱ្យ​​លទ្ធិ​ប្រជាធិបតេយ្យ​​មាន​ការ​រីក​ចម្រើន​ក្នុង​​ប្រទេស​​យើង​ នោះ​​យើង​ត្រូវ​​បោះ​ជំហាន​​ទៅមុខ​ ហើយ​​យើង​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​នយោ​បាយ​ និង​សេដ្ឋ​កិច្ច​ ។ហាក់​ដូច​ជា​ចង់​និយាយ​សំដៅ​លើ​សំណើ​​​នា​នា​របស់​លោក​អូ​បាម៉ា ដែល​ថ្លែង​​ប៉ុន្មាន​នាទី​​មុន​នេះ​ក្នុង​សុន្ទរកថា​​​ឯ​សាកល​វិទ្យាល័យ​ក្រុង​វ៉ាស៊ីន​តោន​​​មួយ​ថា លោក​​​ថេន សេន ប្រាថ្នា​​ឱ្យ​អំពើ​ហិង្សា​​ សហគមន៍ និង​ការ​រើស​អើង​ត្រូវ​បញ្ចប់​​ក្នុង​ប្រទេស​​លោក​ ដោយ​ស្នើ​ឱ្យ​មាន​ការ​​បង្រួប​បង្រួម​​ជាតិ​កាន់​តែ​ទូលំ​ទូលាយ​ ក៏​ប៉ុន្តែ​​​មិន​និយាយ​​​យោង​​ដោយផ្ទាល់​​ចំពោះ​ពួក​​រ៉ូ​ហ៊ីញ​យ៉ា​ ជាជន​ជាតិ​​ភាគ​តិច​អ៊ិស្លាម​​មួយ​ក្រុម​គ្មាន​​ប្រទេស​ឡើយ ។រហូត​មក​ទល់​ពេល​នេះ​ លោក​ថេន​ សេន ជា​មេដឹក​នាំ​​ភូមា​ដំបូង​គេ​​ ទទួល​ដោយ​កិត្តិយស​នៅ​សេត​វិមាន​​​ចាប់​តាំង​ពី​ទស្សនកិច្ច​របស់​ឧត្តម​សេ​នីយ៍​​​ នេ​ វីន កាល​ពី​ឆ្នាំ​១៩៦៦ ​​សម័យ​ក្រោម​អំណាច​ប្រធានាធិបតី​លីន​ដុន ចន​ស៊ុន មក ៕