ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ភ្លោះ​3​កើត​បាន​1ថ្ងៃ​ស្លាប់​2​នាក់​ទៅវិញ​

13 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ដែ​ល​​ប្រសូត​​​បាន​​កូន​ ភ្លោះ​៣​សុទ្ធ​តែ​​​​ប្រុសទាំង​អស់​ កាលពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​​កំពង់​ត្រាច ​ជា​គ្រោះ​អកុសល​កូន​ភ្លោះ​២​នាក់​​បាន​​ស្លាប់​ទៅវិញ​ ។ ស្ត្រីដែល​​​ឆ្លង​​​ទន្លេ​​បាន​កូន​ភ្លោះ​៣​នេះ​ឈ្មោះ​ប៉ុន ​រដ្ឋ​ធី ​អាយុ​២៣​ឆ្នាំ ​ប្តី​ឈ្មោះ​ឌុច អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ព្រឹត ឃុំ​ស្តេច​គង់ខាង​លិច ស្រុក​បន្ទាយ​មាស ​។

តាម​​​ឪពុក​កូន​ភ្លោះ​៣​នេះ​​​និយាយ​​ប្រាប់​ឱ្យ​ដឹង​ថា ​ក្រោយពី​រៀប​ការ​បាន​គ្នា​ជាប្តី​ប្រពន្ធ​ រូប​​គេ​បាន​នាំប្រពន្ធ​​​​​ទៅធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​ឯ​​ភ្នំពេញ​ តែ​ដោយ​​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​ពេកក៏​នាំគ្នា​ទៅធ្វើ​ការ​នៅ​ស្រុក​ថៃ ។ លុះ​​ពេល​​ប្រពន្ធ​មាន​ទម្ងន់​ក៏​ត្រឡប់​មក​ស្រុក​កំណើត​​វិញ ហើយ​​ប្រ​ពន្ធ​​ជិត​គ្រប់​ខែ​ក៏​នាំ​​​មក​​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ពោះ​ ប៉ុន្តែ​គ្រូពេទ្យ​​នៅ​មណ្ឌល​សុខ​ភាពស្តេច​គង់​ខាង​លិច​​​​ប្រាប់​ថា​មាន​ផ្ទៃ​ពោះ​​ធំ​ម្ល៉ឹងៗ​ពិតជា​កូន​ភ្លោះ​៣​ហើយ​ ។

ពេល​ប្រពន្ធ​​ឈឺ​ពោះ​ក៏​នាំ​ប្រពន្ធ​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់​ត្រាច​​ហើយ​​មិន​ទាន់​​​​​សម្រាក​បាន​មួយ​យប់​​ផង ​​​នៅ​វេលា​ម៉ោង​៤​រសៀល​​​ថ្ងៃ​ទី​១៥ ឧសភា ​​ប្រពន្ធ​​​​​​ក៏​​​ឆ្លង​ទន្លេ​កើត​បាន​កូន​ភ្លោះ​៣​នាក់​​សុទ្ធ​តែ​ប្រុស ។ ​ឪពុក​កូន​ភ្លោះ​៣​​​​នេះ​​​និយាយ​​ទៀត​​ថា ​ប្រពន្ធ​គាត់​ឆ្លង​ទន្លេ​នេះ​គឺ​​ជាកូន​ដំបូង​ព្រោះ​​ទើប​តែ​រៀបការ​បាន​ជាង​១​ឆ្នាំ​​ប៉ុណ្ណោះ ។ ​​

ក្រោយ​ពីឆ្លង​​ទន្លេ​រួច​​សុខភាព​ម្តាយ​និងកូន​ភ្លោះ​ទាំង​៣​នាក់​នេះ​​​​មាន​សុខភាព​ល្អ​ទេ ហើយ​​ម្តាយ​​​ឪពុក​​​​​និងក្រុម​សាច់​​ញាតិ​កូន​ភ្លោះ​៣​​​​​ត្រេក​អរ​ណាស់​ ព្រោះ​គេ​បាន​ដឹង​ថា​កូន​ភ្លោះ​៣​នាក់​ក៏​ជាកូន​សម្តេច​តេជោ ហ៊ុន សែន ​ដែល​​លោក​មិន​​ដែល​​មើល​រំលង​​​ឡើយ​​ឱ្យ​តែ​កើត​​​បាន​​កូន​​ភ្លោះ​៣​សម្តេចតែង​​​​​ជួយ​ឧបត្ថម្ភ​គ្រប់​គ្នា​ ។ ​ជា​អកុសល​​រំលង​បាន​តែ​១​ថ្ងៃ​ កូន​ភ្លោះ​២​នាក់​ក៏​​​ស្លាប់ទៅ​វិញ  និង​នៅសល់​តែ​ម្នាក់​​ប៉ុណ្ណោះ​ ៕