ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​បាល់​ទាត់​ Metfone Cambodian League 2013 កាល​ពី​ថ្ងៃ​អាទិត្យ​ បៀល​ប្រាយ​ 1-2 ស្វាយ​រៀង​, គិរីវង់​សុខ​សែន​ជ័យ​ 4-2​ អាស៊ី​អឺរ៉ុប​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការប្រកួត​បាល់​ទាត់​ Metfone Cambodian League 2013 កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៩​ ឧសភា​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​មាន​២​ប្រកួត​ ក្នុង​នោះ​ក្រុម​បៀល​ប្រាយ​លេង​ចាញ់​ក្រុម​ខេត្ត​ស្វាយ​រៀង​ ក្នុង​លទ្ធ​ផល​១​ទល់​២​ ចំណែក​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ លេង​ឈ្នះ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល​៤ទល់​២ ។​

ឆាក​ប្រយុទ្ធ​នៅ​លើ​វាល​ស្មៅ​រវាង​ក្រុម​បៀល​ប្រាយ​ និង​ក្រុម​ខេត្ត​ស្វាយ​រៀង​ នៅ​វេលា​ម៉ោង​២​រសៀល​ ពេល​ដែល​មេឃ​កំពុង​ចាប់​ផ្តើម​ធ្លាក់​ភ្លៀង​ក្នុងតង់​ទី​១​ មើល​ទៅ​គ្មាន​ក្រុម​ណា​លើ​ក្រុម​ណាទេ​ ជា​លទ្ធ​ផល​ក្រុម​ទាំង​២​នៅ​រក្សា​បាន​០​ទល់​០​ដដែល​ ។ ចូល​ដល់​តង់​ទី​២​ នៅ​នាទី​ទី​៦៦​ កីឡាករ​ពាក់​អាវ​លេខ​២២​ សំអឿន​ ពិដោរ​ របស់​ក្រុម​ខេត្ត​ស្វាយ​រៀង​ រក​បាន​១​គ្រាប់​ឱ្យ​ក្រុម​ខ្លួន​បាន​មុន​គេ​ ។​ បន្ទាប់​មក​នៅ​នាទី​ទី​៩៣​ គឺ​ក្នុង​ម៉ោង​បន្ថែម​កីឡាករ​ឃួន​ ឡាបូរ៉ាវី​ ពាក់​អាវ​លេខ​១១​ របស់​ក្រុម​ខេត្ត​ស្វាយ​រៀង​ រក​បាន​១​គ្រាប់​ឱ្យ​ក្រុម​ដែរ​ តែ​១​នាទី​ក្រោយ​មក​គឺ​នៅ​នាទី​ទី​៩៤ ដែល​ជា​នាទី​ចុង​ក្រោយ​នៃ​ម៉ោង​បន្ថែម​នោះ​ ក្រុមបៀល​ប្រាយ​ទទួល​បាន​ឱកាស​ទាត់​បាល់​ពិន័យ​ប៉េ​ណាល់​ទី​១១​ម៉ែត្រ​ ដោយ​សារ​កីឡាករ​ក្រុមខេត្ត​ស្វាយ​រៀង​ធ្វើ​ឱ្យ​មាន​កំហុស ។​

កីឡាករ​ពាក់​អាវ​លេខ​៦ ព្រំ​ ពុទ្ធ​សិទ្ធី​ របស់​ក្រុម​បៀល​ប្រាយ​ទាត់​បាល់​បញ្ចូល​ទី​បាន​សម្រេច​ធ្វើ​ឱ្យ​ចប់​ការប្រកួត​ ក្រុម​ខេត្ត​ស្វាយ​រៀង​ឈ្នះ​ក្រុម​បៀល​ប្រាយ​២ទល់​១ ។​ សូម​បញ្ជាក់​ថា កាល​ពី​ជុំ​ទី​១​ ក្រុម​ទាំង​២​នេះ​លេង​ស្មើ​គ្នា​ ០​ទល់​០​ តែ​ជុំ​ទី​២​ ក្រុម​ខេត្ត​ស្វាយ​រៀង​រក​បាន៣​ពិន្ទុ​ ។​ ១១​ប្រកួត​របស់​បៀលប្រាយ​ឈ្នះ​៣​ ស្មើ​៣​ និង​ចាញ់​៥​ មាន​១២​ពិន្ទុ​ ចំណែក​ក្រុម​ខេត្ត​ស្វាយ​រៀង​លេង​បាន​១០​ប្រកួត​ ក្នុង​នោះ​ឈ្នះ​៧​ ស្មើ​១​ និង​ចាញ់​២​ មាន​២២​ពិន្ទុ ។​
នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​៤​ល្ងាច​ ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​បាន​លេងឈ្នះ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធ​ផល​៤​ទល់​២ ។​ ២​គ្រាប់​របស់​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​រក​បាន​ដោយ​កីឡាករ​ ADESEYE ពាក់​អាវ​លេខ​៣៦​ តែ​ម្នាក់​ឯង​នៅ​នាទី​ទី​៧ និង​ទី​១៥។​ ចំណែក​៤​គ្រាប់​របស់​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​រក​បាន​ដោយ​កីឡាករ​ FRIDAY ពាក់​អាវ​លេខ​១៨ នៅ​នាទី​ទី​៤០​, កីឡាករ​ NJOKU DAVID ពាក់​អាវ​លេខ​៨​ នៅ​នាទី​ទី​៨៩ និង​កីឡាករ​សាវន​ រតន​វិសារ​ ពាក់​អាវ​លេខ​១៩​ នៅ​នាទី​ទី​៨២ និង​ទី​៩០ ។

​សូម​បញ្ជាក់​ថា​ កាល​ពី​ជុំ​ទី​១​ ក្រុម​គិរីវង់​សុខ​សែន​ជ័យ​លេង​ឈ្នះ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​១​ទល់​០​ប៉ុណ្ណោះ ។​ តាម​រយៈ​ជ័យ​ជម្នះ​នេះ​ធ្វើ​ឱ្យ​១១​ប្រកួតរបស់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ឈ្នះ​៥​ ស្មើ​៣​  និង​ចាញ់​៣​ មាន​១៨​ពិន្ទុ​ ចំណែក​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​លេង​បាន​១០​ប្រកួត​ ក្នុង​នោះ​ឈ្នះ​១​ ស្មើ​៤​ និង​ចាញ់​៥​ មាន​៧ពិន្ទុ ៕​