រ៉ាហ្វាអែល ណាដាល់នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួននៅលើតារាងដីឥដ្ឋជាដដែលបន្ទាប់ពីរូបគេបំបាក់កីឡាករជើងខ្លាំងលំដាប់ពិភពលោករបស់ស្វ៊ីសរ៉ូជើ ហ្វេដឺរ័រក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Rome Masters ដោយលទ្ធផល២សិតទល់នឹងសូន្យ ៦-១ និង៦-៣ កាលពីថ្ងៃអាទិត្យ ទី១៩ ឧសភាយកឈ្នះពានជើងឯកជាលើកទី៧ ។
គិតពីខែកុម្ភៈមក ណាដាល់បានចូលរួមប្រកួតចំនួន៨កម្មវិធីហើយនិងបានយកឈ្នះពានជើងឯក៦កម្មវិធី ។ បើនិយាយពីការប្រកួតវិញ នៅក្នុង៣៨លើកដែលគេបានចូលរួមគឺគេឈ្នះ៣៦លើក ។ រយៈពេល៤ឆ្នាំបន្តបន្ទាប់គ្នានៃជ័យជម្នះរបស់ណាដាល់នៅទីនេះ គឺគ្មានពេលណាមួយដែលគេចាញ់សូម្បីមួួយសិតឡើយ។ មានតែឆ្នាំ២០១១មួយប៉ុណ្ណោះ ដែលជ័យជម្នះរបស់គេត្រូវបានកាត់ផ្តាច់ដោយយ៉ូកូវិច ។ ឆ្នាំនោះ ណាដាល់បានទទួលស្គាល់ថា យ៉ូកូវិចមានប្រៀបលើរូបគេផ្នែកផ្លូវចិត្ត ។ ណាដាល់គឺជាម្ចាស់ជើងឯក៧ជំនាន់នៅលើទីលានប្រកួតដីឥដ្ឋក្រហម Roland Garrosក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលហ្វេដឺរ័រធ្លាប់ឈ្នះតែមួយលើកក្នុងឆ្នាំ២០០៩ ។
ឯនាងស៊េរីណា វីលៀមវិញបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះពានជើងឯកកម្មវិធីនេះជាលើកទី២ ។ ជ័យជម្នះលើកទី២នេះកើតមានឡើងក្រោយពីនាងបានបំបាក់កីឡាការិនីជើងខ្លាំងរបស់បេឡារុសវិចតូរីយ៉ា អាហ្សារេនកានៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៦-១និង៦-៣ ។ សម្រាប់កីឡាការិនីលំដាប់ទី១ពិភពលោក ជាតិអាមេរិករូបនេះ នេះគឺជាពានជើងឯកក្នុងអាជីពលើកទី៥១ហើយ ។
វាបានបញ្ជាក់ពីការត្រៀមខ្លួនយ៉ាងល្អរបស់នាងសម្រាប់ដណ្តើមយកពានក្របខ័ណ្ឌធំ French Openក្នុងពេលដ៏ខ្លីខាងមុខ ។ សូមបញ្ជាក់ថា នាងស៊េរីណា វីលៀមធ្លាប់បានយកឈ្នះពានក្របខ័ណ្ឌធំ French Open តែមួយលើកប៉ុណ្ណោះគឺក្នុងឆ្នាំ២០០២ ៕


ចែករំលែកព័តមាននេះ