ឃាត់ខ្លួនលោកឧត្ដមសេនីយ៍នាវី កែវ មុន្នីសូកា ពីបទប្រើហិង្សាលើគ្រូបង្រៀន និងក្មេង
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១២ ខែមិនា ឆ្នាំ២០១០ ម៉ោង ២៣:៥១

តាសោម
លោកឧត្ដមសេនីយ៍ផ្កាយ១ឈ្មោះកែវ មុន្នីសូកា
ក្រុងព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ផ្កាយ១ ដែលនាំគ្នីគ្នាទៅប្រើអំពើហិង្សាវាយទាត់ធាក់លើអ្នកគ្រូបង្រៀន និងក្មេងតូចបណ្ដាលឱ្យរងរបួសនិងប៉ះពាល់កិត្ដិយសធ្ងន់ធ្ងរនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីលោកឧត្ដមសេនីយ៍ត្រីប្រើចរិតទំនើងម្នាក់នេះចូលខ្លួនទៅបំភ្លឺករណីដែលរូបគាត់ប្រើហិង្សាទៅលើគ្រូបង្រៀន ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី១១ មីនា នៅទីបញ្ជាការដ្ឋានកងរាជាអាវុធហត្ថខេត្ដ ខណៈដែលឧត្ដមសេនីយ៍មានឈ្មោះកែវ មុន្នីសូកា ហៅកែវ សូកា ម្នាក់នេះឆ្លើយបំភ្លឺមិនត្រឹមត្រូវជាច្រើនចំណុច ។ ការឃាត់ខ្លួននេះគឺមានដំណើរស្របគ្នាទៅនឹងអនុសាសន៍របស់សម្ដេច តេជោដែលប្រកាសហាមមិនឱ្យនាយទាហានយកតួនាទីទៅប្រើប្រាស់ខុសច្បាប់ឃុបឃិត ជាមួយឈ្មួញទុច្ចរិត គំរាមកំហែងប្រជាពលរដ្ឋ ។គួររំលឹកឡើងវិញថា មុននេះបន្ដិចមន្ដ្រីកងរាជអាវុធហត្ថខេត្ដ និងបុគ្គលិកសាលារៀនបាននិយាយថា ឧត្ដមសេនីយ៍ផ្កាយ១ម្នាក់ នៅខេត្ដព្រះសីហនុកំពុងត្រូវបានស៊ើបអង្កេតដោយសារមានការចោទប្រកាន់ថា លោកបានវាយគ្រូបង្រៀនស្រីពីរនាក់កាលពីថ្ងៃទី៥ មីនា នៅក្រុមទី១១ ភូមិ២ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ហើយថា កូនប្រុសរបស់លោកបានវាយសិស្សសាលាអាយុ១០ឆ្នាំម្នាក់នៅសាលាដែលកូនស្រីរបស់លោករៀន ។
លោកហៀង មិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបានមានប្រសាសន៍ថា គ្រូបង្រៀនស្រីពីរនាក់ សិស្សសាលាម្នាក់ និងនាយករងម្នាក់នៃសាលា International Home of English បានប្ដឹងថា លោកឧត្ដមសេនីយ៍ត្រី កែវ មុន្នីសូកា ហៅកែវ សូកា ដែលឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹក សមុទ្ររាម និងកូនប្រុសជំទង់របស់គាត់បាន ប្រើអំពើហិង្សាទៅលើពួកគេហើយភ្លាមៗនោះគឺកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតឥឡូវនេះយើងបានឃាត់ខ្លួនគាត់បណ្ដោះអាសន្ន ដោយសារមានបណ្ដឹង និងពិនិត្យឃើញថាគាត់ប្រព្រឹត្ដខុស... ។លោកហ៊ីង សុភឿន នាយករងសាលាខាងលើបានមានប្រសាសន៍ថា អំពើហិង្សានេះបានកើតឡើងនៅពេលក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានប្រទះឃើញសត្វអណ្ដើកមួយក្បាល ហើយបានយកវាទៅបន្លាចកូនស្រី អាយុ១៤ឆ្នាំរបស់លោកឧត្ដមសេនីយ៍រូបនោះ បន្ទាប់មកនាងបានទូរស័ព្ទទៅឪពុករបស់នាងប្រាប់ពីហេតុការណ៍នេះ ។ ពេលនោះហើយ អំពើហិង្សាពីសំណាក់លោកឧត្ដមសេនីយ៍បានកើតឡើង ។