ខេត្តកំពង់ឆ្នាំង ៖ បុរសប្រកបមុខរបរកាប់អុសធ្វើឡធ្យូងម្នាក់បានត្រូវពស់ចឹក បណ្តាលឱ្យរបួសរលួយជើងយ៉ាងធ្ងន់ធ្ងរ ដែលពេលនេះកំពុងស្ថិតក្នុងការសង្គ្រោះរបស់គ្រូពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ មេសា ២០១៣ នៅចំណុចទឹកចែក ស្ថិតក្នុងភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹកផុស ។
បុរសរងគ្រោះខាងលើមានឈ្មោះថៃ ពុធ អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។ តាមការរៀបរាប់របស់បុរសរងគ្រោះបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគាត់បានដើរទៅកាប់អុសដាក់ឡធ្យូងដូចរាល់ដង ពេលនោះគាត់បានដើរជាន់ពស់ពព្លាក់ ភ្លាមនោះត្រូវពស់នោះច្រឡោតចឹកចំលើកំភួនជើងឆ្វេង បណ្តាលឱ្យចុកចាប់ជាខ្លាំង ហើយត្រូវបានអ្នកកាប់អុសដូចគ្នាដឹកមកសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែដោយសារផ្លូវឆ្ងាយទើបមានការយឺតយ៉ាវ ៕
ចែករំលែកព័តមាននេះ