នរណាជាអ្នកឈ្លានពាន? MOUឆ្នាំ2000ស្តីពីព្រំដែនគោកខ្មែរ-សៀម គោរពតាមដីកាតុលាការក្រុងឡាអេ
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៨:៥០
កាលពីថ្ងៃសៅរ៍ ទី៧ សីហា ឆ្នាំ២០១០ នៅក្នុងជំនួបជាសាធារណៈជាមួយនឹង "សម្ព័ន្ធមិត្តប្រជាជន ដើម្បីប្រជាធិបតេយ្យ" ឬហៅថា "ក្រុមអាវលឿង" លោកអាប់ភីស៊ីតនាយករដ្ឋមន្ត្រីថៃបានប្រកាសជាចំហថា "អំពីការរំលោភដែនដី យើងនឹងលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នា ប្រសិនបើមិនអាចដោះស្រាយបញ្ហានេះបាន ។ យើងនឹងប្រើទាំងមធ្យោបាយការទូត ទាំងមធ្យោបាយយោធា" ។ កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០០០ កម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ។ មាត្រា១ របស់អនុស្សរណៈនោះបានចែងថា ការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃ ត្រូវធ្វើឡើងរួមគ្នាដោយយោងលើឯកសារអនុសញ្ញាឆ្នាំ១៩០៤ សន្និសញ្ញាឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា និង "បណ្តាផែនទីជាលទ្ធផលនៃកិច្ចការខណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀតដែលទាក់ទងទៅនឹងការអនុវត្តន៍នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧រវាងបារាំង-សៀម ។
នាយករដ្ឋមន្ត្រីថៃបានប្រើប្រាស់ការគំរាមកំហែង ។ ទីមួយគឺនិយាយអំពីការលុបចោលជាឯកតោភាគី នូវឯកសារច្បាប់ដែលមានតំលៃជាអនុសញ្ញាអន្តរជាតិ ។ អនុស្សរណៈនេះ គឺពុំមានអ្វីក្រៅតែពីការអនុវត្តសេចក្តីសំរេចរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ ដែលចែងថា តុលាការយុត្តិធម៌អន្តរជាតិបានអះអាងបញ្ជាក់ថា "នៅឆ្នាំ១៩០៨-១៩០៩ ថៃពិតជាបានព្រមទទួលយកផែនទីឧបសម្ព័ន្ធ១ ថាជាលទ្ធផលនៃការងារកំណត់ព្រំដែនដែលជាហេតុនាំឱ្យខ្លួនទទួលស្គាល់ខ្សែបន្ទាត់នៅលើផែនទីនោះថា ជាខ្សែព្រំដែន ដែលអនុភាពនៃការព្រមទទួលយកនោះ (the effect of which)គឺដាក់ប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា" ។ តុលាការ "យល់ថា តាមទស្សនៈនៃការបកស្រាយសន្ធិសញ្ញា ត្រូវសំរេចយកខ្សែបន្ទាត់ដូចដែលបានគូសនៅលើផែនទីយកមកធ្វើតឹកតាងកាត់សេចក្តី" ។ តុលាការបានសំរេចយ៉ាងច្បាស់ថា "ថៃត្រូវមានកាតព្វកិច្ច ដកកងកំលាំងទ័ពឬប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀតដែលថៃបានដាក់ក្នុងប្រាសាទនេះ ឬតំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា ។
នៅក្នុងសារលិខិតដែលផ្ញើជូនទាំងទៅលោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងលោកប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី៨ សីហា ឆ្នាំ២០១០ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានសរសេរថា ថៃបានរំលោភទៅលើសាលដីកាតុលាការយុត្តធម៌អន្តរជាតិ ដោយការរក្សាទុកកំលាំងទាហាននៅក្នុងវត្តកែវសិក្ខាគិរីស្វារៈរបស់កម្ពុជា ។ ការគំរាមកំហែងទីពីរដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីថៃ គឺការប្រើប្រាស់កំលាំងយោធាប្រឆាំងនឹងកម្ពុជា ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងសារលិខិតរបស់សម្តេចថា ការធ្វើយ៉ាងដូចនេះថៃរំលោភលើប្រការគន្លឹះពីរនៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលចែងថា មាត្រា២ វាក្យខណ្ឌ៣ "រដ្ឋជាសមាជិកទាំងអស់ត្រូវដោះស្រាយជំលោះអន្តរជាតិរបស់ខ្លួនតាមមធ្យោបាយសន្តិភាព