គណបក្សខ្មែរអភិវឌ្ឍន៏សេដ្ឋកិច្ច បានយកឯកសារនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទៅដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) វិញហើយ បន្ទាប់ពីបានធ្វើការកែតម្រូវនូវចំណុចខ្វះខាតនោះរួចមក ។
នេះបើយោងតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ដែលបានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី១៩ ឧសភា ២០១៣នេះ ។
បើតាមលោកទេព នីថា នៅថ្ងៃទី២០ ឧសភា ២០១៣ ថ្នាក់ដឹកនំានិងមន្រ្តីជំនាញ គជប នឹងប្រជុំសម្រេចចំពោះសំណើរបស់គណបក្សខ្មែរអភិវឌ្ឍន៏សេដ្ឋកិច្ច ។
គួរបញ្ជាក់ថាមកទល់នឹងពេលនេះ ក្នុងចំណោមគណបក្សនយោបាយចំនួន០៨ ដែលសុំចុះបញ្ជីផ្លូវការនៅ គជប ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ២០១៣ មានគណបក្សនយោបាយចំនួន០៧ ត្រូវបាន គជប ទទួលស្គាល់និងចុះបញ្ជីផ្លូវការ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ និង គណបក្សខ្មែរឈប់ក្រ ៕
ចែករំលែកព័តមាននេះ