ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ខ្លឹមខ្មៅ និង​ផល សោភ័ណ្ឌ​ ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​កម្ពុជា​ ចំណែក​ ជ័យ កុសល​ ​ឡើង​ជម្រះ​បញ្ជី​ កែវ រំចង់​ នៅ​លើ​រេញ​បឹង​ស្នោ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការប្រកួត​ដណ្តើម​ខែ្ស​ក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៦៣,៥​គីឡូក្រាម​ឆ្នាំ​២០១៣ នេះ ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​១៧​ មីនានៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​ ដោយ​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ចាប់​ពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ត​ទៅ ។​ កីឡាករ​ជើង​ខ្លាំង​២​រូប​ដែល​បាន​បង្ក្រាប​ដៃ​គូ​ឱ្យ​ចុះ​ចាញ់​ជា​បន្ត​បន្ទាប់​ ហើយ​កំពុង​តែត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​

រាជធានី​ភ្នំពេញ ៖ ការប្រកួត​ដណ្តើម​ខែ្ស​ក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៦៣,៥​គីឡូក្រាម​ឆ្នាំ​២០១៣ នេះ ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​១៧​ មីនានៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​ ដោយ​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ចាប់​ពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ត​ទៅ ។​ កីឡាករ​ជើង​ខ្លាំង​២​រូប​ដែល​បាន​បង្ក្រាប​ដៃ​គូ​ឱ្យ​ចុះ​ចាញ់​ជា​បន្ត​បន្ទាប់​ ហើយ​កំពុង​តែត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ខាង​លើ​ គឺ​កីឡាករ​ ឯម ខ្លឹមខ្មៅ​ មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ​ និង​កីឡាករ​ ផល​ សោភ័ណ្ឌ​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ ។​

គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​កីឡាករ​ ផល សោភ័ណ្ឌ​ ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​ ឯម​ ខ្លឹមខ្មៅ​ តែ​ការ​ចាញ់​នេះ​បែប​ប្រផុត​ប្រផើយ​​ប៉ុណ្ណោះ​ ។​ យោង​តាម​ប្រវត្តិ​ប្រកួត​កីឡាករ​​ទាំង​ពីរ​សុទ្ធ​តែ​មាន​ឈ្មោះ​ល្បី​ដូច​គ្នា​ និង​មាន​សមត្ថ​ភាព​ប្រហែល​គ្នា​ ។ ឯម ខឹ្លមខ្មៅ​ មាន​កណ្តាប់​ដៃ​ធ្ងន់​ ឯ​ស្នៀត​ជើង​និង​ស្នៀត​កែង​ក៏​មិន​ធម្មតា​ដែរ​​ ដែល​រមែង​ផ្តួល​ដៃ​គូ​ឱ្យ​ដេក​ដួល​ជា​ញឹក​ញាប់​ ។​ ជា​ពិសេស​គេ​ពូកែ​វាយ​ដៃ​គូ​ឱ្យ​សន្លប់​មិន​ចង់​ឈ្នះ​ដោយ​ពិន្ទុ​ទេ​ ធ្វើ​ឱ្យ​មហា​ជន​ផ្តល់​ទំនុក​ចិត្ត​លើ​គេ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ ។​ ចំណែក​ ផល សោភ័ណ្ឌ​ វិញ​ក៏​មិន​ណយ​ដែរ​ គេ​ធ្លាប់​ផ្តួល​កីឡាករ​ជើង​ចាស់​ឱ្យ​ចុះ​ចាញ់​ជា​បន្ត​បន្ទាប់​ ។ ផល​ សោភ័ណ្ឌ​ ខ្លាំង​ខាង​ប្រើ​ស្នៀត​ម៉ាត់​ ទាត់​ ឯ​កម្លាំង​ស៊ុហ្វ​ក៏​មិន​អន់​ពេក​ដែរ​ ជា​ពិសេស​គេ​ស៊ូ​ណាស់​វាយ​មិន​ដក​ថយ​ឡើយ​ ។ ​សម្រាប់​ការ​ប្រកួត​​លើក​នេះ​គេ​ពិបាក​វាយ​តម្លៃ​ទុក​ជា​មុន​ពី​លទ្ធផល​ចាញ់-​ឈ្នះ​ខ្លាំង​ណាស់​ មាន​តែ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ តើ​រវាង​ ឯម ខ្លឹមខ្មៅ​ និង​ ផល សោភ័ណ្ឌ​ នរណា​ក្លាយ​ជា​តួ​ឯក​ពិត​ប្រាកដ​ឡើង​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ?​

