ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​​ហិ.ង្សា​​សាហា.វ​ព្រៃ​ផ្សៃ សម្ដេច​​តេ​ជោ​​មាន​​ប្រតិ​កម្ម​​ជុំ​វិញ​​ថេ​ប​វី​ដេ​អូ​​នៃ​​ការ​​ព្រួត​​វាយ​ដំ​​ប្ដី​-​ប្រពន្ធ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ការធ្លាញ​ចេញ​នូវ​ថេប​វីដេ​អូ​ស្តី​ពី​ការព្រួត​គ្នា​វាយ​ដំ​ទៅ​លើ​ស្ត្រី​ម្នាក់​ហើយ​​ពេលបុរស​​ជាប្តី​បាន​ចូល​ទៅ​ជួយ​​​ប្រពន្ធ​ដែល​គេ​ធ្វើ​បាប ​ក៏​ត្រូវ​ព្រួត​វាយ​​ផង​នោះ​បាន​ធ្វើ​​ឱ្យ​​ម​ជ្ឈ​ដ្ឋាន​នានា​មាន​ការ​ថ្កោល​ទោស​ ​ដែល​ក្នុង​នោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​មាន​ប្រតិ​កម្ម​ផងដែរ កាលពី​​ព្រឹក​ថ្ងៃទី​២៩ មករា ​​ដោយ​បាន​ចាត់​ទុក​ថាអំពើ​ហិ.ង្សា​នោះ​សាហា.វ​​ព្រៃ​ផ្សៃ​ណាស់​​របៀប​ហ្នឹង ​។ សម្តេច​តេជោ​​​សង្កាត់ធ្ងន់ថា ​រឿង​ទាំង​អស់​នេះ​មិន​ត្រូវ​ឱ្យ​មាន​ភាព​

រាជ​ធានីភ្នំពេញ ៖ ការធ្លាញ​ចេញ​នូវ​ថេប​វីដេ​អូ​ស្តី​ពី​ការព្រួត​គ្នា​វាយ​ដំ​ទៅ​លើ​ស្ត្រី​ម្នាក់​ហើយ​​ពេលបុរស​​ជាប្តី​បាន​ចូល​ទៅ​ជួយ​​​ប្រពន្ធ​ដែល​គេ​ធ្វើ​បាប ​ក៏​ត្រូវ​ព្រួត​វាយ​​ផង​នោះ​បាន​ធ្វើ​​ឱ្យ​​ម​ជ្ឈ​ដ្ឋាន​នានា​មាន​ការ​ថ្កោល​ទោស​ ​ដែល​ក្នុង​នោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​មាន​ប្រតិ​កម្ម​ផងដែរ កាលពី​​ព្រឹក​ថ្ងៃទី​២៩ មករា ​​ដោយ​បាន​ចាត់​ទុក​ថាអំពើ​ហិង្សា​នោះ​សាហាវ​​ព្រៃ​ផ្សៃ​ណាស់​​របៀប​ហ្នឹង ​។ សម្តេច​តេជោ​​​សង្កាត់ធ្ងន់ថា ​រឿង​ទាំង​អស់​នេះ​មិន​ត្រូវ​ឱ្យ​មាន​ភាព​សាហាវ​ឃោរ​ឃៅ​របៀប​ដូច្នេះ​ទៀត​​ទេ ។ ខុស​ត្រូវ​អ្វី​ត្រូវ​​និយាយ​គ្នា ​។ ​ស្ថាន​ភាពបែប​នេះ​ជាស្ថា​ន​​​​ភាព​​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ។

ទោះ​បី​ប្រតិ​កម្ម​របស់​សម្តេច​តេជោ​បង្ហាញ​នូវចំណាប់​អារម្មណ៍​យ៉ាង​ខ្លី​​មែន​ពិត ប៉ុន្តែ​​​គឺគ្រប់​គ្រាន់​​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​ស្ថានភាព​​ឃោរ​ឃៅ​​ដែល​បាន​កើត​ឡើង​​នោះ​ ។

