ខេត្តក្រចេះ ៖ ឈើគ្រញូងចំនួនជាង១០០កំណាត់ និងមានតម្លៃរាប់ម៉ឺនដុល្លារ ដែលដឹកតាមរថយន្តឡង់គ្រីស្ស័រមួយគ្រឿងបានធ្លាយចេញជ្រុះរាយប៉ាយពេញផ្លូវ ខណៈរថយន្តដឹកឈើខុសច្បាប់លោតឆត្រមួយគ្រឿងនេះបោះពួយលឿនពេក លុះពេលធ្លាក់ជង្ហុកក៏រេចង្កូតក្រឡាប់ ។ ឧប្បត្តិហេតុក្រឡាប់រថយន្តធ្លាយចេញឈើគ្រញូងនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១៥ ឧសភា នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ។
ទោះបីជាយ៉ាងណា ក្នុងឧប្បត្តិហេតុនេះពុំមានបង្កឱ្យអ្នកណាម្នាក់រងរបួសទេ តែអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្ទាប់ពីរថយន្តក្រឡាប់ដោយបន្សល់ទុកតែរថយន្ត និងឈើគ្រញូងរាប់រយកំណាត់ដែលខ្ទាតចេញពីរថយន្ត។ តាមប្រភពព័ត៌មាននិយាយថា កាលពីថ្ងៃទី១៥ ឧសភានោះ គេឃើញការធ្វើចរាចរណ៍ឈើគ្រញូងរបស់ក្រុមឈ្មួញកើតមានយ៉ាងសកម្មនៅលើផ្លូវជាតិលេខ៧ ។ ឈើគ្រញូងរាប់សិបម៉ែត្រគូបត្រូវបានឈ្មួញដឹកតាមរថយន្តស៊េរីទំនើបបើកស្របជាមួយនឹងរថយន្តស៊ីរ៉ែន ដែលបើកផ្លូវនាំក្បួនរបស់រថយន្តថ្នាក់ដឹកនាំមួយចំនួន ក្រោយពេលត្រឡប់មកពីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិត និងចៀរជ័រកៅស៊ូនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មានពីខេត្តស្ទឹងត្រែងឱ្យដឹងថា ពិធីសម្ពាធឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិត និងចៀរជ័រកៅស៊ូនៅខេត្តស្ទឹងត្រែងនេះគឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ឧសភា ។ ក្រោយពីពិធីនេះចប់សព្វគ្រប់ ក៏មានរថយន្តស៊ីរ៉ែនបើកផ្លូវជាច្រើនគ្រឿងបើកត្រឡប់មកវិញតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តកំពង់ចាម ។ ជាមួយគ្នានេះ គេដឹងថាក៏មានរថយន្តស៊េរីទំនើបរាប់សិបគ្រឿងដែលមានដឹកឈើគ្រញូងពេញៗ ក៏រត់ចូលក្បួនរថយន្តដែលមានស៊ីរ៉ែននោះដែរ តម្រង់មកស្រុកមេមត់ ខេត្តកំពង់ចាម និងខ្លះឆ្ពោះទៅរាជធានីភ្នំពេញ ។
យ៉ាងហោចណាស់មានឈើគ្រញូងរាប់សិបម៉ែត្រគូបត្រូវបានលោតឆត្ររបូតតាមរថយន្តក្បួន ដែលដឹកតាមរថយន្តទំនើបៗចេញពីខេត្តស្ទឹងត្រែងដោយសុវត្ថិភាព ។ ក្នុងការដើរប្រមូលទិញឈើប្រណីតទាំងនេះគេឃើញមានឈ្មោះយាយព្រឿង មេឈ្មួញនៅខេត្តស្ទឹងត្រែងជាអ្នកដើរប្រមូលទិញ ។តាមសាក្សីនិយាយថា នៅថ្ងៃកើតហេតុនោះគេឃើញរថយន្តមួយគ្រឿងនេះបើកស្របជាមួយនឹងរថយន្តស៊ីរ៉ែនបើកផ្លូវ លុះដល់ចំណុចខាងលើ ក៏បានរេចង្កូតធ្លាក់ជង្ហុកក្រឡាប់តែម្តង។ ក្រោយកើេតហេតុទាំងរថយន្តនិងឈើគ្រញូងត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃអូរគ្រៀងនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ។ មន្ត្រីរដ្ឋបាលព្រៃឈើបញ្ជាក់ថា ឈើទាំងនេះមានចំនួនជាង១០០កំណាត់ និងមានទម្ងន់១.២០៨គីឡូក្រាម គឺជាង១ម៉ែត្រគូប និងសុទ្ធសឹងជាឈើគ្រញូងទាំងអស់ ៕
ចែករំលែកព័តមាននេះ