ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ដង្ខៅ​គោ​ខ្មែរ​50​នាក់ ចាញ់​បោក​ឈ្មួញ​វៀត​ណាម អស់​ប្រាក់​រាប់​សិប​ពាន់​លាន

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ អ្នក​ប្រ​មូល​ទិញ​គោ​ នៅ​ខេត្ត​កំពត​ប្រ​មាណ​៥០​នាក់​ បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ជន​ជាតិ​វៀត​ណាម​២​នាក់​ ដោយ​ចោទ​ថា​​បោក​យក​លុយ​ពី​ពួក​គាត់​ដែល​យក​គោ​ទៅ​លក់​ឱ្យ​​ហើយ​បែរ​ជា​មិន​ព្រម​សង​លុយ​មក​វិញ​ ។ អ្នក​ប្រ​មូល​ទិញ​គោ​ម្នាក់​ឈ្មោះ​នេត​ ភឿង​ អា​យុ​៣៩​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​សំណាង​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដង​ទង់​ ​និយាយ​​ថា​ គាត់​ធ្លាប់​ប្រ​មូល​ទិញ​គោ​ទៅ​លក់​ឱ្យ​ជន​ជាតិ​វៀត​ណាម​៤​ឆ្នាំ​ហើយ​ ប៉ុន្តែ​សម្រាប់​ដើម​ឆ្នាំ​២០១៣​នេះ​ ត្រូវ​​ដង្ខៅ​គោ​ជា​ជន​ជាតិ​វៀត​ណាម​ទិញ​គោ​ពី​គាត់​មិន​ព្រម​សង​លុយ​​​និង​បាន​ចាត់​ទុក​ថា​ជា​ការ​ចាញ់​បោក​ដង្ខៅ​គោ​វៀត​ណាម​ ។ ដង្ខៅ​គោ​វៀត​ណាម​នេះ​ឈ្មោះ​ឡាន់​ ​បាន​បោក​លុយ​​គាត់​អស់​១១៥​លាន​រៀល ។

ចំណែក​ឯ​អ្នក​ទិញ​គោ​ម្នាក់​ទៀត​ នៅ​ឃុំ​ស្តេច​គង់​ខាង​ជើង​ ស្រុក​បន្ទាយ​មាស​ និយាយ​ថា​គាត់​ធ្លាប់​ចាញ់​បោក​៣​លើក​មក​ហើយ​ ទាក់​ទង​និង​ការ​លក់​គោ​នេះ​ ដែល​លើក​ទី​១​ ជន​ជាតិ​វៀត​ណាម​បោក​អស់​៣១​,៥​លាន​រៀល​ លើក​ទី២​បោក​អស់​​៨២​លាន​រៀល​ និង​លើក​ទី​៣​ នៅ​ដើម​ឆ្នាំ​២០១៣​ បោក​​អស់​៤២​លាន​រៀល​ទៀត​ ។

យោង​តាម​​លោក​នាក់​ រុំ​ មន្ត្រី​កង​រាជ​​អាវុធ​​ហត្ថ​ស្រុក​បន្ទាយ​មាស​​ប្រាប់​ថា​ អ្នក​រក​ស៊ី​ទិញ​គោ​នៅ​ខេត្ត​កំពត​មាន​​ប្រ​មាណ​៥០​នាក់​ បាន​យក​គោ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម​ឈ្មោះ​ឡាន់​ និង​ឈ្មោះ​ប៊ែប​ ។​ ​បើ​តាម​​អ្នក​ប្រ​មូល​ទិញ​គោ​នៅ​ខេត្ត​កំពត​ អះ​អា​ង​ថា​ ឈ្មោះ​ឡាន់​ បាន​បោក​យក​គោ​ទៅ​លក់​ ហើយ​មិន​ឱ្យ​លុយ​គិត​ជា​ប្រាក់​អស់​៩​៨០​លាន​រៀល​​ និង​ដង្ខៅ​គោ​ម្នាក់​ទៀត​ឈ្មោះ​ប៊ែប​​ ​បាន​បោក​យក​លុយ​អស់​១​.៨៧២​​លាន​រៀល​ ។ មន្ត្រី​ប៉េ​អឹម​រូប​នេះ​ប្រាប់​ទៀត​ថា​  បច្ចុប្បន្ន​ក្រុម​អ្នក​រក​ស៊ី​គោ​កំពុង​ធ្វើ​ពាក្យ​បណ្តឹង​ជា​បន្ទាន់​មួយ​ ទៅ​ដាក់​ឱ្យ​ខាង​អា​ជ្ញា​ធរ​វៀត​ណាម​ ជួយ​ធ្វើ​ការ​ក្នុង​រឿង​នេះ​ ។

លោក​ឃុន​ ណាន់​ មេ​បញ្ជាការ​រង​កង​រាជ​អា​វុធ​ហត្ថ​​ប្រាប់​ឱ្យ​ដឹង​ថា​ ទាក់​ទង​នឹង​រឿង​​ដង្ខៅ​គោ​ខ្មែរ​ត្រូវ​​ជន​ជាតិ​វៀត​ណាម​បោក​យក​លុយ​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ មី​នា​ ខាង​អ្នក​ប្រមូល​ទិញ​គោ​ នៅ​ខេត្ត​កំពត​បាន​ទៅ​ជួប​ជុំ​គ្នា​ នៅ​ព្រំ​ដែន​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅ​អា​ជ្ញា​ធរ​វៀត​ណាម​ឱ្យ​ជួយ​ដោះ​ស្រាយ​ ។ គេ​​នៅ​ចាំ​បាន​ថា​ កាល​ពី​​ឆ្នាំ​២០១០​ ដង្ខៅ​គោ​ជន​ជាតិ​វៀត​ណាម​ម្នាក់​​បាន​បោក​យក​លុយ​ពី​អ្នក​ប្រមូល​ទិញ​គោ​ខ្មែរ​បាន​​ប្រមាណ​៥៣​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​អ្នក​បោក​យក​លុយ​រូប​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធ​នា​គារ​ប្រ​ទេស​វៀត​ណាម​ ៕