​ចំពោះ​មជ្ឈ​ដ្ឋាន​នានា​​បាន​​បញ្ចេញ​ទស្សនៈ​​​ថា ​​អំពើ​ហិង្សា​ជា​អំពី​ព្រៃ​ផ្សៃ​​​ មិនមែន​ជាអំពើ​សម្រាប់​ការដោះ​ស្រាយ​​វិវាទ​នោះ​ទេ ​។ មាន​តែ​ការងាក​ទៅ​រក​ការ​សម្រុះ​សម្រួល​គ្នា ​ឬ​បើ​មិន​អាច​ទៅរួច​ទេនោះ​ ​​មាន​​តែ​ផ្លូវ​តុលាការ​​មួយគត់​ដែលគប្បី​ប្រកាន់​យក​​​ដើម្បី​​យុត្តិធម៌​ ។ ប៉ុន្តែ​​ផ្ទុ​យទៅ​​វិញ​ហិង្សា​មួយ​ចំនួន​តែង​បាន​កើតឡើង​ ដែល​ហិង្សា​ខ្លះ​មិន​អាច​​អនុគ្រោះ​​បានឡើយ​ ។

ជុំ​វិញ​​បញ្ហា​ខាង​លើ​នេះ​ អំពើ​ហិង្សា​មួយ​ដែល​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃទី​២២ ​មករា ​សប្តាហ៍​​កន្លង​មក​ ​រឿង​ទំនាស់​រុះ​រើ​របង​ផ្ទះ​​គេ​បានឈាន​ទៅ​ព្រួត​​គ្នាវាយ​ដំ​លើ​ភាគី​ជម្លោះ​បណ្តាល​ឱ្យ​រងរបួស ​ហើយ​សកម្ម​ភាព​ដែល​បានកើត​ឡើង​​នោះ​ក៏​ត្រូវ​បាន​ថត​ ជា​​ថេប​វីដេ​អូ​ផងដែរ ​និង​បាន​ភ្ជាប់​ក្នុង​ពាក្យ​បណ្តឹង​បញ្ជូន​​​​​ទៅ​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ។

​តាម​ពិត​​​ទៅ​​បាតុ​ភាពដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​២២ មករា ​ហើយ​ទើប​បែក​ធ្លាយ​នា​ចុង​ខែមករា​នេះ ដោយ​សារ​តែ​ព័ត៌​មាន​​នោះ​ត្រូវ​បាន​បិទ​បាំង​​ជិត​ហើយ​​ទំនង​ជាមាន​ការ​ឃុប​ឃិត​គ្នា​មួយ​នៅ​ក្នុង​ចំណោម​រដ្ឋ​អំណាច​មូល​ដ្ឋាន​​​ ។ ​ទោះបីជា​បែបណា​ ដំរី​ងាប់​មិន​អាច​​​យក​ចង្អេរ​ទៅ​បិទ​បាំង​​​ជិត​​ឡើយ ខណៈ​​​ពេល​ដែល​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​​ជូន​ដល់​​ ​​​ព្រះ​រាជ​​​អាជ្ញា​​អម​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​ ចុះ​​ថ្ងៃទី​២៤ មករា ​ឆ្នាំ​២០១៣ ។ ​

យោង​តាម​ពាក្យ​បណ្តឹង​របស់លោក​ហេង​ សេង​ហាវ​ ​ជា​ប្តី​និង​អ្នក​ស្រី​អ៊ុយ ឈាង​​អេង ​ជា​​​​​​​ប្រពន្ធ​ដែល​មាន​ទី​លំ​នៅផ្ទះ​លេខ​១១៥ ផ្លូវ​លេខ​៣៧១ ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មានជ័យ​​បាន​ប្តឹង​អ្នកស្រី​លឹម ​ប៉ាក់​ជូ​ និងកូន​របស់​គាត់​ ព្រម​ទាំង​បក្ស​ពួក​៨​នាក់​​ផ្សេងទៀត​ ដែលបានរុះ​រើ​បំផ្លាញ​របង​ផ្ទះ​របស់គាត់ និង​បង្ក​របួស​ស្នាម​ដោយ​ការ​ព្រួត​គ្នា​​​វាយ​​ដំ​ទាត់​​ធាក់​​​​ដោយ​ហិង្សា ​។ អ្នក​ដែលត្រូវ​បាន​ប្តឹង​​នេះ​តាម​​ពាក្យ​បណ្តឹង​​ឱ្យដឹងថា ឈ្មោះ​លឹម ​ប៉ាក់​ជូ ​ភេទ​ស្រី ​​មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ​១៩៩ មហា​វិថី​ម៉ៅ​សេ​ទុង សង្កាត់​ទួ​លស្វាយ​ព្រៃ​ទី​១  ​ខណ្ឌ​ចំការ​មន ។

