រាជធានីភ្នំពេញ ៖ ជើងឯកគុនខ្មែរវគ្គ១ គឺកីឡាករជាម អាដាំ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានក្លាយជាម្ចាស់ខ្សែក្រវាត់ K-cement ទម្ងន់៦៥គីឡូក្រាមក្រោយពីបានយកឈ្នះកីឡាករ ផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងទឹកទី៤ នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃអាទិត្យ ទី១៩ ឧសភា ក្នុងស្ថានភាពចម្រូងចម្រាសយ៉ាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រ ផល សុផាត មួយចំនួនមិនសប្បាយចិត្តរហូតដល់ថ្នាក់ចោលកាកសំណល់ផ្សេងៗពាសពេញសង្វៀន ។
នៅទឹកទី១ ផល សុផាត ហាក់មានប្រៀបយ៉ាងខ្លាំងដោយបានប្រើស្នៀតកណ្តាប់ដៃម៉ាត់ចូលមុខគូប្រកួតពេញៗធ្វើឱ្យ ជាម អាដាំ ស្ទើរតែរកឱកាសតដៃលែងកើតម្តងៗទៀតផង ។ ចូលដល់ទឹកទី២ ជាម អាដាំ ដែលជាប់គាំងវាយមិនកើតនៅទឹកទី១ នោះបានប្តូរយុទ្ធវិធីប្រកួតដោយចាប់ក្រៀកគូប្រកួត រួចឡើងជង្គង់ ប៉ុន្តែ ផល សុផាត នៅតែអាចរំដោះខ្លួនបានរួចម៉ាត់ចូលមុខ ជាម អាដាំ ពេញៗដដែល ។ ទោះបីយ៉ាងណា ស្នៀតជើងរបស់ ជាម អាដាំ បានទាត់ចូលពោះទឹក និងកញ្ចឹង.ក ផល សុផាត ជាច្រើនលើកច្រើនសាធ្វើឱ្យម្ចាស់ខ្សែក្រវាត់៤ស្ថានីយទូរទស្សន៍រូបនេះ ស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនបំផុត ជាពិសេសនៅក្នុងទឹកទី៣ និងទី៤ តែម្តង ដែលកម្លាំងរបស់គេមានការស្រុតចុះយ៉ាងខ្លាំង។ នៅទឹកទី៤ ហេតុការណ៍ចម្រូងចម្រាសបានកើតឡើងខណៈពេលដែល ផល សុផាត ត្រូវ ជាម អាដាំ វាយត្រូវបញ្ឆិតក្បាលពីក្រោយបណ្តាលឱ្យដួលទាំងជំហរក្រោកលែងរួចតែម្តង ។ ភ្លាមៗនោះអាជ្ញាកណ្តាលលោករាម កុសល មិនហ៊ានធ្វើការប្រកាសលទ្ធផលឡើយ គឺត្រូវរង់ចាំការសម្រេចរបស់គណៈកម្មការសិន ។
បន្ទាប់ពីធ្វើការពិភាក្សាគ្នារួច លោកម៉ា សេរី ប្រធានគ្រប់គ្រងកីឡាប្រចាំ CTN បានឡើងប្រកាសឱ្យ ជាម អាដាំ ឈ្នះ ផល សុផាត ធ្វើឱ្យអ្នកគាំទ្រ ផល សុផាត ភាគច្រើនបញ្ចេញប្រតិកម្មស្រែកឡូឡាថា ការកាត់ក្តីនេះគឺអយុត្តិធម៌ខ្លាំងណាស់ ដោយពួកគេនិយាយថា ជាម អាដាំ វាយខុសបច្ចេកទេស និងច្បាប់ប្រកួត ដោយបានវាយថែម ផល សុផាត ពីក្រោយ ។ ឆ្លើយតបនឹងការលើកឡើងនេះ លោកម៉ា សេរី បាននិយាយថា ផល សុផាត ទៅលែងរួចហើយទើបគេមានចេតនាចង់ស៊ីឡាកច្រើនជាង ។ សម្រាប់ទស្សនៈរបស់អ្នកមើលភាគច្រើនក៏យល់ស្របថា ផល សុផាត មិនអាចទៅរួចជាមួយ ជាម អាដាំ ទេ ចំណែកក្រុមហ៊ុន K-cement ជាម្ចាស់ឧបត្ថម្ភធំកម្មវិធីប្រកួត ក៏បានឯកភាពចំពោះលទ្ធផលនេះដែរ ។
លោកម៉ា សេរី បានប្រកាសជាចំហថា បើ ផល សុផាត ចង់ធ្វើការតវ៉ា សូមសរសេរលិខិតជាលាយលក្ខណ៍អក្សរឱ្យបានច្បាស់ និងបង់ប្រាក់១០ម៉ឺនរៀលតាមច្បាប់របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ។ រហូតមកទល់ពេលនេះ អត់មានអ្នកមកតវ៉ាឡើយ ដូច្នេះ ផល សុផាត បានត្រឹមតែទទួលតំណែងលេខ២ប៉ុណ្ណោះ អមជាមួយនឹងទឹកប្រាក់២លាន៤សែនរៀល និងទូរទស្សន៍២៤អុីញ១គ្រឿង ។ រីឯចំណាត់ថ្នាក់លេខ១ ជាម អាដាំ ទទួលបានម៉ូតូស្គូពី១គ្រឿងអមជាមួយទឹកប្រាក់២លាន៤ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៣ កីឡាករលួន សុខេង មកពីក្លិបសិង្ហកីឡា ទទួលបានទូរទស្សន៍២៤អុីញ១គ្រឿង និងប្រាក់២លាន និងចំណាត់ថ្នាក់លេខ៤ កីឡាករពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស ព្រែកតាទែន ទទួលបានទូរទស្សន៍២៤អុីញ១គ្រឿង អមជាមួយទឹកប្រាក់១លាន៥សែនរៀល ។
រីឯលទ្ធផលគូប្រកួតមិត្តភាពវិញ ខុន ចាន់ថន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ឈ្នះ ឡន លឿប មកពីក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ ។ ង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ឈ្នះ ជិន រ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ និង ហែល វ៉ា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ឈ្នះ ជា សំណាង មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