បញ្ជូនក្រុមចោរប្លន់ប្រដាប់អាវុធនៅជាយដែន៧នាក់ទៅតុលាការផ្តន្ទាទោស
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:៤៦

បូព៌ា
ក្រុមចោរប្លន់ជាយដែនក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រុមចោរប្លន់ជាយដែនក្នុងខេត្តបាត់ដំបង៧នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីមន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបានសហការជាមួយកំលាំងនគរបាលស្រុកសំពៅលូនឡោមព័ទ្ធចាប់បានភ្លាមៗ៥នាក់ជាបន្តបន្ទាប់កាលពីព្រលប់ថ្ងៃទី៦ កញ្ញា ២០១០ ខណៈពួកគេកំពុងផឹកស៊ីសប្បាយនៅចំណុចខ្ទមចំការមួយកន្លែងស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ហើយក្រោយមកតាមប្រមាញ់ចាប់បានបក្សពួកចោរ២នាក់ទៀតដែលម្នាក់មានកាំភ្លើងអាកាមួយដើមផង ។
តាមការផ្តល់ព័ត៌មានភ្លាមៗពីសមត្ថកិច្ចបានឱ្យដឹងថា ចំលើយបឋម ក្រុមចោរបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន៣លើកមកហើយ នៅស្រុកសំពៅលូន ដោយគិតចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងទៅ រហូតមកដល់ថ្ងៃទី៣ កញ្ញា ២០១០នេះ ។ ទោះជាបែបណានៅមិនទាន់មានរបាយការណ៍ពិស្តារស្តីពីសកម្មភាពរបស់ក្រុមចោរប្លន់ប្រដាប់អាវុធមួយហ្វូងនេះទេ ។ សមត្ថកិច្ចបាននិយាយថា ខណៈពេលឡោមព័ទ្ធចាប់ខ្លួនពួកចោរដែលកំពុងផឹកស៊ីក្នុងខ្ទមចំការ មានចោរជើងខ្លាំងម្នាក់បានរត់គេចខ្លួនបាត់ពីទីនោះ ។ នៅវេលាព្រលប់នោះ មេឃងងឹតទៅហើយ សមត្ថកិច្ចបានផ្អាកប្រតិបត្តិការដោយរង់ចាំព្រឹកស្អែក ទើបតាមប្រមាញ់បក្សពួកចោរប្លន់ម្នាក់នោះបន្តទៀត ព្រោះគេមានប្រើប្រាស់កាំភ្លើងអាកាមួយដើមផង ដែលតាមដំណឹងថា កំពុងលាក់ខ្លួនក្នុងព្រៃចំការនៅតំបន់នោះ ។
មកដល់វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៧ កញ្ញា ២០១០ ប៉ូលិសព្រហ្មទណ្ឌខេត្តបានផ្តល់ដំណឹងមកថា ចោរស្ពាយកាំភ្លើងអាកាដែលលាក់ខ្លួនក្នុងព្រៃនោះត្រូវចាប់ខ្លួនបានហើយ និងក្រោយមកបានចាប់ខ្លួនចោរម្នាក់ទៀតសរុបទាំងអស់៧នាក់...ពេលនេះប៉ូលិសបានបញ្ជូនពួកគេទៅកាន់តុលាការហើយ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំហានដំបូងឱ្យដឹងថា ពួកចោរទាំងនេះបានប្លន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ចំនួន២លើកនៅស្រុកសំពៅលូន និងស្រុកកំរៀង ជាស្រុកស្ថិតនៅជាប់ព្រំដែនសៀម ។
ការប្លន់លើកទី១នៅម៉ោង៦ និង៥០នាទីព្រលប់ថ្ងៃទី៤ កញ្ញា នៅភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន បង្កឡើងដោយក្រុមចោរចំនួន៣នាក់ប្រដាប់ដោយកាំភ្លើងអាកាបត់ចំនួន១ដើម ។ ពួកចោរបានសំរុកចូលទៅប្លន់លំនៅឋានលក់គ្រឿងទេសរបស់ឈ្មោះចាន់ រ៉េន ភេទប្រុស អាយុ៥៣ឆ្នាំ ។ លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនប្រាប់ថា ក្រុមចោរបានបាញ់គំរាមជនរងគ្រោះចំនួន៣គ្រាប់ និងចងម្ចាស់ផ្ទះទៀត ។ ក្រោយពីចាប់ម្ចាស់ផ្ទះចងរួចមកពួកចោរយកទំនិញអស់ជាច្រើនមុខដែលសរុបជាទឹកប្រាក់អស់ប្រហែលជាង២លានរៀល ។
ដោយឡែកករណីប្លន់លើកទី២ នៅវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៥ កញ្ញា ។ លោកឈឹម គឹមហុង អធិការស្រុកកំរៀងរាយការណ៍ថា ពួកចោរ២នាក់ប្រដាប់ដោយកាំភ្លើងអាកាមួយដើមបានចូលប្លន់លំនៅឋានលក់គ្រឿងទេសមួយនៅភូមិដីក្រហម ឃុំតាសែន ។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះឈាង ហ៊ត អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះសុទ្ធ ពៅ ។ ពួកចោរបានបាញ់គំរាម៣គ្រាប់ដើម្បីសំឡុតរកលុយ រួចភ្ជង់បុរសជាប្តីរុញចូលក្នុងផ្ទះ រីឯចោរម្នាក់អត់កាំភ្លើងបានចាប់បោចសក់ស្ត្រីជាប្រពន្ធ និងដាល់ចំចិញ្ចើម១ដៃ ។ តាមការបំភ្លឺពីម្ចាស់ផ្ទះថា ពួកចោរបានប្លន់យកលុយអស់២៧ម៉ឺនរៀល ចិញ្ចៀនប្លាទីន២ជី និងប្រាក់៣ដុល្លារទៀត ។ ឥឡូវពួកចោរប្លន់ទាំងនេះអស់លក្ខណ៍ហើយ ៕