តាម​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា ​កាលពី​ថ្ងៃទី​២២ មករា ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​​អ្នក​ស្រី​​លឹម ​ប៉ាក់​ជូ ​និងកូន​ប្រុស​​​របស់​​គាត់​(​មិនស្គាល់​ឈ្មោះ​) បានបញ្ជា​ឱ្យ​បក្ស​ពួក​របស់ខ្លួន​មក​បំផ្លិច​បំផ្លាញ​របង​ឈើ​ និង​ស័ង្កសី ដោយ​ប្រើ​ប្រាស់​កាំបិត​, ផ្គាក់ ​អេស្កា​វាទ័រ ​កន្ត្រៃ​កាត់ដែក ខ្សែ​ និង​ដែក​គាស់ ​ដែល​គាត់​បានធ្វើ​​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​មកហើយ ។ ​នៅ​ពេល​​​​ឈ្មោះ​លឹម ​ប៉ាក់​ជូ ​ព្រម​ទាំងកូនប្រុស ​និង​បក្ស​ពួក​​កំពុង​ធ្វើ​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​​របង​នេះ ​​​​​​ក៏​មាន​ចៅ​សង្កាត់​​រង​បឹង​ទំពុន និង​​មន្ត្រី​សង្កាត់​៣​ទៅ​៤​នាក់​ទៀតបាន​មក​ឃាត់​សកម្ម​ភាព​​បំផ្លិច​​បំផ្លាញ​នេះ​ដែរ ​តែឈ្មោះ​លឹម ​ប៉ាក់​ជូ នេះ ​ព្រម​ទាំង​កូន​ប្រុស​​ និងបក្ស​ពួក​​មួយ​ក្រុម​​មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​ឡើយ ។ ​រហូតដល់​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ គាត់​(អ៊ុយ ឈាង​អេង)​ បាន​ទៅ​​ឃាត់​ឱ្យ​បញ្ឈប់​សកម្ម​ភាព​បំផ្លាញ​របង​ផ្ទះ​​គាត់​ទៀត ។ ​នៅ​ពេល​នោះ​ស្រាប់​តែបក្ស​ពួក​ក្រោម​បញ្ជា​​របស់​ឈ្មោះ​លឹម ប៉ាក់​ជូ ​និងកូន​ប្រុស ​បាន​ទាញ​អូស​គាត់​ទីណាត់​ទីណែង​ចូល​ដី​របស់​ខ្លួន​​​បង្ក​​ឱ្យ​របួសដៃ​ ជើង និងពកក្បាល ​។ ​ភ្លាម​ៗ​នោះ​លោក​ហេង ​សេង​ហាវ ​ជាប្តី​ ពេល​ឃើញប្រពន្ធ​​ស្ថិត​​​ក្នុងស្ថាន​ភាព​​គេ​ចោម​​ចាប់​អូស​ប្រទាញ​ប្រទង់​នោះ​ក៏​បាន​ទៅជួយ​ដោយ​ស្រែក​ឱ្យ​ពួក​ទាំង​នោះ​ឈប់​ធ្វើ​បាប​ប្រពន្ធ​គាត់​​ ស្រាប់​តែ​គ្នា​គេ​ម្នាក់​ទៀត​បាន​ទៅ​រុញ​​​គាត់​​​ពី​ក្រោយ​ដួល ​ព្រម​ទាំង​មាន​បក្ស​ពួក​មួយ​ក្រុម​ទៀត ​សុទ្ធ​តែ​ជើង​ខ្លាំង​មក​ចោម​រោម​ចាប់គាត់​ខ្លះ​សង្កត់​ក ខ្លះ​ជាន់ដើម​​ទ្រូង​ ខ្លះ​​​ចង​ដៃ​ជើង​ ហើយ​កូន​ប្រុស​របស់ឈ្មោះ​លឹម ​​បាក់​ជូ ​បាន​វ៉ៃ​ត្រូវភ្នែក​​ ដើម​ទ្រូង​​​​និងចាប់​អូសគាត់​ បណ្តាល​ឱ្យ​របួស​ដៃ​និង​ជើង ​។ ពេល​នោះ​​​អ្នក​ជិត​ខាង​ជាច្រើ​​ននាក់ ​បាន​​ឃើញ​ក៏​​​ស្រែក​ឆោ​ឡោ​ឱ្យលែង​ ​ទើប​ពួក​ទាំង​នោះ​ឈប់​ធ្វើ​បាប​២​នាក់​ប្តី​-ប្រពន្ធ​គាត់ ។

