ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ហេតុតែមិនមានលុយឱ្យថ្លៃបណ្ណាការទៅខាងកូនស្រីក៏ប្រឌិតរឿងថា មានចោរស្ទាក់ផ្លូវប្លន់យកលុយអស់ពីខ្លួន។ ករណីនេះកើតឡើងកាលពីថ្ងៃទី២០ មីនា ២០១៣ នៅចំណុចស្រែកកន្ត្រើយ ឃុំវាលទុំ ស្រុកឧដុង្ក។ បុរសដែលប្រឌិតរឿងខាងលើត្រូវបានស្គាល់ឈ្មោះជុំ រិទ្ធី អាយុ២៧ឆ្នាំ មានទីលំនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បុរសខាងលើបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបខ្លួនបានយកលុយថ្លៃបណ្ណាការទៅជូនខាងកូនស្រីចំនួន១.៥០០ដុល្លារ ដើម្បីរៀបចំចាត់ចែងរៀបការរូបគេតែពេលជិះម៉ូតូទៅដល់ចំណុចខាងលើ ស្រាប់តែមានមនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿងចេញមកស្ទាក់ផ្លូវ ហើយធ្វើសកម្មភាពភ្ជង់ប្លន់ និងចាក់មកលើរូបគេ យកលុយដែលទុកនៅក្រោមកែបម៉ូតូចំនួន១.៥០០ដុល្លារទៅបាត់។
តាមការបំភ្លឺពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅជិតកន្លែងកើតហេតុបានឱ្យដឹងថា គេពុំបានឃើញមានជនសង្ស័យពីរនាក់ណាមកធ្វើសកម្មភាពភ្ជង់ប្លន់នោះទេ គឺឃើញតែជននេះម្នាក់គត់នៅកន្លែងហ្នឹងហើយក៏មានការផ្អើលឆោឡោថា មានចោរប្លន់ទៅវិញ។
សមត្ថកិច្ចនគរបាលស្រុកឧដុង្ក លោកពីង ពៅ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើរូបលោកបានដឹកនាំ និងបញ្ជាឱ្យកម្លាំងតាមប៉ុស្តិ៍រដ្ឋបាលចេញស្ទាក់ តែពុំមានឃើញស្រមោលជនសង្ស័យណាម្នាក់ឡើយ។ លោកអធិការរងបន្តថា ក្រោយសាកសួរពីអត្តសញ្ញាណជនសង្ស័យបុរសខាងលើឆ្លើយប្រាប់សមត្ថកិច្ច ហាក់បីដូចជាមានអាថ៌កំបាំង ហើយម្យ៉ាងទៀត គឺបុរសឈ្មោះជុំ រិទ្ធី នេះ មិនបានបញ្ជាក់ថា ជនសង្ស័យជិះម៉ូតូអ្វីឱ្យពិតប្រាកដនោះទេ។
ហើយចំពោះស្នាមរបួសនៅលើខ្លួនរបស់គាត់គ្រូពេទ្យបានបញ្ជាក់ថា គ្រាន់តែជាស្នាមឆូតដោយវត្ថុរឹងតែប៉ុណ្ណោះ មិនមែនជាស្នាមចាក់នឹងកាំបិតនោះទេ៕
ចែករំលែកព័តមាននេះ