ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃ​ពោះ​៩ខែ​ត្រូវចោរ​គាស់ទ្វារ​ក្រោយ​ចូល​ប្លន់​យក​ប្រាក់​ជាង​១ម៉ឺនដុល្លារ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃ​ពោះ​៩ខែ​ស្ថិត​ក្នុង​គ្រួសារ​អ្នក​ធូរធារ​ម្នាក់ត្រូវ​បានក្រុមចោរ​មានគ្នា​២នាក់ លប​គាស់​ទ្វារ​សំរុកចូល​ប្លន់​យក​លុយ និង​គ្រឿងអលង្ការ​ជាង​១ម៉ឺន​ដុល្លារ ហើយ​គេ​ចខ្លួន​បាត់ បន្សល់ទុក​ឱ្យ​នាង​ដេក​សន្លប់​ស្តូកស្តឹង បន្ទាប់ពី​ពួក​ចោរ​វាយដំ​បង្ខំ​យក​ទ្រព្យ​សម្បត្តិ​យ៉ាងឃោរ​ឃៅ ។អំពើ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៣ កញ្ញា ២០១០ នៅ​ចំណុច​ផ្ទះលេខ​I២៨ ផ្លូវបេ​តុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ដង្កោ ។​ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ស៊ិន ម៉ូលីកា អាយុ​១៩​ឆ្នាំ មាន​ផ្ទៃ​ពោះ​៩ខែ ជិត​ដល់ថ្ងៃ​ឆ្លង​ទន្លេ​ទៅហើយ (សំរាល​កូន) ក៏​ត្រូវ​ទទួល​រង​ការ​វាយដំ​យ៉ាងខ្លាំង​ក្លាពី​សំណាក់​ពួក​ចោរថែមទៀត​។ ចំណែក​ពួកចោរ​មានគ្នា​ពីរ​នាក់​ មិនត្រូវ​បា​នគេ​ស្គាល់​អត្ត​សញ្ញាណ​ទេ ព្រោះ​ពួកគេ​បាន​រត់គេចខ្លួន​បាត់​ក្រោយ​ពេលប្រមូល​យក​លុយខ្មែរ លុយបាត (ប្រាក់ថៃ) លុយ​ដុល្លារ និង​គ្រឿងអលង្ការ​សរុប​ជាង​១ម៉ឺ​នដុល្លារ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើត​ហេតុ​ស្ត្រី​ស៊ិន ម៉ូលីកា នៅ​ផ្ទះជាមួយ​ក្មួយ​តូច​ម្នាក់ និង​ប្អូនស្រី​ជីដូន​មួយ​ម្នាក់ ពេល​នោះ នាង​នឹក​ឃ្លាន​ម្ជូរ​ក៏ប្រើ​ប្អូន និងក្មួយ​ឱ្យ​ទៅ​ទិញ​ម្ជូរ​មក​ទទួលទាន ។ បន្ទាប់​ពីអ្នកទាំង​២​ចេញ​ទៅ​បាត់ ស្រាប់តែ​ពួកចោរ​២នាក់​បានលប​ចូល​ផ្ទះ​​តាម​ទ្វារ​ក្រោយ​ ដោយប្រើ​ដែក​ស្បែង​គាស់​ទ្វារ​គឺ​គាស់ទ្វារ​ពីរជាន់របើក​ចូល​ទៅ​ខាង​ក្នុង ហើយ​​ចាប់​នាង​ស៊ិន ម៉ូលីកា ចង​ដៃ​ ចង​ជើងនឹង​ខ្សែ​នីឡុង រួចហើយ​វាយដំ​សម្លុត​ឱ្យ​នាង​យក​លុយ​ និង​គ្រឿង​អលង្ការ​ចេញ​មក​ ។

ពួកចោរ​បានវាយ​នាង​ស៊ិន ម៉ូលីកា រហូត​ដល់​​សន្លប់ ទើប​ធ្វើ​ការ​រុករើ​យក​លុយ និងគ្រឿង​អលង្ការ​ចេញទៅបាត់…​លុះ​ពេល​ក្មួយ និង​ប្អូនជី​ដូន​មួយត្រឡប់​មកពី​ទិញ​ម្ជូរ​វិញ ​ហៅ​ទ្វារ​៤​ទៅ​៥ម៉ាត់ មិនឮ​អ្នក​ឆ្លើយ​ឆ្លង ​ក៏​មើល​តាមចន្លោះ​ប្រហោង​ឃើញ​បងស្រី​ដួល​សន្លប់​ដោយ​មាន​ចំណង​ជាប់ដៃ​ជើង និង​របួស​លើ​ដង​ខ្លួន ទើប​ស្រែក​ឆោ​ឡោ​ឡើង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​តែម្តង ៕