​តាម​​បណ្តឹង​បាន​ចោទថា ​ទង្វើ​របស់​ឈ្មោះ​​លឹម ​ប៉ា​ក់​ជូ ​និងកូន​ប្រុសគាត់​ ព្រមទាំង​​​បក្ស​ពួក​ទាំង​៨​នាក់​នេះ ពិតជា​សាហាវ​ឃោរ​ឃៅព្រៃ​ផ្សៃ​​​​បំផុត​មក​លើ​ជីវិត​មនុស្ស​ក្រី​ក្រ​​​ជាង​ខ្លួន​​ ​​និ​ង​បំពាន​ច្បាប់​ធ្ងន់ធ្ងរ ​ធើ្វ​បាប​អ្នក​ទន់​ខ្សោយ​​ ​និង​មាន​ថេប​វីដេ​អូ​​បង្ហាញ​ផងដែរ​ពីហេតុ​ការណ៍​នេះ ។ ​តាម​រូបភាព​វីដេ​អូ គេឃើញ​ស្ត្រី​ម្នាក់​​មាឌ​ធំ​ យក​ដុំ​ថ្ម​ដេញ​គប់​​អ្នក​ឈរ​ថត​​​ច្រើន​ដង ព្រម​ទាំង​ស្រែក​​ជេរ​មិន​ឱ្យ​ថត​ទៀត​ផង ​ធ្វើដូច​ស្រុក​អត់​ច្បាប់ ឬ​ធ្វើ​ដូច​រស់​នៅ​ក្នុង​ព្រៃ​​គ្មាន​អ្នក​ណា​ដឹង​​ ។

​បណ្តឹង​ដដែល​​សូម​ឱ្យ​តុលា​ការ​ផ្តន្ទាទោស​ឈ្មោះ​លឹម ​ប៉ាក់​ជូ​​និង​កូន​ប្រុស​គាត់ ព្រម​ទាំង​បក្ស​ពួក​៨​នាក់​ទៀត​ តាម​ច្បាប់​និង​ទាម​ទារ​ការ​ខូច​​ខាត​ និងជំងឺចិត្ត​៥០.០០០​ដុល្លារ ​(ប្រាំម៉ឺន​ដុល្លារ​អាមេរិក​) ផងដែរ ។

អ្នក​ច្បាប់​​មួយ​ក្រុម​​នៅ​សាលា​ដំបូង​​រាជ​ធានី​​បាន​ឱ្យដឹង​​ថា ​វីដេ​អូ​ដែលបាន​ថត​ពី​បាតុ​ភាព​ព្រៃ​ផ្សៃ​នេះ​​បាន​ធ្វើ​ឱ្យ​លោក​​បណ្ឌិត​ ជីវ​ កេង ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​ចាត់ការ​រឿង​​​ក្តី​នេះជា​បន្ទាន់​​ ព្រោះ​​​​ការ​រំលោភ​បំពាន​លើ​អ្នក​ទន់​ខ្សោយ​បែប​នេះ​ គឺជាអំ​ពើ​​ព្រៃ​ផ្សៃ​​មួយ​ដែល​​​មិនអាច​ទទួល​យក​បាន​ឡើយ ។ អ្នក​ច្បាប់​​ដដែល​នេះ​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​បន្ទាប់ពី​មាន​កើតឡើង​នូវ​​​ហិង្សា​​យ៉ាង​ព្រៃ​ផ្សៃ​ផ្ទាល់​​ភ្នែក​បែប​នេះ​​ហើយ ​បែរ​ជា​សមត្ថកិច្ច​មូល​ដ្ឋាន​​មាន​សង្កាត់​ ប៉ុស្តិ៍​​និង​ខណ្ឌ​ មិន​បានធ្វើ​​​​​រ​​បាយ​ការណ៍​​​ដាក់​មក​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​​​​ទេ ​​បើ​​កុំ​មាន​ពាក្យ​បណ្តឹង​របស់​​​ប្តី​ប្រពន្ធ​រង​​​គ្រោះ​ ទើប​តុលាការ​ដឹង​រឿង​ ហើយ​បើ​និយាយ​ឱ្យ​ចំ​សង្ស័យ​​​មាន​ការត្រូវ​រ៉ូវ​គ្នា បិទរឿង​នេះ​ចោល​តែ​ម្តង ។

