ខេត្តស្វាយរៀង ៖ ប៉ុន្មានខែចុងក្រោយនេះ រលកកូដកម្មរបស់កម្មករ-កម្មការិនីនៅតាមរោងចក្របានកក្រើកឡើងជាបន្តបន្ទាប់ ហើយប្រការដែលគួរឱ្យកត់សម្គាល់គឺ ការទាមទារនូវលក្ខខណ្ឌការងារពិសេសគឺការទាមទារឱ្យដំឡើងប្រាក់ខែនេះឯង មុនពេលនឹងមានការជួបគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរ តំណាងនិយោជក តំណាងសហជីព នៅថ្ងៃទី២៦ កុម្ភៈ ដើម្បីសម្រេចថា តើបៀវត្សកម្មករគួរដំឡើងក្នុងកម្រិតណាដែលអាចទទួលយកបានទាំងសងខាង ។
ព្រឹតិ្តការណ៍ដែលកំពុងផ្ទុះឡើងនិងជាចំណុចក្តៅគួរឱ្យតាមដាននោះ គឺការបិទទ្វាររោងចក្រចំនួន៣១ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងសេងតាយនៅក្រុងបាវិត ខេត្តស្វាយរៀង ។ នេះជាការបិទទ្វាររោងចក្រដ៏ច្រើនមិនធ្លាប់មាន ដោយសារតែផ្ទុះឡើងនូវកូដកម្ម និងបាតុកម្មរបស់កម្មកររោងចក្រ ។ ចំណែកនៅក្រុងតាខ្មៅ ក៏មានបាតុកម្មបិទផ្លូវជាតិលេខ 21B ផងដែរពីសំណាក់កម្មកររោងចក្រយ៉ុងវ៉ាទី១ និងយ៉ុងវ៉ាទី២ ខណៈរោងចក្រនេះទំនងក្ស័យធនទៅហើយនោះ ធ្វើឱ្យកម្មករបាត់បង់ប្រាក់អត្ថប្រយោជន៍មួយចំនួន ។ ខាងក្រោមនេះគឺជាសេចក្តីរាយការណ៍ជុំវិញរលកកូដកម្មដែលកំពុងកើតឡើង ។
ការដោះស្រាយបញ្ហាកម្មករ កម្មការិនី ធ្វើកូដកម្ម និងបាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ចាប់ពីថ្ងៃទី១១-១២-១៣ និង១៤ កុម្ភៈ ហើយត្រូវថៅកែរោងចក្របង្ខំបិទទ្វារ ចាប់តាំងពីថ្ងៃទី១៤-១៥-១៦ និង១៧ កុម្ភៈ នោះ នៅពុំទាន់ដោះស្រាយគ្នាបាននៅឡើយទេ ដោយភាគីកម្មករ កម្មការិនី ទាមទារលក្ខខណ្ឌ និងប្រាក់ខែគោលច្រើន ហើយភាគីក្រុមហ៊ុនមិនអាចទទួលយកបាន។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី១៦ កុម្ភៈ នៅសាលាក្រុងបាវិតបានធ្វើការដោះស្រាយរវាងភាគីកម្មករ-កម្មការិនីរោងចក្រ ឡុងប្រាយចំនួនជាង៧០០នាក់ ដែលទាមទារឱ្យក្រុមហ៊ុនរោងចក្រឡុងប្រាយទទួលយកលក្ខខណ្ឌ៦ចំណុច ក្នុងនោះមាន២ចំណុចសំខាន់គឺ សុំថៅកែដកប្រធានរដ្ឋបាលក្រុមហ៊ុនឡុងប្រាយ ជាដាច់ខាត និងបន្ថយការធ្វើដុំខ្សែភ្លើង អំពូលភ្លើង ពីមុន១០ម៉ោង ៨៥ដុំ មកត្រឹម៦៩ដុំវិញ ។ អ្វីដែលថៅកែមិនព្រមនោះគឺការសុំដកប្រធានរដ្ឋបាលក្រុមហ៊ុនចេញ គឺក្រុមហ៊ុនមិនព្រមជាដាច់ខាត ។ រីឯភាគីតំណាងកម្មករនិយាយថា បើថៅកែមិនព្រមដកប្រធានរដ្ឋបាលក្រុមហ៊ុនចេញទេ កម្មករ-កម្មការិនី នឹងធ្វើកូដកម្មមិនចូលធ្វើការបន្តទៀត ។ ចំណែកភាគីក្រុមហ៊ុន បើកម្មករ-កម្មការិនីមិនចូលធ្វើការ គេសុខចិត្តបិទទ្វាររោងចក្រទុកឱ្យរាជរដ្ឋាភិបាលដោះស្រាយ ។
