យោងតាមប្រភពព័ត៌មានអេ ភី ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ឧសភា ឆ្នាំ២០១៣ បានឱ្យដឹងថា កីឡាករខ្សែការពារសញ្ជាតិបារាំង Gael Clichy បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំបន្តទៀតជាមួយក្លិប Man City ។ការយល់ព្រមបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំមានន័យថា កីឡាករវ័យ២៧ឆ្នាំរូបនេះអាចបន្តស្នាក់នៅជាមួយក្លិបអ្នកមាន Man City រហូតដល់ឆ្នាំ២០១៧ ។
បន្ទាប់ពីចុះកុងត្រារួចរាល់ហើយ កីឡាករ Gael Clichy បាននិយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយបានមន្ត្រីក្លិបទាំងអស់ផ្ដល់ទំនុកចិត្តដល់ខ្ញុំ ដូច្នេះដើម្បីតបស្នងសងគុណដល់ពួកគេ ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតរដូវកាលថ្មីខាងមុខនេះ ។ កីឡាករសញ្ជាតិបារាំងវ័យ២៧ឆ្នាំបានចូលមកលេងឱ្យក្លិប Man City តាំងពីឆ្នាំ២០១១ បន្ទាប់ពីផ្លាស់មកពីក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួនជាង១០លានដុល្លារ ។
នៅជាមួយក្លិប Man City កីឡាកររូបនេះធ្លាប់បានបង្ហាញវត្តមានចំនួន៥៣លើកតែពុំដែលស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ទេ ។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិបារាំងវិញគាត់ធ្លាប់បង្ហាញវត្តមានបានចំនួន១៧លើកតែពុំដែលស៊ុតបាល់បញ្ចូលទីបានដែរក្នុងឋានៈជាកីឡាករខ្សែការពារដ៏រឹងមាំ ៕
ចែករំលែកព័តមាននេះ