ស្វាស៊ីឡង់ជាដែនដីមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិកបានប្រកាសឱ្យប្រើច្បាប់ថ្មី ដើម្បីដាក់ទោសលើក្រុមមេធ្មប់ដែលជិះអំបោសហោះនៅលើដែនអាកាសក្នុងកម្ពស់ខ្ពស់ជាង១៥០ម៉ែត្រ ។តាមរបាយការណ៍ពីទីក្រុងអឹមបាបាន រាជធានីនៃចក្រភពស្វាស៊ីឡង់នៅទ្វីបអាហ្វ្រិកបញ្ជាក់ថា អាជ្ញាធរបានប្រកាសឱ្យប្រើច្បាប់ផ្នែកហោះហើរថ្មីដោយកំណត់ថា ពួក «មេធ្មប់» នៅក្នុងប្រទេសនឹងត្រូវចាប់ខ្លួន និងពិន័យជាប្រាក់៥០០.០០០រ៉ែន (ប្រាក់ស្វាស៊ីឡង់) ឬប្រហែល៥,៥ម៉ឺនដុល្លារ ប្រសិនបើជិះអំបោសហោះនៅលើអាកាសខ្ពស់ជាង១៥០ម៉ែត្រពីដី ។
លោកសាបេឡូ ដាឡាមីនី នាយកគ្រប់គ្រងជើងហោះហើរស្វាស៊ីឡង់បញ្ជាក់ថា ពួកមេធ្មប់មិនមែនជាមន្ត្រីរាជការ គឺជាពលរដ្ឋសាមញ្ញ ដូច្នេះត្រូវប្រតិបត្តិតាមច្បាប់ការហោះហើរថ្មីឱ្យខ្ជាប់ខ្ជួន ។លោកដាឡាមីនី បញ្ជាក់ថា «អង្គភាពរបស់យើងបានពិចារណាយ៉ាងល្អិតល្អន់ និងយល់ថាជារឿងល្អដែលមានច្បាប់កំណត់ហោះហើររបស់មេធ្មប់ជិះអំបោសទាំងឡាយមិនឱ្យហោះខ្ពស់ជាង១៥០ម៉ែត្រ ។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើពួកគេធ្វើដំណើរដោយអំបោសក្នុងរយៈកម្ពស់ទាបជាង១៥០ម៉ែត្រ ពួកគេនឹងមិនទទួលការចោទប្រកាន់ទេ ប៉ុន្តែបើល្មើសត្រូវដំណើរការតាមផ្លូវច្បាប់ភ្លាម» ។
ច្បាប់ផ្នែកហោះហើរថ្មីរបស់ស្វាស៊ីឡង់បានគ្របដណ្តប់ទៅលើការហោះហើររបស់យន្តហោះល្បែងលេង ដែលបញ្ជាដោយប្រព័ន្ធបញ្ជា ឬវត្ថុកុមារលេងផ្សេងៗទៀតដែលអាចធ្វើឱ្យហោះបាន ។ប្រជាជនប្រហែល៨២,៧០ភាគរយរបស់ស្វាស៊ីឡង់ក្នុងពេលបច្ចុប្បន្នបានកាន់សាសនាគ្រឹស្តនិកាយផ្សេងៗ ប៉ុន្តែជំនឿតាមបែបបុរាណទាក់ទិននឹងភាពអាថ៌កំបាំងនៅតែមានការទទួលស្គាល់ពីប្រជាជនជាង១,២លាននាក់នៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