ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប្អូនថ្លៃស្រីវ័យ១៤ឆ្នាំ ប្តឹងចោទថា បានព្យាយាមចាប់នាងរំលោភសេពសន្ថវៈ តែមិនបានសម្រេច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ឧសភា ២០១៣ បន្ទាប់ពីជននេះប្រើល្បិចហៅនាងទៅកោសខ្យល់ឱ្យនៅក្នុងផ្ទះ ដែលស្ថិតនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខណៈដែលប្រពន្ធមិននៅផ្ទះ ។
លោកសារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានឱ្យដឹងថា ជនសង្ស័យឈ្មោះញូ សុផល ហៅណុប អាយុ២៥ឆ្នាំ និងប្អូនថ្លៃស្រីជាជនរងគ្រោះអាយុ១៤ឆ្នាំ ។ លោកបញ្ជាក់ថា ជនសង្ស័យប្រើកម្លាំងបាយដើម្បីចាប់ប្អូនថ្លៃរំលោភ តែនាងរើបំរះរួច ក្រោយពីធាក់ត្រូវជាច្រើនជើងហើយរត់ចេញមកក្រៅផ្ទះដើម្បីឱ្យអ្នកជិតខាងជួយ រួចដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋានខេត្ត។ ក្រោយពីទទួលបណ្តឹងភ្លាម លោកស្នងការក៏បានបញ្ជាឱ្យចុះឃាត់ខ្លួនជនសង្ស័យនៅល្ងាចថ្ងៃដដែលនោះតែម្តង ៕
ចែករំលែកព័តមាននេះ