ការធ្វើយ៉ាងដូចនេះ ដើម្បីធានាឱ្យបានថា សន្តិភាព និងសន្តិសុខអន្តរជាតិ និងយុត្តិធម៌មិនស្ថិតនៅក្នុងគ្រោះថ្នាក់ រីឯមាត្រា២ វាក្យខ័ណ្ឌ ៤ ក៏បានចែងផងដែរថា "នៅក្នុងទំនាក់ទំនងជាអន្តរជាតិរបស់ខ្លួន រដ្ឋជាសមាជិកទាំងអស់ត្រូវតែទប់ស្កាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យ ឬរដ្ឋឯករាជ្យខាងនយោបាយ ឬក្នុងទំរង់រូបភាពណាមួយដែលមិនស្របតាមគោលបំណងរបស់អង្គការសហប្រជាជាតិ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើអោយរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ ពិសេសគឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជ្រាបអំពីការគំរាមកំហែង ដែលរំលោភទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសាលដីកាតុលាការអន្តរជាតិឆ្នាំ១៩៦២ ។ នេះពុំមែនជាលើកទីមួយទេដែលថៃមិនទទួលស្គាល់ហត្ថលេខារបស់ខ្លួន ។ នៅក្នុងឆ្នាំ១៩៥២ ថៃបានរំលោភរាល់អនុសញ្ញា និងសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅក្នុងអំឡុងពេលដែលបារាំងធ្វើជាអាណាព្យាបាល (លើកម្ពុជា) តាមរយៈការបញ្ជូនកងកម្លាំងប្រដាប់អាវុធមកកាន់ប្រាសាទព្រះវិហារ និងបរិវេណប្រាសាទ ។ ការកាន់កាប់ដោយកម្លាំងយោធានេះ គឺជាកត្តានាំអោយមានសេចក្តីសំរេចរបស់តុលាការអន្តរជាតិ (JCJ) ហើយនឹងការចាកចេញទាហានថៃពីទឹកដីកម្ពុជា ។ នៅអំឡុងឆ្នាំ១៩៩២-១៩៩៣ ដោយសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលប្រយុទ្ធជាមួយនឹងកងកម្លាំងអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ហើយបានរុញបង្គោលព្រំដែនចូលជ្រៅមកក្នុងទឹកដីរបស់កម្ពុជា ។ ដែលសកម្មភាពទាំងពីរនេះគឺអ្នកសង្កេតការណ៍អន្តរជាតិ (UNTAC) អាចធ្វើជាសាក្សីបាន ហើយដែលកត្តានេះថៃបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលថៃខ្លួនឯងជារដ្ឋហត្ថលេខីផងដែរ ហើយពិសេសជាងនេះទៅទៀត គឺរំលោភ "កិច្ចព្រមព្រៀងស្តីអំពីអធិបតេយ្យភាពឯករាជ្យភាព បូរណភាពទឹកដី និងអព្យាក្រឹត្យភាព និងឯកភាពជាតិមិនអាចរំលោភបានរបស់កម្ពុជា" ។ ហើយជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០០៨ ថៃបានរំលោភលើឯកសារច្បាប់អន្តរជាតិទាំងអស់ដែលទាក់ទងនឹងព្រំដែនរវាងប្រទេសទាំងពីរ ។
តើអ្វីទៅជាតំលៃហត្ថលេខារបស់ថៃ? តើមន្ត្រីថៃយកចិត្តទុកដាក់ឬទេលើឯកសារច្បាប់ដែលខ្លួនចុះហត្ថលេខានោះ? តើទាំងអស់នោះ វាដូចនឹងអ្វីដែលថៃនិយាយថា "គ្រាន់តែជាក្រដាស ដែលមិនមានកាតព្វកិច្ចត្រូវអនុវត្តតាមឬទេ? តើមាននរណាម្នាក់អាចក្រើនរំលឹកដល់នាយករដ្ឋមន្ត្រីថៃអោយដឹងថា នោះគឺជាភាសាហួសសម័យដែលធ្លាប់ប្រើដោយពួកផ្តាច់ការនៅក្នុងសតវត្សទី២០ គឺជាភាសាដែលនាំទៅរកសង្គ្រាម និងវិនាសកម្ម? លោកអាប់ភីស៊ីត ហាក់ដូចជាមិនបានដឹងថា ពិភពលោកយើងនេះ គឺមិនមែនជាពិភពលោកវិលទៅតាមការទាមទារជាតិនិយមជ្រុលនោះទេ ។ ហើយក៏មិនមែនជាពិភពលោកនៃសតវត្សឬអតីតកាលនោះដែរ ។ ពិភពលោកបច្ចុប្បន្ន គឺជាពិភពលោកនៃសាកលភាវូបនីយកម្ម ដែលពឹងអាស្រ័យលើប្រការច្បាប់ ការបើកចំហព្រំដែន តំបន់ពាណិជ្ជកម្មសេរី ស្ថិរភាពតំបន់ និងកិច្ចសហប្រតិបត្តិការ ។ តើលោកអាប់ភីស៊ីត ពិតជាចង់វិលទៅរកពិភពលោកក្នុងអតីតកាលនៃជាតិនិយម និងជំលោះដែលពោរពេញទៅដោយការរំលោភលើកិច្ចព្រមព្រៀងស្របច្បាប់ និងច្បាប់អន្តរជាតិមែនទេ?
ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី