ទិវាបាល់ទាត់ថ្នាល ប្រារព្ធធ្វើរយៈពេល2ថ្ងៃនៅពហុកីឡដ្ឋានជាតិ
ដោយ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:១២
កោះសន្តិភាព
ទិដ្ឋភាពនៃការប្រកួតបាល់ទាត់ថ្នាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក
រាជធានីភ្នំពេញ ៖ ទិវាបាល់ទាត់ថ្នាលឆ្នាំ២០១០ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ សីហា គឺជាការបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការពង្រឹង និងពង្រីកគុណភាពបាល់ទាត់ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ ហើយក៏ជាការផ្តល់នូវបរិយាកាស និងភាពរីករាយដល់កុមារា និងកុមារីផងដែរ ។
ទិវាបាល់ទាត់ថ្នាលនេះផងដែរ គឺជាការរៀបចំធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងបានការសហការពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហើយសហព័ន្ធបានធ្វើការប្រមែប្រមូលក្រុមកុមារា កុមារីតូចៗ ដែលមានរហូតដល់ទៅ៤៨ក្លឹបផ្សេងគ្នា មកពីតាមបណ្តាខេត្ត-ក្រុងនានានៅទូទាំងប្រទេស ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងឱកាសនេះ បានសម្តែងនូវការអបអរយ៉ាងខ្លាំងចំពោះប្រតិភូកីឡាបាល់ទាត់កុមារា កុមារី ដែលបានធ្វើដំណើរមកពីគ្រប់ទិសទីចូលរួមនៅក្នុងព្រឹត្តិការណ៍នេះយ៉ាងច្រើនកុះករ ។ លោកបានមានប្រសាសន៍ថា បាល់ទាត់គឺជាកីឡាមួយប្រភេទដែលមានប្រជាប្រិយភាព និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក ។ ហើយកីឡាបាល់ទាត់មិនគ្រាន់តែជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតរស់នៅដែលបំរើឱ្យសុខុមាលភាព រាងកាយប្រាជ្ញាស្មារតី ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពជួយបណ្តុះគំនិត ពង្រឹងមនសិការរួបរួមសាមគ្គីគ្នាទៀតផង។
ដើម្បីពង្រឹង និងពង្រីកថ្នាក់មូលដ្ឋានគ្រឹះដែលជាថ្នាលសំរាប់យុវជន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដើម្បីរៀបចំកម្មវិធីបាល់ទាត់ថ្នាលចាប់ពីឆ្នាំ២០១០ នេះតទៅ ហើយពេលនេះគឺជាទិវាក្នុងការចាប់ផ្តើមនូវកម្មវិធីបាល់ទាត់ថ្នាល ដែលសហព័ន្ធបាល់ទាត់កម្ពុជា នឹងអនុវត្តនៅពេលខាងមុខ តាមយុទ្ធសាស្ត្រ បច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ។ ប៉ុន្តែលោកក៏សំណូមពរឱ្យមានការសហការយ៉ាងជិតស្និទ្ធពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកអនុវត្តកម្មវិធីបាល់ទាត់ថ្នាលនេះទាំងអស់គ្នា ។ ហើយលោកក៏មិនភ្លេចថ្លែងអំណរគុណផងដែរនូវការជួយឧបត្ថម្ភពីតាមបណ្តាក្រុមហ៊ុនមួយចំនួនដែលបានចូលរួមចំណែកនៅក្នុងកម្មវិធីនេះផងដែរ ៕