រាជធានីភ្នំពេញ ៖ ក្មេងប្រុសដែលជាប់ក្នុងទូដែករយៈពេលជិតកន្លះម៉ោង ត្រូវបានគេជួយសង្គ្រោះយកចេញវិញបានហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីឪពុកម្តាយវាភ័យព្រលឹងចុងសក់ ដោយសារកុមារនោះជាប់នៅក្នុងទូដែក ហើយមិនមានសោចាក់ ដើម្បីបើកយកចេញវិញ ។
សូមបញ្ជាក់ថា មុននេះបន្តិចក្មេងប្រុសរប៉ិលរប៉ូចម្នាក់នេះបានយកសោទូដែកទៅបើកលួចចូលសំងំក្នុងទូដែកជារបៀបលេងសើច ខណៈម្តាយរបស់វាភ្លេចខ្លួន លុះពេលបិទវិញ មិនចាប់អារម្មណ៍ ឬជ្រុល… ក៏ជាប់ក្មេងនោះនៅក្នុងទូដែក ធ្វើឱ្យម្តាយនិងក្រុមគ្រួសាររត់ឆ្លេឆ្លារកអ្នកជួយ ព្រោះតែអត់មានសោបើក … ។ ហេតុការណ៍ក្មេងជាប់ក្នុងទូដែកនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៥នាទីថ្ងៃត្រង់ ទី២០ ឧសភា ២០១៣ នៅផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
ម្តាយរបស់ក្មេងប្រុសនេះ ជាអាជីវករលក់មាសនៅផ្សារច្បារអំពៅ បានស្វះស្វែងរកបានជាងដែកមកជួយឆាបត្រចៀកទ្វារទូដែក និងប្រើដែកស្បែងគាស់យកក្មេងនោះចេញវិញ … ប្រសិនបើយឺតពេលជាងនេះ អាចគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬដល់ជីវិត ៕


ចែករំលែកព័តមាននេះ