តា​ម​ប្រភព​ព័ត៌​មាន​​ថា ស្ត្រី​ជា​ប្រពន្ធ​​ដែល​​​រង​​គ្រោះ​ជាស្ត្រី​កូន​ខ្ចី​ផងដែរ ​។ អ្វី​ដែល​​គួរ​កត់​សម្គាល់​​ថែម​ទៀត​នោះ​​គឺ​អ្នក​លួច​ថតសកម្ម​ភាព​ហិង្សា​នេះ​ក៏​ត្រូវ​​ស្ត្រីជាប់​ចោទ​​​​​រើស​យក​ដុំ​​ថ្ម​ដេញ​​គប់​ហុយ​ដី​ទៀត​ផង​ ។

ក្នុង​​ហេតុ​ការណ៍​នេះដែរ ​​មានសាក្សី​ច្រើន​​នាក់​ខាងភាគី​អ្នកស្រី​ លឹម ប៉ាក់ជូ ​បានប្រាប់​កោះ​​​សន្តិ​ភាព​​​ថា វា​ជា​រឿង​ទំនាស់​ព្រំដី ។ ភាគី​អ្នក​​ស្រីលឹម ប៉ាក់​ជូ ​ចោទ​ថា ​ភាគី​ខាងលោក​ ហេង សេង​ហាវ ​​បាន​ធ្វើ​របង​រំលោភ​លើ​ព្រំដី​​គាត់​​ប្រវែង​ជិត​មួយ​ម៉ែត្រ​ ។ គាត់​បាន​សុំ​ឱ្យ​រុះ​របងចេញ​​ ​ធ្វើ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្លង់​ដី​ ប៉ុន្តែ​​​ភាគី​​ខាង​លោក​ ហេង ​សេងហាវ ​មិន​ព្រម​រុះ​ទេ ។ ​ដោយ​​​សារមិនព្រម​រុះ​របង​ចេញ​ ទើប​ភាគី​ខាង​​អ្នកស្រី​លឹម ប៉ាក់ជូ ​សម្រេច​ចិត្ត​​ប្រមូល​កម្លាំង​រុះ​ចោល​ ​ដើម្បី​ធ្វើ​របង​ថ្មី​អំពីបេតុង​​ទើប​កើត​ជា​រឿង​ធំ​បែប​នេះ ។

សាក្សី​ដដែល​និយាយ​ថា ​ពេល​រុះ​របង​នោះ ភាគី​​ខាង​លោក​ ហេង សេងហាវ ​កាន់​កាំបិត​ប៉ង​ដេញ​កាប់​ និងមាន​ជះ​ទឹក​ក្តៅ​ដាក់​អ្នក​រុះ​រើ​​ ទើប​ក្លាយ​ទៅ​ជា​ការ​ប្រវាយ​ប្រតប់​​គ្នា​ ​ដែល​ម្ខាង​​​​មាន​គ្នា​២នាក់ប្តីប្រពន្ធ​ ម្ខាង​ទៀត​មានគ្នា​ប្រហែល​១០​នាក់ ​លើកគ្នា​ត​ទល់​ការពារ​ខ្លួន ទើប​ក្លាយ​ជា​ហិង្សា​ដ៏​អាក្រក់ មិន​គួរ​​កើតមាន​ក្នុងសង្គម​បច្ចុប្បន្ន​នេះ​ឡើយ ។ ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ មាន​តែ​តុលាការ​ទេ ដែល​មាន​«ជញ្ជីង​យុត្តិ​ធម៌​»សម្រាប់​វិនិច្ឆ័យ ៕