ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុងឡាអេ​បើក​សវនាការ​ផ្ទាល់​មាត់​ជុំ​ទី២​​សម្រាប់​កម្ពុជា​រឿង​ក្តីប្រាសាទព្រះ​វិហារ​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សវនាការផ្ទាល់​មាត់ជុំទី២ សំរាប់ភាគីកម្ពុជា នៅតុលាការ​យុត្តិធម៌អន្តរជាតិ( ICJ ) នឹងត្រូ​វធ្វើឡើង​នៅថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា ២០១៣ ចាប់ពី​ម៉ោង៣ ដល់ម៉ោង៥រសៀល ម៉ោងក្នុង​ប្រទេសហូឡង់ ត្រូវនឹង​ម៉ោង៨ ដល់ម៉ោង១០យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា ។

រាជ​ធានីភ្នំពេញ ៖  សវនាការផ្ទាល់​មាត់ជុំទី២ សំរាប់ភាគីកម្ពុជា នៅតុលាការ​យុត្តិធម៌អន្តរជាតិ( ICJ ) នឹងត្រូ​វធ្វើឡើង​នៅថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា ២០១៣ ចាប់ពី​ម៉ោង៣ ដល់ម៉ោង៥រសៀល ម៉ោងក្នុង​ប្រទេសហូឡង់ ត្រូវនឹង​ម៉ោង៨ ដល់ម៉ោង១០យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា ។

នៅក្នុង​សវនាការផ្ទាល់មាត់ក្នុងជុំទី១ កាល​ពីព្រឹកថ្ងៃទី១៥ មេសា ២០១៣ លោកឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តីក្រសួង​ការបរ​ទេស និងសហប្រតិបត្តិ​ការអន្តរជាតិ តំណាងឲ្យរាជរដ្ឋាភិបាល​កម្ពុជាជាដើមបណ្តឹងបានឡើងថ្លែងសុន្ទរក​ថា ជាភាសា​បារាំង នៅ​ចំពោះ​មុខចៅ​ក្រមអន្តរ​ជាតិជិត២០រូប ដោយក្នុងសុន្ទរកថា​លោកឧបនាយករ​ដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើការរំលឹក​ឡើង​វិញ នូវប្រវត្តិ​​សាស្ត្រ​ថ្មីៗ នៃជម្លោះព្រំដែន​ប្រាសាទព្រះវិហារ ដែលបង្កឡើង​ដោយអតីតនាយករដ្ឋមន្ត្រី​ថៃ អាប់ភី​ស៊ីត វេចាជីវ៉ា ក្នុងនោះក៏មាន​សភាពការណ៍​បច្ចុប្បន្ន នៅព្រំដែនតំបន់​ប្រាសាទព្រះវិហារ អាកប្បកិរិយា​របស់ថៃពាក់ព័ន្ធនឹងសាល​ក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទ​ព្រះវិហារ រួមទាំងសំណើ​របស់កម្ពុជា ដែលបានស្នើសុំឲ្យមាន​ការបកស្រាយឲ្យបានច្បាស់​លាស់ ជាស្ថាពរនូវ​​សាល​ក្រម ១៥ មិថុនា ១៩៦២ ។

ក្នុងសុន្ទរកថា​៧ទំព័រជាភាសាខ្មែរ ដែល​ក្រសួងការបរទេសកម្ពុជា​ផ្សព្វផ្សាយជាសាធារ​ណៈនោះ លោកប្រមុខការ​ទូត ហោ ណាំ​ហុង បានគូស​បញ្ជាក់ថា “វាមិនមែនជាបញ្ហា​ការអនុវត្តសាលក្រមនោះ​ទេ ហើយវាក៏មិនមែនជាបញ្ហា​កំណត់ព្រំដែន​នោះដែរ ដោយ​ហេតុថា ការកំណត់​ព្រំដែននេះ ត្រូវបានកំណត់រួច​ហើយតាមរយៈផែនទីឧបសម្ព័ន្ធ​១ ដែលតុលាការបាន​ផ្អែកជា​សំខាន់ ដើម្បី​សម្រេច​ចេញសាលក្រម​ឆ្នាំ១៩៦២ វាមានតែ​ការចោទសួរ​ពី “អត្ថន័យ និងវិសាល​ភាព” នៃសាលក្រមថ្ងៃទី​១៥ មិថុនា ១៩៦២ តែ​ប៉ុណ្ណោះ” ។

លោកឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំ​ហុង បានលើកឡើងចំពោះ​មុខចៅក្រម១៨ រូប​ថា “ចំពោះកម្ពុជា ការបកស្រាយ​សាលក្រមនេះ មានន័យ​ថា កម្ពុជាមានអធិប​តេយ្យភាពលើដែនដី ដែលព្រំប្រទល់​ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវបាន​រៀបរាប់​ក្នុងផែន​ទីឧប​សម្ព័ន្ធ​​១ ដែលតុលាការ​បាន​ផ្អែកលើទាំង​ស្រុង ដើម្បីធ្វើសេចក្តី​សម្រេចកាលពីឆ្នាំ​១៩៦២ ហើយនេះជាកាតព្វកិច្ច​បន្ត​តម្រូវឲ្យ​ថៃ​ដក​កងកម្លាំង​របស់ខ្លួនចេញ​​ពីព្រំប្រទល់​នៃ​ដែនដីនេះ” ។

កម្ពុជាបាន​ទន្ទឹងរង់ចាំយ៉ាងអន្ទះ​សានូវសេចក្តី​សម្រេច ដែលអង្គតុលាការនឹងប្រកាន់​យក ដើម្បីបិទជំពូកវិវាទ​គ្នា ក្នុងទំនាក់​ទំនង​របស់ខ្លួនជាមួយ​​ប្រទេសជិតខាងនេះ ដែល​ម្នាក់ៗស្គាល់ពីសារៈសំខាន់ជាចម្បង​នៃប្រវត្តិសាស្ត្រ នយោបាយ និងវប្ប​ធម៌ សម្រាប់​ប្រជា​ជន​កម្ពុជា” ។ លោក​ហោ ណាំហុង បានគូសបញ្ជាក់ទៀត​ថា ពេលនេះ គឺជាការបិទនី​តិក្រម ដែលនឹង​នាំឲ្យ​អង្គតុលាការ ធ្វើសេចក្តី​សម្រេច ជាលើកចុង​ក្រោយលើរឿង​ក្តី ដែលធ្វើឲ្យយើង​មានកង្វល់ទាំងអស់​គ្នា ។ ហេតុដូចនេះ ខ្ញុំយល់ច្បាស់​​ណាស់ពី​សារ​សំខាន់​នៃកាលៈទេសៈ​នេះ សម្រាប់ប្រទេស​ខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការចេញ​នូវសាលដីកាមួយ ដែលនឹង​​បញ្ចប់​ជាស្ថាពរវិវាទ​នេះ ដែល​បានធ្វើឲ្យល្អក់ខ្វល់ដល់​ទំនាក់ទំនងជាមួយ​ប្រទេសថៃ ដែលជាប្រទេសជិតខាង នៅ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ។

គួរបញ្ជាក់​ថា សវនាការដោយផ្ទាល់​មាត់២ជុំ នៅតុលាការយុត្តិធម៌អន្តរ​ជាតិ ដែលភាគីទំាងពីរកម្ពុជា-ថៃ ត្រូវឡើង​បកស្រាយ​នូវអំណះ​​​អំណាងរៀងៗខ្លួន ចាប់ពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី១៩ មេសា ២០១៣​នេះ ធ្វើឡើងតាមពាក្យបណ្តឹង​របស់កម្ពុជាកាល​ពីថ្ងៃទី៣០ មេសា ២០១០ ដែលស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិបក​ស្រាយឡើងវិញនូវសាលក្រម​ថ្ងៃទី១៥ មិថុនា ១៩៦២ ដែល​តុលាការ​ដដែល​​នេះ បានសម្រេច​ឲ្យភាគីកម្ពុជា​ឈ្នះក្តីលើសំណុំ​រឿងប្រាសាទព្រះ​វិហារ ។

បណ្តឹងរបស់​កម្ពុជាធ្វើឡើងបន្ទាប់​ពីថៃ ក្នុងរជ្ជកាលរបស់លោកអតីត​នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានលើ​កទ័ព​ចូលលុក​លុយ​ឈ្លាន​ពានបូរណភាពទឹកដី​កម្ពុជានៅព្រំដែនប្រាសាទព្រះវិហា​រជាបន្តបន្ទាប់ និងរីករាលដាល់ដល់តំបន់​ព្រំដែន​មួយ​ចំនួន​ទៀត ចាប់តំាង​ប្រាសាទ​ព្រះវិហារ​របស់កម្ពុជា ត្រូវបានដាក់បញ្ចូលជា​សម្បត្តិបេតិកភណ្ឌពិភពលោកកាល​ពីថ្ងៃទី៧ កក្កដា ២០០៨ នោះរួចមក ៕