ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន ក្លាយជាពលរដ្ឋកិត្តិយសនៃខេត្តស៊ូឡាវេស៊ី នៅភាគខាងត្បូងឥណ្ឌូនេស៊ី

13 ឆ្នាំ មុន

ដោយមើលឃើញ​ពីគុណបំណាច់​និងការដឹកនំាប្រកប​ដោយបញ្ញាញាណ​ របស់សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ក្នុងការដឹកនំា​ប្រទេស​កម្ពុជា​ឆ្លងផុតពីដំណាក់​កាល​​សង្រ្គាមមកកាន់សុខសន្តិភាព​ និងកសាងប្រទេស​មានការអភិវឌ្ឍរីកចម្រើន​ និងការគោរពស្រលាញ់​របស់ថ្នាក់ដឹកនំា​និងប្រជាពលរដ្ឋខេត្តស៊ូឡាវេស៊ី​ អភិបាលខេត្ត​ស៊ូឡាវេស៊ី​ លោក ស៊ីយ៉ារូល យ៉ាស៊ីន​ លីមប៉ូ​ បានផ្តល់ឋានៈសម្តេចតេជោ​ ជាពលរដ្ឋកិត្តិយស​របស់ខេត្តស៊ូឡាវេស៊ី​ តាមរយៈការ​បំពាក់មួក​ ដំបងដាវ និងជូនវត្ថុ​អនុស្សាវរីយ៏ ​។

ពិធីនេះ ​បានបា្ររព្វធ្វើនៅក្នុងទីក្រុងម៉ាកាសា​​​ក្នុងពិធីលាងសោយភោជន៏មួយ​ជូនចំពោះសម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាលពីរាត្រីថ្ងៃទី១៩ ​ឧសភា ២០១៣​ ក្នុងអំឡុងពេល​ដែលសម្តេច​និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​ បានអញ្ជើញចូលរួម​ក្នុងមហាសន្និបាត​លើកទី២​ នៃអង្គការអ្នកប្រជាធិបតេយ្យ​និយម​​កណ្តាលអន្តរជាតិ​ អាស៊ីប៉ាស៊ីហ្វិក ​ហៅកាត់ថា CAPDI​ ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២០ឧសភាម្សិលមិញ​ អំឡុងពេលឡើងថ្លែងសុន្ទរកថា​ក្នុងមហាសន្និបាតលើកទី២​ នៃអង្គការអ្នកប្រជាធិបតេយ្យនិយម​កណ្តាលអន្តរជាតិ​ អាស៊ីប៉ាស៊ីហ្វិក​នេះដែរ សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក៏បានអំពាវនាវឲ្យ CAPDI​ បញ្ជូនអ្នកសង្កេតការណ៏របស់ខ្លួន​មកកាន់ប្រទេសកម្ពុជា​ ដើម្បីអង្កេត​តាមដាន​​ពីការបោះឆ្នោតជ្រើស​តំាងតំណាងរាស្រ្ត​នីតិកាលទី៥​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨​ កក្កដា ២០១៣ខាងមុខ​ ។

សូមបញ្ជាក់ដែរថា​ មហាសន្និបាតលើកទី២​ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ​ អាស៊ីប៉ាស៊ីហ្វិក​ ដែលបានបា្ររព្វធ្វើពីថ្ងៃទី១៩​ ដល់ថ្ងៃទី២១ ឧសភា​២០១៣នេះ​ ផ្តោតសំខាន់ទៅលើការ​ប្រមូលផ្តុំរដ្ឋាភិបាល​ គណបក្សនយោបាយ​និងសង្គមស៊ីវិល​ ដើម្បីជំរុញសន្តិភាព ការផ្សះផ្សានិង​ប្រយុទ្ឋប្រឆាំងការ​ប្រែប្រួល​​អាកាស​ធាតុ ​។

សម្តេចនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន និងគណៈប្រតិភូអមដំណើរ​ បាននិវត្តន៏មកដល់ប្រទេសកម្ពុជាវិញហើយ ​កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី២០ ឧសភា ២០១៣​ ៕