ខេត្តកំពត៖សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីម្នាក់កាលពីថ្ងៃទី១៦ ឧសភា ២០១៣ នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ដោយការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៣ នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រៃផ្គាំ ឃុំភ្នំកុង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនសង្ស័យបានអះអាងថាខ្លួនជាអ្នកសម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន ហើយគេសម្លាប់តែម្នាក់ឯងមិនមានពាក់ព័ន្ធជាមួយអ្នកផ្សេងឡើយ។ ជនសង្ស័យបន្តថាគេបានកាប់ស្ត្រីរងគ្រោះជាច្រើនកាំបិត ដោយសារគំនុំជាច្រើនឆ្នាំ ដែលស្ត្រីនោះធ្លាប់បានមើលងាយគ្រួសាររបស់គេ។សមត្ថកិច្ច ឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ យុង មិនា ភេទប្រុស អាយុ២០ឆ្នាំ ជាក្មួយបង្កើតស្ត្រីរងគ្រោះនៅផ្ទះជិតគ្នា។
គួរបញ្ជាក់ថាស្ត្រីដែលបានស្លាប់នោះមានឈ្មោះ ពៅ អ៊ុត អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្គាំ ឃុំភ្មំកុង ស្រុកអង្គរជ័យ ត្រូវគេសម្លាប់កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៦ ឧសភា ២០១៣។


ចែករំលែកព័តមាននេះ