នា​ល្ងាច​ថ្ងៃ​ដដែល​កីឡា​ករ​ ជ័យ កុសល​ មក​ពី​ក្លិប​សិង្ហ​កីឡា​ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​​ប្រដាល់​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​​សង​សឹក​ជា​លើក​ទី​៣​ ជា​មួយ​កីឡាករ​ កែវ រំចង់​ មក​ពី​ក្លិប​កង​ពល​តូច​អន្ត​រា​គមន៍​លេខ​៨​ ភ្នំ​ទ្រព្យ​ ខណៈ​ការ​ប្រកួត​២​លើក​កន្លង​មក​ ជ័យ កុសល បាន​ចាញ់​ពិន្ទុ​ទាំង​ប្រផុត​ប្រផើយ ។​

យោង​តាម​ប្រវត្តិ​នៃ​ការ​ប្រកួត​ កែវ រំចង់​ ពេល​នេះ​ឡើង​មក​ដល់​ចំណុច​កំពូល​ជា​អ្នក​ប្រដាល់​គ្មាន​គូ​ប្រៀប​បាត់​ទៅ​ហើយ​ព្រោះ​តែ​រាល់​ការ​ប្រកួត​របស់​គេ​ម្តងៗ​បាន​បំបាក់​ដៃ​គូ​សុទ្ធ​តែជា​ជើង​ខ្លាំង​ឱ្យចុះចាញ់​ ដេក​ដួល​សន្លប់​អស់​ជា​ច្រើន​នាក់​ មាន​ទាំង​បរទេស​ទៀត​​ផង​ ។ រហូត​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​កីឡាករ​ជើង​ខ្លាំង​មួយ​ណា​អាច​កាច់​បំបាក់​កំពូល​អ្នក​ប្រដាល់​រូប​នេះ​ឱ្យ​ស្គាល់​រស​ជាតិ​បរាជ័យ​ម្តង​ណា​ឡើយ។​

ចំពោះ​ ជ័យ កុសល​ វិញ​​ពី​មុន​ល្បី​ឈ្មោះ​មិន​អន់​ជាង​ ​កែវ រំចង់ ប៉ុន្មាន​ទេ​ ដោយ​ធ្លាប់​បង្ក្រាប​គូ​ប្រកួត​ឱ្យ​ចុះ​ចាញ់​ក្រោម​ស្នៀត​គុន​របស់​ខ្លួន​​មិន​តិច​នាក់​ទេ​ និង​ថែម​ទាំង​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ជា​​ច្រើន​ទៀត​រាប់​ទាំង​ជើង​ឯកប្រចាំ​ឆ្នាំ ។​ ប៉ុន្តែ​ពេល​នេះ​ ជ័យ កុសល​ មិន​ដូច​មុន​ទេ​ ខណៈ​វ័យ​កាន់​តែ​ជ្រេ​បន្តិច​ទៅ​ហើយ​នោះ​ ទើប​ការប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ឃើញ​មាន​ឈ្នះមាន​ចាញ់​ដោយ​សារ​កម្លាំង​ស៊ុហ្វ​ចុះ​ថម​ថយ​ខ្លាំង​​ ។​ ម៉្លោះ​ហើយ​សម្រាប់​ឱកាស​ឡើង​រេញ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នោះ​ ទោះ​ជា​មិន​និយាយ​ក៏គេ​ដឹង​ថា​ ​កែវ រំចង់​ មាន​ប្រៀប​ជាង​បាត់​ទៅ​ហើយ​ព្រោះ​គេ​នៅ​ក្មេង​កម្លាំង​ក៏​ខ្លាំង​ និង​កំពុង​តែ​រីក​សាយ​វិជ្ជា​គុន​គ្មាន​គូ​ប្រៀប​ ទើប​គេ​គិត​ថា​ បើ ​កែវ រំចង់​ វាយ​មិន​ទុក​មុខ​ឱ្យ​​សិស្ស​ច្បង​ទេ​ ច្បាស់​ជា​ ជ័យ កុសល​ ចាញ់​ដោយ​សន្លប់​ផង​ក៏​មិន​ដឹង ។​ ទោះ​បី​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ក្រៅ​ផ្លូវ​ការ​ប៉ុណ្ណោះ​ ឈ្នះ​ឬ​ចាញ់​មាន​តែ​រង់​ចាំ​មើល​ការ​ប្រកួត​ជាក់​ស្តែង​មក​ដល់​ទើប​ដឹង ៕​