គណៈកម្មការដោះស្រាយវិវាទមានប្រសាសន៍ថា បើភាគីទាំងពីរប្រកាន់ជំហររៀងខ្លួនដូច្នេះពិបាកក្នុងការដោះស្រាយខ្លាំងណាស់ ។នៅថ្ងៃទី១៧ កុម្ភៈ មានការដោះស្រាយនៅការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលមានលោករស់ ឆាយ អភិបាលរងខេត្ត និងជាតំណាងលោកជៀង អំ អភិបាលខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ត្រីក្រសួងការងារ អាជ្ញាធរក្រុងបាវិត លោកប្រធានតំបន់សេដ្ឋកិច្ចពិសេសទាំង២ មេនហាតធេន និងតាយសេង តំណាងកម្មករ-កម្មការិនី សហជីព តំណាងក្រុមហ៊ុនទាំង៣១ ដោយប្រជុំដោះស្រាយចំនួន៩ចំណុច ។ ប៉ុន្តែអ្វីដែលដោះស្រាយមិនចេញគឺ ភាគីកម្មករ-កម្មការិនីរោងចក្រទាមទារប្រាក់ខែគោល ពីមុន៥៩ដុល្លារទៅ៦៤ដុល្លារ ទៅដល់១២០ដុល្លារទៅ១៥០ដុល្លារ ភាគីក្រុមហ៊ុនមិនយល់ព្រម ។ ការប្រជុំនោះមានដំណើរការស្វិតស្វាញ ក៏ប៉ុន្តែពុំបានអនុញ្ញាតឱ្យអ្នកយកព័ត៌មានចូលស្តាប់ឡើយ ។ នៅម៉ោង៣រសៀលថ្ងៃដដែល មានការទូរស័ព្ទទៅជួបលោករស់ ឆាយ សុំការបំភ្លឺ តែលោកឆ្លើយតាមទូរស័ព្ទថា ជាប់ប្រជុំពុំទាន់អាចឆ្លើយបំភ្លឺបានទេ ។
រហូតមកដល់ព្រឹកថ្ងៃទី១៨ កុម្ភៈ កម្មករ កម្មការិនី រោងចក្រជាង២មុឺននាក់ ដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បានដើរចេញពីរោងចក្រជាថ្មីម្តងទៀត បន្ទាប់ពីកម្មកររោងចក្រប្រមាណ២៧រោងចក្របានចូលធ្វើការ ដោយពួកគេនិយាយថា ការដោះស្រាយរវាងតំណាងកម្មករ សហជីព ជាមួយថៅកែរោងចក្រនៅតែបន្តភាពតានតឹង មិនអាចយកការសម្របសម្រួលពីអាជ្ញាធរ និងគណៈកម្មការដោះស្រាយវិវាទបាន ដូច្នេះរោងចក្រទាំង៣១រោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរត្រូវបិទទ្វារផ្អាកការងារ ។
បើតាមលោក រស់ ឆាយ អភិបាលរងខេត្ត និងជាប្រធានសម្របសម្រួលដោះស្រាយវិវាទ បញ្ហាកម្មករ កម្មការិនី និងបាតុកម្មបានប្រាប់ឱ្យដឹងថា លោកបានចូលសម្របសម្រួលរយៈពេល២ថ្ងៃមកហើយ ដែលនៅថ្ងៃទី១៦ កុម្ភៈ រវាងនិយោជក រោងចក្រឡុងប្រាយ ជាមួយតំណាងកម្មករ គឺពុំមានលទ្ធផលទេ ដោយភាគីកម្មករទាមទារសុំដកប្រធានរដ្ឋបាលរោងចក្រចេញ តែភាគីរោងចក្រមិនព្រម ។ នៅថ្ងៃទី១៧ កុម្ភៈ តាំងពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក៏មានការកោះហៅតំណាងថៅកែរោងចក្រចំនួន៨រោងចក្រមកប្រជុំដោះស្រាយការទាមទារ៩ចំណុច ដែលភាគីកម្មករទាមទារ តែភាពចម្រូងចម្រាស់ ដោះស្រាយមិនបានជោគជ័យ ហើយគណៈកម្មការដោះស្រាយវិវាទបានឱ្យលក្ខខណ្ឌសំណូមពររបស់ភាគីកម្មករ កម្មការិនីទៅថៅកែរោងចក្រទាំង៨ យកទៅពិនិត្យ និងឆ្លើយតបជាលាយលក្ខណ៍អក្សរថា យល់ព្រមចំណុចណា មិនយល់ព្រមចំណុចណា នៅវេលាល្ងាចថ្ងៃទី១៧ កុម្ភៈឱ្យបានដឹង តែភាគីថៅកែរោងចក្រគ្មានចម្លើយ ។
ចំណែកការដោះស្រាយវិវាទថៅកែរោងចក្រ ឡុងប្រាយ បានឈានដល់ការព្រមព្រៀង២ចំណុចចុងក្រោយ គឺទី១-ការសុំដកប្រធានរដ្ឋបាលរោងចក្រ លទ្ធផលភាគីក្រុមហ៊ុនយល់ព្រមត្រឹមសម្រួលការងារឱ្យទៅធ្វើការងារផ្នែកផ្សេងដែលមិនប៉ះពាល់ ឬប្រឈមមុខជាមួយកម្មករនិយោជិត ហើយឱ្យក្រុមហ៊ុនសរសេរលិខិតព្រមានដល់ប្រធានរដ្ឋបាលរូបនោះជាលាយលក្ខណ៍អក្សរ ។ ទី២-យល់ព្រមបន្ថយដុំ គឺ៨ម៉ោងត្រឹម៦៩ដុំ កាលពីមុន៨ម៉ោង ៧៥ដុំខ្សែភ្លើង អំពូលភ្លើងញាក់ ។
ថ្ងៃទី១៨ កុម្ភៈ តាមការព្រមព្រៀងគឺឱ្យកម្មករចូលធ្វើការវិញ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក កម្មករ កម្មការិនីរោងចក្រចំនួន២៨ បានចូលធ្វើការងារវិញ ។ រីឯរោងចក្រ ឡុង ប្រាយ មិនបានមកចូលធ្វើការទេគឺសម្រាកដល់ថ្ងៃពុធ ទី២០ កុម្ភៈ ទើបចូលធ្វើការ ។ ចំណែករោងចក្រផលិតកង់ បេសវ៉េ តាមព័ត៌មានពីលោក បែន វណ្ណា ប្រធានរដ្ឋបាលរោងចក្រ បេស វ៉េ ប្រាប់ឱ្យដឹងថា ដោយមានភាពមិនប្រក្រតី ថៅកែក្រុមហ៊ុនសម្រេចឱ្យកម្មករ កម្មការិនី ទាំង១.៧០០នាក់ សម្រាកការងារ១ថ្ងៃទៀត និងឱ្យចូលធ្វើការនៅថ្ងៃទី១៩ កុម្ភៈ ដូច្នេះរោងចក្របិទទ្វារឱ្យកម្មករត្រឡប់ទៅផ្ទះវិញ ។
ភាពច្របូកច្របល់ដោយសារមានអ្នកចូល និងអ្នកចេញរហូតដល់ម៉ោង៩ព្រឹក ភាពរញេរញ៉ៃកើតមាន រោងចក្រមួយចំនួននៅជិតរោងចក្រដែលបិទទ្វារទាំងបង្ខំចិត្តឱ្យកម្មករ កម្មការិនី ផ្អាកការងារសម្រាកបន្តទៀត ។
កម្មករ កម្មការិនី ក៏បានចេញពីរោងចក្រត្រឡប់ទៅផ្ទះវិញ ។ រហូតម៉ោង៩ និង១០នាទីព្រឹករោងចក្រទាំង២២នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ត្រូវបានកម្មករ កម្មការិនី នាំគ្នាដើរចេញពីរោងចក្រដោយមិនដឹងពីមូលហេតុ ។ បន្ទាប់មកនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង កម្មករ កម្មការិនី ក៏ចាប់ផ្តើមដើរចេញពីរោងចក្រដែរ រហូតដល់ម៉ោង១០ព្រឹកក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២ ក៏ត្រូវបិទទ្វារផ្អាកការងារបណ្តោះអាសន្នទៀត ។ តំណាងកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា កម្មករ កម្មការិនី ដើរចេញពីរោងចក្រនេះដោយមានគោលបំណងឱ្យលោកអភិបាល ខេត្តដោះស្រាយ៣ចំណុចក្ដៅ គឺទី១-ប្រាក់ខែគោលពី១២០ដុល្លារទៅ១៥០ដុល្លារ ពីមុនត្រឹម៥៩ដុល្លារទៅ៦៤ដុល្លារ ។ ទី២-ការបង់ពន្ធប្រាក់ខែរបស់កម្មករ សូមកុំឱ្យបង់ពន្ធថ្លៃពេក ឬសូមកុំបង់ពន្ធប្រាក់ខែកម្មករតែម្ដង បើតាមច្បាប់ការបង់ពន្ធប្រាក់ខែគឺចាប់ពី២៥០ដុល្លារឡើងទៅទើបជាប់ពន្ធ ។ ទី៣-កុំរើសអើងនិងបណ្ដេញកម្មករចេញដោយគ្មានមូលហេតុ ។
លោករស់ ឆាយ អភិបាលរងខេត្តនិងជាប្រធានសម្របសម្រួលការដោះស្រាយវិវាទនេះ មានប្រសាសន៍នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៨ កុម្ភៈ ថា លោកកំពុងប្រជុំពីបញ្ហាទាំងអស់នេះហើយ ក៏ពុំទាន់ដឹងឱ្យច្បាស់ថា មូលហេតុអ្វីខ្លះទេ ដែលបង្កឱ្យរោងចក្របន្តបិទទ្វារ ទៀតបែបនេះ ។
កម្មកររោងចក្រយ៉ុងវ៉ាមួយចំនួននៅតែបន្តធ្វើកូដកម្ម
ខេត្តកណ្តល ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយ៉ុងវ៉ាទី១និងទី២ ដែលអះអាងថាមានគ្នាប្រមាណ៣ពាន់នាក់ក្នុងចំណោមជាង៦ពាន់នាក់នៅព្រឹកថ្ងៃទី១៨ កុម្ភៈ នៅតែបន្តធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ២១B ចម្ងាយជាងមួយគីឡូម៉ែត្រ ដើម្បីទាមទារប្រាក់បំណាច់ការងាររបស់ខ្លួនបន្ទាប់ពីរោងចក្រនេះត្រូវបានបិទទ្វា កាលពីពេលថ្មីៗកន្លងមកនេះ ។ បើទោះបីខាងក្រសួងមន្ទីរជំនាញពាក់ព័ន្ធនិងគណៈកម្មការបានធ្វើការដោះស្រាយបើកប្រាក់សម្រាប់ខែមករាតាមការទាមទាររួចហើយក្តី ដែលការបើកប្រាក់នេះត្រូវបានរដ្ឋាភិបាលដោះស្រាយថវិកាអស់ចំនួនប្រមាណ៩០ម៉ឺនដុល្លារ ។
ការធ្វើបាតុកម្មនៅព្រឹកថ្ងៃទី១៨ កុម្ភៈ នេះបើតាមការអះអាងរបស់ប្រធានសហជីពខ្លះនិយាយថា មានតែកម្មករមួយចំនួនប៉ុណ្ណោះ ដែលជឿតាមការញុះញង់នាំគ្នាធ្វើបាតុកម្ម មិនរង់ចាំការរកដំណោះស្រាយរបស់ក្រសួងនិងមន្ទីរជំនាញដែលពាក់ព័ន្ធ ។
កម្មករបានធ្វើបាតុកម្មបិទផ្លូវមុខរោងចក្រយ៉ុងវ៉ាទី១និងនៅមុខរោងចក្រយ៉ុងវ៉ាទី២ ដែលតាំងនៅលើកំណាត់ផ្លូវជាតិលេខ២១B ត្រូវបានផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចម្ងាយជាង១គីឡូម៉ែត្រ ។ ក្រុមកម្មករបានព្យាយាមសំរុកទៅបិទផ្លូវកែងព្រែកសំរោងទៀត ក្នុងបំណងបង្កឱ្យស្ទះចរាចរណ៍គ្មានផ្លូវវាង ប៉ុន្តែត្រូវបានទប់ស្កាត់ដោយកំលាំងប៉ូលិសនិងប៉េអឹម ប្រដាប់ដោយខែល និងដំបង ។ ទោះជាបែបណាមិនមានការប៉ះទង្គិចគ្នាជាហិង្សានោះទេ ។ ការធ្វើចរាចរណ៍មិនត្រូវបានស្ទះ ព្រោះសមត្ថកិច្ចសម្រួល ដោយឱ្យវាងតាមផ្លូវព្រែកសំរោងទៅមាត់ទន្លេជាផ្លូវជាតិលេខ២១A ។ ក្រុមបាតុករបានលើករូបថតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងស្រែកកងរំពងសុំឱ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យពួកគេ និងសំណូមពរឱ្យបើកប្រាក់បំណាច់ការងាររបស់ពួកគេ ។ តំណាងកម្មករបានឱ្យដឹងថា បើមិនមានដំណោះស្រាយពួកគេនិងបន្តធ្វើបាតុកម្មតស៊ូទៀត ។
លោកស្រីសុខ ផល្លា ប្រធានសហជីពស៊ី ខូវ ឌូ ប្រចាំរោងចក្រយ៉ុងវ៉ាទី២ បានប្រាប់ឱ្យដឹងថាកម្មករចំនួនច្រើននាក់មិនតិចជាង៣ពាន់ បានបន្តធ្វើបាតុកម្មទាមទារប្រាក់បំណាច់ការងារ បន្ទាប់ពីមានដំណោះស្រាយមួយចំណុច គឺការបើកប្រាក់សម្រាប់ខែមករាកន្លងមកនេះ ។ លោកកឹម ចាន់សំណាង ប្រធានសហព័ន្ធសហជីព ប្រជាធិបតេយ្យជឿនលឿនប្រចាំរោងចក្រយ៉ុងវ៉ាទី២ ដែលមានទស្សនៈខុសគ្នានិងសហជីពស៊ីខូវឌូ បានឱ្យដឹងថា កម្មករដែលចូលរួមធ្វើបាតុកម្មនៅព្រឹកថ្ងៃទី១៨ កុម្ភៈ នេះគឺមានចំនួនតូចប៉ុណ្ណោះ ដែលជឿតាមការឃោសនាញុះញង់របស់ប្រធានសហជីពស៊ីខូវឌូ ប្រចាំរោងចក្រ ។ លោកបានបញ្ជាក់ទៀតថា មានកម្មករមួយចំនួនធំមិនចូលរួមធ្វើបាតុកម្មទេ គឺបន្ទាប់ពីមានដំណោះស្រាយ បានបើកប្រាក់ខែមករារបស់ខ្លួន និងបានយល់ព្រមរង់ចាំទុកពេលឱ្យមន្ទីរក្រសួងពាក់ព័ន្ធរកដំណោះស្រាយតាមផ្លូវច្បាប់ក្នុងពេលខាងមុខនេះ ។
លោកបន្តទៀតថា តំណាងសហជីពជាច្រើនប្រចាំនៅរោងចក្រយ៉ុងវ៉ាបានប្តឹងតវ៉ាជាមួយក្រុមហ៊ុនយ៉ុងវ៉ាទៅតុលាការ ហើយតុលាការក៍បានចេញដីកា រក្សាការពាររោងចក្ររួចហើយផងដែរ គឺរោងចក្រនេះអាចនិងត្រូវលក់ឡាយឡុងយកប្រាក់បើកឱ្យកម្មករដែលទាមទារប្រាក់បំណាច់ការងារ ។ ប៉ុន្តែខាងមន្ទីរក្រសួងមិនអាចដោះស្រាយឱ្យទាន់តាមការទាមទាររបស់កម្មករភ្លាមៗបានឡើយ គឺត្រូវប្រើរយៈពេលយូរ ហើយតំណាងសហជីព សហព័ន្ធ ភាគច្រើនប្រចាំរោងចក្រ ក៏ដូចជាកម្មករភាគច្រើនព្រមទទួលយកនិងមិនចូលរួមធ្វើបាតុកម្មឡើយ ។ មានតែសហជីព ស៊ីខូវឌូ មួយប៉ុណ្ណោះ ដែលបំផុសឱ្យកម្មករធ្វើបាតុកម្ម ។
លោកស៊ឹម ប៊ុតបណ្ឌិត អធិការប៉ូលិស ក្រុងតាខ្មៅបានឱ្យដឹងថា ប៉ូលិស៥០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងធ្វើចរាចរណ៍ ក្នុងពេលដែលកម្មករធ្វើបាតុកម្មនេះ និងមិនមានការកកស្ទះចរាចរណ៍យូរទេ ដោយសារមានការសម្រួលពីប៉ូលិសនិងអាជ្ញាធរទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