រាជធានីភ្នំពេញ ៖ សាឡុងដែលមានពូកដាក់នៅយ៉ខាងមុខផ្ទះជាន់ទីមួយមិនដឹងមូលហេតុអ្វី ស្រាប់តែឆាបឆេះសន្ធោសន្ធៅធ្វើឲ្យអ្នកជិតខាងមានទីលំនៅជិតនោះនាំគ្នាយួរទឹក តទុយោបាញ់ពន្លត់ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់២បំពង់ ទើបរលត់អស់ទាំងស្រុង។ ហេតុការណ៍នេះធ្វើឱ្យផ្អើលឆោឡោកាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ មីនា តាមផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះមាស សាវង្ស ភេទប្រុស អាយុជាង៤០ឆ្នាំ។ មុនអគ្គិភ័យនេះគេមិនដឹងមូលហេតុពិតប្រាកដទេ ស្រាប់តែឃើញភ្លើងឆេះសាឡុងដែលដាក់នៅយ៉ខាងមុខផ្ទះជាន់ទីមួយតែម្តង ដែលផ្ទះសាងសង់ពីឈើប្រក់ស័ង្កសី ។ ហេតុការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋដែលមានទីលំនៅជិតនោះសុទ្ធតែធ្វើពីឈើប្រក់ស័ង្កសីបាននាំគ្នាយួរធុងទឹកយកទៅពន្លត់ ខ្លះតទុយោបាញ់ទឹក ខ្លះទៀតយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់២បំពង់ទើបរលត់ទៅវិញ ដោយមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះនោះទេ គ្រាន់តែឆេះសាឡុងអស់ទាំងស្រុង ។
ទោះបីជាយ៉ាងណាម្ចាស់ផ្ទះប្រាប់ថា មិនបានដឹងពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះបែបនេះទេ ។ ចំណែកប្រជាពលរដ្ឋសង្ស័យថា មានគេលួចដុត ឬក៏ធ្លាក់កម្ទេចបារី បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅបែបនេះ៕



ចែករំលែកព័តមាននេះ