រាជធានីភ្នំពេញ ៖ កុមារចំនួន៤.២៧១នាក់ (ស្រី១.៩៩១នាក់ )ត្រូវបានអះអាងថារងទម្រង់ពលកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានការដកហូតបានចំនួន៣.១៤៣នាក់(ស្រី១.៤៦១នាក់) និងទប់ស្កាត់ចំនួន១.១២៨នាក់ (ស្រី៥៣០នាក់)ក្នុងគម្រោងដំណាក់កាលទី២ អនុវត្តនៅក្នុង១៥រាជធានី-ខេត្ត ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតសម្បទា និងអង្គការពលកម្មអន្តរជាតិ(ILO) ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២៨ មីនា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៅសណ្ឋាគារកាំបូឌីយ៉ាណា ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ខ្លួននៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ រិះរកយន្តការនានាឈានទៅលុបបំបាត់ពលកម្មកុមារ ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀតមកលើកកុមារ និងបញ្ហាប្រឈមនានា ពិសេសពិនិត្យសម្រេចលើខ្សែវីដេអូរឿងអប់រំខ្លីស្តីពីកុមារ ។
លោកអិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងថា ក្នុងនាមប្រទេសហត្ថលេខី«យើងមានកាតព្វកិច្ច និងគោរពតាមបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងអនុសញ្ញាសិទ្ធិកុមារ ពិធីសារបន្ថែមនៃអនុសញ្ញាកុមារដើម្បីលើកស្ទួយ និងការពារកុមារ»។ លោករដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់មួយទៀត គឺធ្វើរបាយការណ៍ស្តី ពីការរីកចម្រើននៃការអនុវត្តន៍ពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារជូនគណៈកម្មាធិកាសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដោយយោងតាមមាត្រា៤៤នៃអនុសញ្ញាសិទ្ធិកុមារ មាត្រា៨ នៃពិធីសារបន្ថែមស្តីការចូលរួមរបស់កុមារ ក្នុងជម្លោះប្រដាប់អាវុធ និងមាត្រា១២ នៃពិធីសារបន្ថែមស្តីពីការជួញដូរកុមារការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ។
រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឆ្នាំ១៩៩៥និងឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានធ្វើការកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធឡើងវិញដែលរចនាសម្ព័ន្ធថ្មី មានដល់រាជធានី-ខេត្ត និងក្រុមការងារដើម្បីកុមារនៅតាមក្រសួងស្ថាប័ន ដើម្បីឱ្យស្របតាមស្ថានភាពរីកចម្រើនរបស់កុមារនាពេលបច្ចុប្បន្ន ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាយន្តការសម្របសម្រួលផ្តល់យោបល់ និងអនុសាសន៍ជូនរាជរដ្ឋាភិបាលទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ និងការចូលរួមចំណែករបស់កុមារដោយជំរុញការអនុវត្តន៍សិទ្ធិកុមារដូចជាមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ ។
យោងតាមលទ្ធផលការងារឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលចុះហត្ថលេខាដោយលោកអិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កាលពីថ្ងៃទី២៧ មីនា បាន បង្ហាញថា នៅឆ្នាំ២០១២ អនុគណៈកម្មការជាតិពលកម្មកុមារនិងទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀតមកលើកុមារ បានខិតខំអនុវត្តការងារស្នូលរបស់ខ្លួន ដោយផ្អែកលើគោលការណ៍បី ។ ទី១-ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មដើម្បីកុមារទទួលបានការអប់រំការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើសមាហរណកម្មកុមារទៅក្នុងសង្គមជាតិ ។ ទី២-កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រីនិងកុមារ និងទី៣- ការលើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារ ។
លទ្ធផលការងារឆ្នាំ២០១២ បានបន្តទៀតថា បញ្ហាប្រឈមនៅឆ្នាំ២០១៣ មានដូចជា ក្រុមការងារដើម្បីកុមារ ក្រសួងស្ថាប័ន ក្រុមប្រឹក្សាជាតិដើម្បីកុមារថ្នាក់រាជធានី-ខេត្ត ពុំទាន់មានថវិការដ្ឋសម្រាប់បម្រើការងារ ។ ក្រុមការងារដើម្បីកុមារតាមក្រសួងស្ថាប័នមានភាពយឺតយ៉ាវក្នុងការបង្កើតក្រុមការងារដើម្បីកុមារ មកដល់បច្ចុប្បន្ននេះ ទើបតែបង្កើតចំនួន៩ក្រសួងប៉ុណ្ណោះ ។ ខ្វះខាតមន្ត្រីជំនាញច្បាប់ ភាសាអង់គ្លេស និងព័ត៌មានវិទ្យា ។ ប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងពីផលវិបាកនៃពលកម្មកុមារ ។ ខ្វះលទ្ធភាពហិរញ្ញវត្ថុ និង បច្ចេកទេសដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យពលកម្មកុមារ និងគ្រប់គ្រងទិន្នន័យ។ ខ្វះធនធានមនុស្ស និងមធ្យោបាយដើម្បីលុប បំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅតាមបណ្តាលខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀតក្រៅពីខេត្តគោលដៅទាំងនេះ៕
ចែករំលែកព័តមាននេះ