ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួស វីហ្សា ​មក​ពីអូ​ស្ត្រាលី​វិញ សម្ងំ​ដេក​ឈឺ​នៅ​ផ្ទះ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ តារា​ចម្រៀង​សួស វីហ្សា ​ទើប​តែ​ត្រឡប់​មក​ពី​សម្តែង​នៅ​អូ​ស្ត្រាលី​​​វិញ កាលពីថ្ងៃទី​៧ ឧសភា ​ដោយ​ស្ពាយ​​​ភាព​ជោគ​​ជ័យ​មក​ជាមួយ​ ប៉ុន្តែ​បែរ​ជា​មាន​ជំងឺ​ ហើយ​សម្ងំ​នៅ​ក្នុង​ផ្ទះ​​ដើម្បី​ព្យាបាល​ ។ សួស វីហ្សា ​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ ឧសភា ​ថា ​ចាប់​​តាំង​ពី​​​វិល​មក​ពី​បរ​ទេស​វិញ​​ នាងមិន​​បាន​ចេញ​ទៅ​ណា​ទេ​ គឺ​សម្ងំ​មើល​ថែ​​​​សុខ​ភាព​ ព្រោះ​​ពេល​​នាង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូ​ស្ត្រាលី​នាងចាញ់​អាកាស​ធាតុ​ខ្លាំង​រហូត​បណ្តាល​ឱ្យ​​​ឈឺ​តែ​ម្តង ។

តារា​ចម្រៀង​ និង​អ្នក​របាំ​រូប​នេះ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ​នាង​បានជិះ​​យន្តហោះ​ទៅ​ច្រៀង​នៅ​​​​​​​រដ្ឋ​ជា​ច្រើន​ ហើយ​អាកាស​ធាតុ​មិនដូច​គ្នា​ទេ គឺ​រដ្ឋ​ខ្លះ​ក្តៅខ្លាំង​ពេល​ថ្ងៃ​ ហើយ​​​​​​​​ត្រជាក់​ខ្លាំង​នៅ​ពេល​យប់​វិញ​ ឯ​រដ្ឋ​ខ្លះ​ទៀត​ត្រជាក់​ខ្លាំង​ណាស់​នាង​​ទ្រាំ​ស្ទើរ​​តែ​​​​មិន​បាន​​​ ដូច្នេះ​​បន់​ឱ្យ​តែដល់​ថ្ងៃ មក​ស្រុក​វិញ ​។ ​ទោះ​បី​ជា​អាកាស​ធាតុ​​នៅ​ទី​នោះ​ ខុស​​​ពី​កម្ពុជា​​ពិត​មែន​ តែ​នាង​ចង់​ទៅ​ជា​លើក​ទី​ពីរ​ ដើម្បី​ឱ្យ​សាុំ​ទៅ​នឹង​អាកាសធាតុ​ ហើយ​ឆាប់​​ៗ​នេះ​នាង​​​​ប្រហែល​ជា​មាន​ដំណឹង​ល្អ​ ទាក់​ទង​ទៅនឹង​ការ​ចេ​ញទៅ​ច្រៀង​ជា​លើក​ទី​ពីរ​ តែ​នៅ​មិន​ទាន់​ច្បាស់​លាស​់​នៅ​ឡើយ​ទេ ។

កញ្ញា​សួស វីហ្សា ​រៀប​រាប់​ថា ​នៅ​ពេល​​​​ត្រឡប់​​​មក​ប្រទេស​​វិញ​ នាងមិន​បាន​ប្រាប់​ឱ្យ​អ្ន​ក​ណា​ដឹង​ទេ​ក្រៅ​ពី​ផលិត​កម្ម​របស់​នាង​​ ។ ពេល​នេះ​ជំងឺ​របស់​នាង​គ្រាន់​បើ​ជាងមុន​ ហើយ​ត្រៀម​ទៅ​ថត​​ចម្រៀង​បញ្ចប់​ជា​មួយ​លោក​ឆន ​សុវណ្ណ​​រាជ និងបទ​ថ្មី​ៗ​ជា​ច្រើន​ទៀត​​ដែល​ក្រុម​ហ៊ុន​រៀប​ចំ​ឱ្យ​នាង ។

បន្ទាប់​ពី​ឈាន​ជើង​ចូល​​ផលិត​កម្ម​​ហង្ស​មាស​មកស្រី​ស្អាត​សួស វីហ្សា ​ហាក់​ឡើង​កូដ​ស្រឺតៗ​ជា​លំដាប់​​បើ​ទោះ​ជា​ក្នុង​ផលិត​កម្ម​មាន​តារា​​ចម្រៀង​​ច្រើន​នាក់​ក៏​ដោយ ។ ​ចំណែក​ឯ​រឿង​ស្នេហា​វិញ​វី​ហ្សា​នៅ​តែ​មិន​ទាន់​មាន​អ្នក​ណា​នៅ​ក្នុង​ចិត្ត​នៅ​ឡើយ​​ទេ ដោយ​នាង​​អះអាង​​​ថា ​នាង​មិន​ចង់​យក​ខួរ​ក្បាល​គិត​ទេ​ចំពោះ​រឿង​នេះ​​គឺ​​​នាងគិត​តែ​រឿង​​​អាជីព​សិល្បៈ​ប៉ុណ្ណោះ ៕